ទីក្រុង ញូយ៉ក៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបញ្ជាក់ថា ប្រទេសកំពុងអភិវឌ្ឍជាច្រើនមានភាពរីកចម្រើនយ៉ាងខ្លាំងលើវិស័យសុខាភិបាល អប់រំ និងបទដ្ឋានជីវភាពរស់នៅជាមូលដ្ឋាន នៅក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
អ្នកនិពន្ធនៃរបាយការណ៍អភិវឌ្ឍមនុស្សឆ្នាំ២០១០ (2010 Human Development Report) បានបោះមួយជំហានហួសពីការគ្រាន់តែពិនិត្យទៅលើសន្ទស្សន៍សេដ្ឋកិច្ច ដើម្បីវាយតម្លៃ និងចាត់ថ្នាក់ប្រទេស។ ពួកគេសន្មតថា មនុស្សជាធនធានពិតប្រាកដរបស់ប្រទេស។ ដូច្នេះ ក្រៅពីកត្តាសេដ្ឋកិច្ច ក្រុមអ្នកស្រាវជ្រាវសិក្សាពីភាពជឿនលឿនលើវិស័យសុខាភិបាល និងការអប់រំ។
លោកស្រី ហេឡិន ខ្លាក (Helen Clark) មន្ត្រីរដ្ឋបាលនៃកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ ដែលការិយាល័យរបស់លោកស្រី ត្រួតពិនិត្យការសិក្សាប្រចាំឆ្នាំ បាននិយាយអំពីការរកឃើញមួយចំនួនរបស់របាយការណ៍នេះ ដែលរួមមានការពិនិត្យមើលកំណត់ហេតុស្តីអំពីការអភិវឌ្ឍនៃមនុស្សនៅក្នុងប្រទេសចំនួន១៣៥ ចាប់តាំងពីឆ្នាំ១៩៧០មក។ លោកស្រីមានប្រសាសន៍ថា៖
«សរុបមក សព្វថ្ងៃនេះ មនុស្សមានសុខភាពល្អជាងមុន ទទួលការអប់រំល្អជាមុន និងមានទ្រព្យធនច្រើនជាមុន។ នៅទូទាំងសកលលោក ចាប់តាំងពីឆ្នាំ១៩៧០មក យើងឃើញមធ្យមភាគនៃអាយុកាលរបស់មនុស្ស កើនឡើងពី៥៩ឆ្នាំទៅ៧០ឆ្នាំ។ យើងឃើញពីការចុះឈ្មោះចូលរៀនកើនឡើងពី៥៥ទៅ៧០ភាគរយ ហើយប្រាក់ចំណូលរបស់មនុស្សម្នាក់ៗ កើនឡើងទ្វេដងរហូតដល់ជាង១ម៉ឺនដុល្លារជាមធ្យម»។
លោកស្រី ខ្លាក មានប្រសាសន៍ថា ប្រទេសក្រីក្របំផុតមួយចំនួន មានកំណើននៃការអភិវឌ្ឍមនុស្សដ៏អស្ចារ្យ។ លោកស្រីបន្តថា៖
«របាយការណ៍នេះបង្ហាញថា គម្លាតផ្នែកសុខាភិបាល និងអប់រំ រវាងប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍ បានថយចុះគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល៤ទសវត្ស៍ចុងក្រោយនេះ បើទោះជាការបែងចែកប្រាក់ចំណូលមួយចំនួនមានសភាពធ្ងន់ធ្ងរក៏ដោយ»។
ក្រុមអ្នកស្រាវជ្រាវ បានសិក្សាប្រទេសចំនួន១៣៥ ដែលតំណាងឲ្យ៩២ភាគរយ នៃប្រជាពលរដ្ឋពិភពលោក។ ប្រទេសជឿនលឿន ដូចជា ន័រវ៉េ អូស្ត្រាលី ណូវ៉េហ្សេឡង់ អាមេរិក និងអៀរឡង់ នាំមុខចំណាត់ថ្នាក់នេះ។ ប្រទេសដែលបង្ហាញពីការរីកចម្រើនខ្លាំងបំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងទៅក្នុងវិស័យសេដ្ឋកិច្ច សុខាភិបាល និងអប់រំ រួមមានប្រទេសអូម៉ាន ចិន ណេប៉ាល់ ឥណ្ឌូនេស៊ី និងអារ៉ាប់ប៊ីសេអូឌីត។ ហើយប្រទេសដែលស្ថិតក្នុងចំណោមប្រទេសកំពូលទាំង១០ដែរនោះ រួមមានប្រទេសឡាវ ទុយនីស៊ី កូរ៉េខាងត្បូង អាល់ហ្សែរី និងម៉ូរ៉ុកូ។
អ្នកនិពន្ធបានវាស់កម្រិតភាពក្រីក្រ ដោយមិនគ្រាន់តែផ្អែកលើប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែផ្អែកលើកត្តាជាច្រើនទៀត រួមមាន បញ្ហាសុខភាព និងអាហារូបត្ថម្ភដ៏ខ្សត់ខ្សោយ ស្ថានភាពលំនៅដ្ឋានមិនល្អ និងការផាត់ចេញពីសង្គម។ ដោយសារការប្រើប្រាស់វិសាលភាពដ៏ទូលំទូលាយបែបនេះ ការសិក្សាបានសន្និដ្ឋានថា ប្រហែល១ភាគ៣ នៃប្រជាពលរដ្ឋពិភពលោក ដែលមានចំនួនប្រហែល១,៧ពាន់លាននាក់ រស់នៅក្នុងភាពក្រីក្រ។ ចំនួននោះមានច្រើនជាង១,៣ពាន់លាននាក់ ដែលធនាគារពិភពលោកបានប៉ាន់ស្មានថា អាចរកប្រាក់ចំណូលក្នុងមួយថ្ងៃ បានតែ ១,២៥ដុល្លារ ឬតិចជាងនេះ៕
ប្រែសម្រួលដោយលោក លី សុខឃាង