ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​​ដែល​​បង្អត់​អាហារ​ខ្លួន​ឯង​នៅ​អេហ្ស៊ីប


រូបឯកសារ៖ សកម្មជន​សិទ្ធិមនុស្ស​លោក Alaa Abdel Fattah នៅ​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង Cairo ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩។ ​គ្រួសារ​របស់​លោក​ថា​ លោក​បាន​ឈប់​ផឹកទឹក​តាំង​​ពី​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈ​ដែល​មេដឹកនាំ​ពិភពលោក​បាន​ទៅ​ដល់​​អេហ្ស៊ីប​ដើម្បី​ចូលរួម​កិច្ចប្រជុំ COP27។
រូបឯកសារ៖ សកម្មជន​សិទ្ធិមនុស្ស​លោក Alaa Abdel Fattah នៅ​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង Cairo ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩។ ​គ្រួសារ​របស់​លោក​ថា​ លោក​បាន​ឈប់​ផឹកទឹក​តាំង​​ពី​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈ​ដែល​មេដឹកនាំ​ពិភពលោក​បាន​ទៅ​ដល់​​អេហ្ស៊ីប​ដើម្បី​ចូលរួម​កិច្ចប្រជុំ COP27។

ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លោក Volker Tuerk បាន​ជំរុញ​អាជ្ញាធរ​ប្រទេស​អេហ្ស៊ីប​ឱ្យធ្វើការដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ម្នាក់​ ដែល​ជីវិត​របស់​លោក​កំពុង​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​បន្ទាប់​ពី​បាន​ធ្វើកូដកម្ម​បង្អត់​អាហារអស់​រយៈ​ពេល៧ខែមក​ហើយ។

សកម្មជន​ការពារសិទ្ធិ​មនុស្ស​សញ្ជាតិ​អង់គ្លេស​ដែល​មាន​ដើម​កំណើត​អេហ្ស៊ីប​ លោក Alaa Abdel Fattah បាន​ក្លាយ​ជា​បន្លា​នៅ​ក្នុង​កែវភ្នែក​របស់​ក្រុមអាជ្ញាធរអេហ្ស៊ីបអស់រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ។​ លោក​ត្រូវ​បាន​ចាប់ដាក់​ពន្ធនាគារ​និង​ដោះលែង​ជា​ច្រើន​លើក​ច្រើនសារ​ ដោយសារ​តែ​លោក​បាន​ការពារ​សិទ្ធិ​ស៊ីវិល​និង​ការតវ៉ា​ប្រឆាំង​នឹងការរំលោភ​បំពាន​ដោយ​ក្រុមកង​កម្លាំង​សន្តិសុខរបស់​អេហ្ស៊ីប​នោះ។

លោក Abdel Fattah ពេល​នេះ​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំពី​បទចោទប្រកាន់​ថា​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មានមិន​ពិត។ លោក​បាន​ចាប់ផ្តើម​ធ្វើកូដកម្ម​បង្អត់​អាហារ​ខ្លះៗ​កាលពី​ខែ​មេសា ដើម្បី​ប្រឆាំង​ទៅ​នឹង​ការជាប់​ពន្ធនាគាររបស់​លោក​ក៏​ដូចជា​ស្ថានភាព​ដ៏​ឃោរឃៅនៃ​ការ​ជាប់​ឃុំ​ឃាំងរបស់​លោក​ផង​ដែរ។

អ្នក​នាំពាក្យឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លោក​ស្រី Ravina Shamdasani បាន​និយាយ​ថា​លោក Abdel Fattah ​បាន​បង្កើន​ការធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯងកាល​ពី​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​កន្លង​ទៅ ហើយ​លោក​ស្រី​និយាយ​ថា​ លោកបាន​ឈប់​ហូប​ទឹក​នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា​ដែល​ជា​ថ្ងៃ​ទី១នៃ​សន្និសីទស្តី​ពី​អាកាស​ធាតុ​របស់អង្គការ​សហប្រជាជាតិ​ ដែល​កំពុងប្រព្រឹត្តធ្វើ​ឡើង​នៅ​ក្នុងទីក្រុង Sharm El-Sheikh នៃ​ប្រទេស​អេហ្ស៊ីប។

លោក​ស្រី​បាន​និយាយ​ថា​ស្ថានភាព​សុខភាពរបស់​លោក Abdel Fattah កំពុង​ស្ថិត​ក្នុង​សភាពផុយស្រួយ​ ហើយ​ការធ្វើ​កូដកម្មដោយ​បង្អត់​អាហារ​និង​ទឹក​នោះ​កំពុង​ដាក់​ជីវិត​របស់​លោកឱ្យស្ថិត​ក្នុងស្ថានភាព​ហានិភ័យដ៏​ធ្ងន់ធ្ងរ​មួយ។

លោក​ស្រី Shamdasani បាន​យល់​ស្របថា​ សន្និសីទ​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ COP-27 អាច​ជា​ចំណុច​ដាក់​សម្ពាធ​មួយ​ ស្រប​ពេល​ដែល​មនុស្ស​គ្រប់គ្នា​កំពុង​រង់ចាំ​មើលពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោកJoe Bidenមាន​គម្រោង​នឹង​ទៅដល់​ប្រទេស​អេហ្សីបនៅ​ថ្ងៃ​សុក្រ​នេះ​ហើយ​នឹង​ជួប​ជាមួយ​ប្រធានាធិបតីអេហ្ស៊ីប​លោកAbdel Fattah El-Sisi។

ចេញ​ពី​ប្រទេស​អេហ្ស៊ីប​ លោកប្រធានាធិបតី​អាមេរិកJoe Biden នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ាន​នៅក្នុង​រាជធានី​ភ្នំពេញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG