ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជអាជ្ញា​បរទេស​អះអាង​ថា​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​សម្រាប់​ករណី​០០២


លោក​ អេនឌ្រូ ខេយលី ​(Andrew Cayley)​សហ​ព្រះរាជ​អាជ្ញា​​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។
លោក​ អេនឌ្រូ ខេយលី ​(Andrew Cayley)​សហ​ព្រះរាជ​អាជ្ញា​​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។

សហ​ព្រះរាជអាជ្ញា​សាលាក្តី​ខ្មែរក្រហម​ភាគី​អង្គការ​សហ​ប្រជាជាតិ​ អះអាង​ពីការ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ជំនុំ​ជម្រះទោស​ជនជាប់ចោទ​ជាអតីត​មេដឹកនាំ​កំពូលៗ​ខ្មែរក្រហម​ចំនួន​បួននាក់​ក្នុង​សំណុំរឿង​០០២​ពី​បទសង្ស័យ​ថាពាក់ព័ន្ធ​ នឹង​អំពើ​ឃាតកម្ម​នានា​ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរជិត​២លាន​នាក់​ស្លាប់​ក្នុង​ទសវត្សរ៍​១៩៧០។​ នេះ​បើតាម​ការអះអាង​របស់​លោក​ អេនឌ្រូ ខេយលី ​(Andrew Cayley)​សហ​ព្រះរាជ​អាជ្ញា​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​ ផ្នែក​ខេមរៈភាសា​ក្នុង​បទសម្ភាស​ជាពិសេស​មួយ​កាលពី​ចុងខែ​មុន។

«ខ្ញុំ​មាន​ន័យ​ថា​សំណុំរឿង​នេះ​មាន​ទម្ងន់​ណាស់​ដើម្បីតតាំង​ជាមួយ​ជនជាប់ ចោទ​ទាំងនេះ​ពីព្រោះតែ​ទំហំ​នៃ​បទឧក្រិដ្ឋ​ដែល​គេ​ប្រព្រឹត្ត។​ មាន​ភស្តុតាង​ជា​ខ្សែភាពយន្ត​ដែល​ភ្ជាប់​ពួកគេ​នឹង​បទឧក្រិដ្ឋ​នៅនឹង​កន្លែង​រួមទាំង​ការបោះពុម្ភ ផ្សាយ​ជាច្រើន​នៃ​របប​ខ្មែរក្រហម​ផង​ ហើយរួម​ទាំង​ភស្តុតាង​ជាឯកសារ​ដែលគេ​បានឃើញ​ផង។​ លោក​ដឹងទេ​ យើង​បាន​និយាយ​សំអាង​លើ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។​ ខ្ញុំ​មាន​ន័យ​ថា​មជ្ឈមណ្ឌល​ នេះមាន​ ឯកសារ​ជិត ​៥ម៉ឺន​កើត​ចេញ​ពី​អំឡុង​ពេលនោះ​ដែល​បង្កើត​ជា​ភស្តុតាង​ពាក់ព័ន្ធដែលយើង​កំពុង​និយាយ»។

លោក Andrew Cayley ​បាន​បន្ថែម​ថា​ជា​អវសាន​ រឿង​នេះ​សម្រេច​លើ​ចៅក្រម​ក្នុង​ការសម្រេច​ថា​តើ​ជនជាប់ចោទ​មានជាប់​ទាក់ទង​នឹង​បទឧក្រិដ្ឋ​ឬទេ។ ពួកគេ​គ្មានទោស​រហូត​ទាល់​តែមាន​ភស្តុតាង​ដាក់ទោស។

«ក្រុម​រដ្ឋអាជ្ញា​យើង​ហៅថា​ភស្តុតាង​ដាក់​បន្ទុក។ យើង​ត្រូវតែ​ផ្តល់​ភស្តុតាង​អំពី​បទឧក្រិដ្ឋ​និង​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​ ដោយមាន​ភស្តុតាង​ជាក់ច្បាស់​ លើសពី​វិមតិ​សង្ស័យ។​ ក៏​ប៉ុន្តែ​ខ្ញុំ​មាន​ក្តី​សង្ឃឹម​ថា​យើង​នឹង​ផ្តល់​ភស្តុតាង​បញ្ជាក់​បាន​ពី​សំណុំ​រឿង​យើង​នៅក្នុង​ពេល​សវនាការ»។

លោក​ Andrew Cayley ​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី​២៦ ​ខែតុលា​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក​ក្នុង​បទសម្ភាស​ជាពិសេស​មួយនៅ​ក្រោយពេល​លោកបាន​ថ្លែង​អំពី​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​ពី​បទឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​ក្រោយ​រយៈពេល​៣០ឆ្នាំ​ ប្រាប់​ក្រុម​និស្សិត​និង​សាស្ត្រាចារ្យ​អាមេរិកាំង​ក្នុង​សាកល​វិទ្យាល័យ​ Rutgers​ រដ្ឋ​ New Jersey។

ជនជាប់ចោទ​៤នាក់​ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃរបប​ខ្មែរក្រហម​ក្នុង​សំណុំរឿង​០០២ មាន​នួន ជា​ បងធំ​ទី២​ ខៀវ សំផន​ ប្រមុខរដ្ឋ​ អៀង សារី​ រដ្ឋមន្ត្រី​ការបរទេស​និង​អៀង ធីរិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ការងារ​ ដែល​សហ​ព្រះរាជអាជ្ញា​បានចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម ផ្សេងៗ​ទៀត​ដែលត្រូវ​ប្រឈមមុខ​នឹង​ការកាត់ទោស​នៅចុងខែ​វិច្ឆិកា​នេះ។

ទោះជា​យ៉ាងណា​ក៏ដោយ​មេធាវី​ម្នាក់​របស់ជនជាប់ចោទ​ឈ្មោះ​ អៀង ធីរិទ្ធ​ គឺ​លោក ​ផាត់​ ពៅស៊ាង​ បានថ្លែង​ប្រាប់​វីអូអេ​ថា​ក្រុម​របស់​លោក​ដែល​ទទួល​មួយ​ផ្នែក​ដែរ​ក្នុង​សំណុំរឿង​ ០០២​ពុំទាន់​ពិចារណា​ទៅលើ​ការចោទ​ប្រកាន់​របស់​សហ ព្រះរាជ​អាជ្ញា​នៅ​ឡើយ​ទេ។​ អ្វី​ដែល​ជា​ការផ្តោត​សំខាន់​ពេលនេះ​គឺ​កូនក្តី​របស់​លោក​ពុំ​អាច​ទទួល​យក​បទចោទ​ប្រកាន់​បាន​ព្រោះ​មាន​ជំងឺ​បាត់​ការចងចាំ ​និង​ការមិនអាច​ដឹង​ពី​ភស្តុតាង​និង​សាក្សី​ដែល​ដាក់បន្ទុក។ លោក​ថ្លែងថា​តុលាការ​ត្រូវតែ​សម្រេច​ថា​តើ​កូនក្តី​របស់​លោក​ពិតជា​មាន​ជំងឺ​មិនអាច​យល់​ពី​ភស្តុតាង​ សាក្សី​មែន​ឬទេ ​មុន​នឹង​ឈាន​ទៅ​រក​ការពិចារណា​រឿង​ភស្តុតាង​និង​សាក្សី​ និង​បញ្ហា​ផ្សេងៗ​ទៀត។

«ព្រោះ​ខាង​ខ្ញុំ​លើក​តែ​ករណី​ថា​កូនក្តី​ខ្ញុំ​មិនមាន​លទ្ធភាព​យល់ដឹង​មិនមាន​លទ្ធភាព​ផ្តល់​សក្ខីកម្ម​ទៅនឹង​អ្វី​ដែល​គេ​ដាក់​បន្ទុក​មកលើ​គាត់។​ ដូច្នេះ​នៅ​ក្នុង​ករណី​ហ្នឹង​តុលាការ​ត្រូវ​ពិចារណា​ថា​ពិតមែន​ឬ​អត់វា​អញ្ចឹង។​ ឧទាហរណ៍​ថា​ចុង​ក្រោយ​បើគេ​និយាយ​ថា​គាត់​មាន​លទ្ធភាព​ចូលរួម​ ខ្ញុំ​នឹង​ចាប់ផ្តើម​ពិចារណា​លើ​ភស្តុតាង​ដាក់បន្ទុក»។

លោក​ថ្លែង​ថា​ លោក​បាន​អាន​មើល​សំណុំរឿង​ច្រើន​ហើយ​តែ​លោក​មិនអាច​ធ្វើ អត្ថាធិប្បាយ​អ្វីច្រើន​ទេ​ ដោយសារ​ខ្លាចប៉ះពាល់​ដល់កិច្ចការ​សម្ងាត់​របស់​ តុលាការ។

មេធាវី​មួយ​រូប​ក្នុង​សំណុំរឿង​០០២​បានអះអាង​ក្នុង​លក្ខខណ្ឌ​ពុំឲ្យ​បញ្ជាក់​អត្តសញ្ញាណ​ដោយខ្លាច​ប៉ះពាល់​ដល់កិច្ចការ​សម្ងាត់​របស់​តុលាការ។​ លោក​ថ្លែង​ថា​បទចោទ​ប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា​អាចមាន​ចន្លោះ​ប្រហោង​ជាច្រើន​ដែល​ពួកគេ​អាចដោះ​បន្ទុក​ដល់​កូនក្តី​គេបាន​នៅពេល​សវនាការ។​ បញ្ហា​ទាំងនោះ​ត្រូវគេ​អះអាង​ត្រួសៗ​ថា​ ភស្តុតាង​ សាក្សីខ្លះ​មានលក្ខណៈ​ខ្សោយ​ មិនអាច​ភ្ជាប់​គ្នា​បាន​រវាង​ភស្តុតាង​និង​បទល្មើស។

ថ្លែង​ប្រាប់​ក្រុមនិស្សិត​និង​សាស្ត្រាចារ្យ​នៅ​ឯ​សាកល​វិទ្យាល័យ​ Rutgers ​ក្នុងរដ្ឋ New Jersey​ អំពីការ​កាត់ទោស​ខ្មែរក្រហម​ លោក​ Andrew Cayley ​បាន​ត្អូញ ត្អែរ​ដែរ​ពី​ការលំបាក​រឿង​ប្រមូល​ភស្តុតាង​ដោយសារ​ឧក្រិដ្ឋកម្ម​ កើតឡើង ក្រោយ​រយៈពេល​៣០ឆ្នាំ​ ដែលមាន​ភស្តុតាង​និងសាក្សី​ច្រើនត្រូវ​ខូចខាត​ បាត់បង់ មនុស្ស​ជា​សាក្សី​សំខាន់ៗ​បានចាក​ចេញពី​ភូមិស្រុក​ ខ្លះស្លាប់​ ក្រោយ​រយៈពេល ៣០ឆ្នាំ​ ដូចជា​លោក​ វ៉ាន់ ណាត​ អ្នករួច​ជីវិត​ពី​គុកទួលស្លែង​ខ្មែរក្រហម​ជាដើម។ តែ​លោក​ Cayley​ នៅតែ​សង្ឃឹម​ថា​នឹង​អាច​ដាក់បន្ទុក​លើ​ជនជាប់​ចោទ​បាន​ក្នុង​សំណុំរឿង​០០២។

លោក ​ហុង​ គឹមសួន​ មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី​និង​ជន​រងគ្រោះ​បានថ្លែង​ថា លោក​មាន​ជំនឿ​ថា​ភស្តុតាង​សាក្សី​ដែល​សហ​ព្រះរាជ​អាជ្ញា​បានប្រមូល​គឺ​លើស ពី​គ្រប់គ្រាន់។​ លោក​ចាត់ទុក​ថា​ការអះអាង​របស់​មេធាវី​ជនជាប់ចោទ​ខ្លះ​គ្រាន់តែ ជា​ការ​ការពារ​ផលប្រយោជន៍​ដល់​កូនក្តី​គេតែ​ប៉ុណ្ណោះ។

«ភស្តុតាងសាក្សី​ ជា​ឯកសារ​ក៏ដោយ​ ជា​សំឡេង​ ជា​រូបភាព​ក៏ដោយ​បូក​ជាមួយ អ្នកជំនាញ​នៃ​ប្រវត្តិសាស្ត្រ​ដែលគេបាន​ធ្វើ​តាំងពី​សំណុំរឿង​០០១​មក​នោះ​គឺ ខ្ញុំ​គិត​ថា​ វា​គ្រប់គ្រាន់​ឬ​ក៏​វា​ច្រើន​ហើយ​ វាលើស​ពី​ការ​សង្ស័យ​ទៅ​ទៀត»។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ចាប់ផ្តើម​កាត់ទោស​ជនជាប់​ចោទ​រយៈពេល​ជាង ៣០ឆ្នាំ​ ក្រោយពី​ឧក្រិដ្ឋកម្ម​កើតឡើង​ ហើយ​ក្រោយពេល​ដែល​ប៉ុល ពត​ដែលជា ស្ថាបនិក​របប​ខ្មែរក្រហម​បានស្លាប់៕

XS
SM
MD
LG