ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​បើក​សម័យ​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​អង្គារ​នេះ


ស្លាក​សញ្ញា​កិច្ចប្រជុំ​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៥ ដែល​ត្រូវ​ធ្វើ​អនឡាញ​ទាំងស្រុង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ទីក្រុង​ញូវយ៉ក ថ្ងៃ​ទី ២០ ខែកញ្ញា ឆ្នាំ២០២០។
ស្លាក​សញ្ញា​កិច្ចប្រជុំ​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៥ ដែល​ត្រូវ​ធ្វើ​អនឡាញ​ទាំងស្រុង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ទីក្រុង​ញូវយ៉ក ថ្ងៃ​ទី ២០ ខែកញ្ញា ឆ្នាំ២០២០។

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៧៥ ឆ្នាំ មេដឹកនាំ​របស់​ប្រទេស ១៩៣ ដែល​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ នឹង​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​ពួកគេ​នៅ​ថ្ងៃ​បើក​សម័យ​ប្រជុំ​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ តាម​រយៈ​សារ​ជា​វីដេអូ ជា​ជាង​ថ្លែង​ដោយ​ផ្ទាល់ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

សម័យ​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ នឹង​ចាប់ផ្ដើម​ជាមួយ​សារ​ជា​វីដេអូ​ថត​ទុក​ជា​មុន​របស់​ប្រធានាធិបតី​ប្រេស៊ីល​លោក Jair Bolsonaro ដែល​ជា​ការ​រក្សា​ទម្លាប់​រាប់​ទសវត្សរ៍​មក​ហើយ ដែល​បាន​បង្កើត​ដំបូង​ក្នុង​ទសវត្សរ៍ ១៩៤០។

អ្នក​ថ្លែង​សុន្ទរកថា​បន្ទាប់​គឺ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ម្ចាស់​ផ្ទះ​របស់​អង្គការ​សហប្រជាជាតិ។ មេដឹកនាំ​លេចធ្លោ​ផ្សេង​ទៀត​លើ​ពិភពលោក ដែល​សារ​ជា​វីដេអូ​ថត​ទុក​របស់​ពួកគេ​នឹង​ត្រូវ​ចាក់ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ​រួមមាន ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ប្រធានាធិបតី​ចិន​លោក Xi Jinping ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron។

អ្នក​ដែល​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​មហាសន្និបាត​នេះ ដើម្បី​ទស្សនា​វីដេអូ​ដែល​បាន​ថត​ទុក​ទាំង​នេះ គឺ​ប្រេសិត​តំណាង​ប្រទេស​នីមួយៗ ប្រេសិត​តំណាង​សហភាព​អឺរ៉ុប និង​ប្រេសិត​តំណាង​បុរី​វ៉ាទីកង់ រួម​ទាំង​ប្រេសិត​តំណាង​ដែនដី​ប៉ាឡេស្ទីន​ដែល​ចូលរួម​ក្នុង​នាម​ជា​អ្នក​អង្កេត​ការណ៍ មិនមែន​ជា​សមាជិក​ផងដែរ។ អ្នក​ចូលរួម​ដោយ​ផ្ទាល់​ទាំង​អស់​នេះ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​គ្នា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG