គណៈកម្មការពិសេសស្វែងរកការពិតរបស់អង្គការសហប្រជាជាតិបានជំរុញបណ្ដាប្រទេសនានាឲ្យកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងយោធាមីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីឲ្យយោធាមីយ៉ាន់ម៉ាមានការទទួលខុសត្រូវរឿងរំលោភសិទ្ធិមនុស្សដែលធ្វើចំពោះជនជាតិភាគតិចរូ៉ហ៊ីងយ៉ាកាន់សាសនាឥស្លាម។
គណៈកម្មការពិសេសនេះ ពីមុនបានចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាបានប្រព្រឹត្តិអំពើឃោរឃៅជាច្រើន «ក្នុងគោលបំណងប្រល័យពូជសាសន៍» នៅក្នុងអំឡុងពេលបង្ក្រាបលើជនជាតិរូ៉ហ៊ីងយ៉ា កាលពីខែសីហា ឆ្នាំ ២០១៧។
ជនជាតិភាគតិចរូ៉ហ៊ីងយ៉ា ជាង ៧ សែននាក់ នៅរដ្ឋ Rakhine ភាគពាយ័ព្យប្រទេសបានគេចឆ្លងព្រំដែនទៅកាន់ប្រទេសបង់ក្លាដែស ដើម្បីគេចពីការបង្ក្រាបនេះ ដែលការបង្ក្រាបនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារលើប៉ុស្តិ៍សន្តិសុខមីយ៉ាន់ម៉ា ដែលធ្វើឡើងដោយពួកបះបោររូ៉ហ៊ីងយ៉ា។
អំពើឃោរឃៅដែលយោធាមីយ៉ាន់ម៉ាធ្វើលើជនជាតិភាគតិចរូ៉ហ៊ីងយ៉ា ដែលបង្ហាញឡើងតាមការសម្ភាសន៍ជាមួយនឹងជនភៀសខ្លួនរូ៉ហ៊ីងយ៉ា រាប់រយនាក់ មានដូចជាការរំលោភជាក្រុម ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការដុតភូមិទាំងមូលជាដើម។
លោក Christopher Sidoti ដែលជាមេធាវីការពារសិទ្ធិមនុស្សជនជាតិអូស្ត្រាលី និងជាសមាជិកម្នាក់នៃគណៈកម្មការនេះ បានបញ្ជាក់ថា៖
«ដោយសារតែមានភាពឃោរឃៅធ្ងន់ធ្ងរកាលពីអតីតកាល និងមានការរំលោភច្បាប់បន្តធ្វើឡើង យើងត្រូវផ្ដោតការយកចិត្តទុកដាក់លើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់យោធាមីយ៉ាន់ម៉ា ដើម្បីកំណត់ថាតើនរណា និងអ្វីដែលយើងគួរសំដៅលើ»។
គណៈកម្មការអង្គការសហប្រជាជាតិនេះបានអំពាវនាវឲ្យមានការកាត់ទោសឧត្ដមសេនីយ៍យោធាកំពូលៗរបស់មីយ៉ាន់ម៉ា ដែលក្នុងនោះមានទាំងអគ្គមេបញ្ជាការយោធាលោកឧត្ដមសេនីយ៍ Min Aung Hlaing ផងដែរ ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម៕