ស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានអំពាវនាវដល់សហភាពអឺរ៉ុបឲ្យទទួលយកជនភៀសខ្លួនពីរនាក់ ដើម្បីជួយសម្រាលលំហូរជនចំណាកស្រុកដែលកំពុងស្ថិតនៅព្រំដែនសហភាពអឺរ៉ុបដែលកំពុងស្វែងរកទីជម្រក។
លោក Antonio Guterres បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះស្នើសុំឲ្យសហភាពអឺរ៉ុបអនុវត្តកម្មវិធីដែលតម្រូវឲ្យមានការចូលរួមរបស់រដ្ឋទាំងអស់របស់សហភាពអឺរ៉ុបដើម្បីជួយជនភៀសខ្លួនដែលត្រូវការការពារនេះ។
លោក Guterres បានមានប្រសាសន៍ថា វិបត្តិជនភៀសខ្លួននឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សហភាពអឺរ៉ុប។ លោកមានប្រសាសន៍ទៀតថា សហភាពអឺរ៉ុប ដែលមានការខ្វែងគំនិតគ្នាលើបញ្ហានេះ នឹងផ្តល់ផលប្រយោជន៍ដល់ក្រុមអ្នករត់ពន្ធនិងជួញដូរមនុស្សតែប៉ុណ្ណោះ។
ក្នុងខណៈនោះដែរ នៅក្នុងទីក្រុង Bicskeនៃប្រទេសហុងគ្រី ជនភៀសខ្លួនរាប់រយនាក់ កំពុងបដិសេធពុំព្រមចុះពីរថភ្លើង ដែលពួកគេបានជិះនៅក្នុងរដ្ឋធានីប៊ុយដាប៉េសដោយសង្ឃឹមថា នឹងធ្វើដំណើរទៅកាន់ប្រទេសអាលឺ្លម៉ង់ ដែលបានប្រកាសថា ខ្លួននឹងទទួលយកការដាក់ពាក្យសុំឋានៈភាពជាជនភៀសខ្លួនចំនួនប្រាំបីសែននាក់។ ក្រុមអាជ្ញាធរហុងគ្រីទទូចថា ពួកគេត្រូវតែចុះឈ្មោះជនចំណាកស្រុកស្របទៅតាមច្បាប់សហភាពអឺរ៉ុប។
ក្រុមមន្រ្តីនៅក្នុងទីក្រុង Bicske និយាយថា មានតែមនុស្ស១៦នាក់គត់បានចុះពីលើរថភ្លើងដោយស្ម័គ្រចិត្ត ដើម្បីចុះឈ្មោះនៅជំរុំជនភៀសខ្លួន ខណៈដែលមនុស្សរាប់រយនាក់ទៀត ស្ថិតនៅលើរថភ្លើងបានស្រែកថា គ្មានជំរុំទេ ហើយត្រូវតែទៅប្រទេសអាល្លឺម៉ង់។
ជនចំណាកស្រុករាប់សែននាក់មកពីប្រទេសស៊ីរី អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ បានខិតខំចាប់តាំងពីខែមករាមកឲ្យបានទៅដល់សហភាពអឺរ៉ុប ដើម្បីព្យាយាមគេចចេញពីសង្គ្រាម និងភាពក្រីក្រដើម្បីសុវត្ថិភាព និងឱកាសផ្សេងៗ៕