ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុត្តិធម៌​នៅ​តែ​មិនទាន់​មាន​សម្រាប់​ជន​រងគ្រោះពី​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​នៅ​ហ្វីលីពីន


រូបឯកសារ៖ សាច់ញាតិ​របស់​ជនរងគ្រោះដែល​ត្រូវ​បាន​សម្លាប់​​នៅ​ក្នុង​ប្រតិបត្តិការ​កម្ចាត់​គ្រឿងញៀន​របស់​អតីត​ប្រធានាធិបតីហ្វីលីពីន​លោក Rodrigo Duterte ប្រារព្ធ​ពិធី​គោរពវិញ្ញាណក្ខន្ធ​ដល់​ពួកគេ​នៅ​ព្រះវិហារ​គ្រិស្ដ​មួយ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ សាច់ញាតិ​របស់​ជនរងគ្រោះដែល​ត្រូវ​បាន​សម្លាប់​​នៅ​ក្នុង​ប្រតិបត្តិការ​កម្ចាត់​គ្រឿងញៀន​របស់​អតីត​ប្រធានាធិបតីហ្វីលីពីន​លោក Rodrigo Duterte ប្រារព្ធ​ពិធី​គោរពវិញ្ញាណក្ខន្ធ​ដល់​ពួកគេ​នៅ​ព្រះវិហារ​គ្រិស្ដ​មួយ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

ការិយាល័យ​សិទ្ធិមនុស្ស​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​មួយ នៅ​ឆ្នាំ ២០២០ ជាមួយ​ប្រទេស​ហ្វីលីពីន​ ដោយ​សង្ឃឹម​ថា​នឹង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​របស់​រដ្ឋាភិបាល​ហ្វីលីពីន។ តែ​ជា​អកុសល គោលដៅ​ដែល​បាន​ចែង​ពី​ការ​ការពារ​និង​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​នេះ​បាន​បរាជ័យ​មួយ​ភាគធំ។

អ្នកស្រី Nada Al-Nashif ឧត្តមស្នងការ​ជាន់ខ្ពស់​ស្តី​ទី​ផ្នែក​សិទ្ធិ​មនុស្ស​ និយាយ​ថា រដ្ឋាភិបាល​ហ្វីលីពីន​បាន​ចាត់វិធានខ្លះ​ដើម្បី​ធានា​នូវការទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​រំលោភបំពាន​សិទ្ធិមនុស្ស។ ប៉ុន្តែ​អ្នកស្រី​កត់​សម្គាល់​ថា សម្រាប់​ជន​រងគ្រោះ ការ​ទទួល​បាន​យុត្តិធម៌​នៅ​តែ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

​អ្នកស្រី​ថ្លែង​ថា៖ «ឆន្ទៈ​របស់​ជនរងគ្រោះ​ក្នុង​ការ​ចូលរួម​ស្វែងរក​យុត្តិធម៌​ក៏​បាន​រង​ផល​ប៉ះពាល់​ផងដែរ ​ដោយសារ​កង្វះ​ការ​គាំទ្រ ការ​ការពារ និង​ភាព​ភ័យខ្លាច​នឹង​ការ​សងសឹក​ជាដើម។ ស្រប​ពេល​តួលេខ​ផ្លូវការ​បង្ហាញ​ថា ទោះ​សកម្មភាព​សម្លាប់មនុស្ស​នៅ​ក្នុងប្រតិបត្តិការ​ប្រយុទ្ធ​នឹង​គ្រឿងញៀន​បាន​ថយចុះ​ក្តី​ ក៏​ការិយាល័យ​យើង​នៅតែ​បន្ត​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ករណី​ចោទប្រកាន់​ពី​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ផ្លូវ​ច្បាប់ និង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ ដោយ​នគរបាលជាតិ​ហ្វីលីពីន»។

អង្គការ​សិទ្ធិ​មនុស្ស​នានា​អះអាង​ថា មនុស្សជាង ២​ ម៉ឺន​នាក់​ ត្រូវ​បាន​សម្លាប់​ចាប់តាំង​ពី​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ចូលកាន់​តំណែង​កាល​ពីឆ្នាំ ២០១៦ មក ហើយបាន​ធ្វើ​ «សង្គ្រាម​ប្រឆាំង​នឹង​គ្រឿងញៀន»។

អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស​ (Human Rights Watch) និយាយ​ថា យ៉ាង​ហោច​ណាស់​ ការ​សម្លាប់​ចំនួន ២.៥៥៥​ ករណី ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កងកម្លាំង​នគរបាលជាតិ​ហ្វីលីពីន។ អ្នកស្រី Al-Nashif កត់សម្គាល់​ថា គណៈកម្មាធិការ​អន្តរ​ភ្នាក់ងារ​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​មើល​ប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន​ចំនួន ៥.៦៥៥ ​ករណី​ ដែល​មាន​ករណី​ស្លាប់​នៅ​ក្នុង​នោះ។ ប៉ុន្តែ​អ្នកស្រី​បាន​លើកឡើង​ថា គ្មាន​ករណី​ណា​មួយត្រូវ​បាន​ស៊ើបអង្កេត​ដោយ​គណៈកម្មាធិការ​នេះ ដែល​នាំ​ឲ្យ​មាន​ការ​ផ្តន្ទាទោស​នោះ​ឡើយ។

​អ្នកស្រី​ថ្លែង​ថា៖ «ជនរងគ្រោះ​និង​គ្រួសារ​របស់​ពួកគេ​ជា​ច្រើន​នៅ​តែរង់ចាំ​យុត្តិធម៌។ ដូច្នេះ​សម្រាប់​ពេលវេលាសេសសល់​នៅ​ក្នុង​កម្មវិធី​រួម​សហការ​គ្នា (Joint Program) អម​ជាមួយ​នឹង​កិច្ចប្រឹងប្រែង​ដទៃ​ទៀត ការ​វិវត្ត​ជា​ដុំកំភួន​ពាក់ព័ន្ធ​នឹង​គណនេយ្យភាព​ត្រូវ​តែ​កើត​មាន​ ដើម្បី​នាំ​ឲ្យ​មាន​ការ​កែទម្រង់​សិទ្ធិមនុស្ស ដែល​នឹង​បញ្ចៀស​ការ​រំលោភបំពាន​នានា មិន​ឲ្យ​កើត​មាន​ឡើង​សាជាថ្មី»។

អ្នកស្រី Al-Nashif លើក​ឡើង​ថា អ្នកស្រី​ស្វាគមន៍​ការ​ប្តេជ្ញា​របស់​រដ្ឋាភិបាលថ្មីនៅ​ហ្វីលីពីន​ ក្រោយ​ពី​ការ​បោះឆ្នោត​កាល​ពី​ខែ​ឧសភា នៅ​ក្នុង​ការ​អនុវត្ត​កម្មវិធី​រួម​សហការ​គ្នា​នេះ ដែល​ឥឡូវ​នេះ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ពាក់កណ្តាល​ផ្លូវ​រួច​ហើយ​នោះ។

ជា​ការ​ឆ្លើយតប រដ្ឋមន្ត្រី​យុត្តិធម៌​ហ្វីលីពីន​លោក Jesus Crispin Remulla បាន​ធានា​ទៅ​កាន់​ឧត្តមស្នងការ​ស្តីទី​ផ្នែក​សិទ្ធិមនុស្ស​នៃ​ អ.ស.ប​ ថា រដ្ឋាភិបាលហ្វីលីពីន​កំពុង​ធ្វើ​កំណែទម្រង់វិស័យ​យុត្តិធម៌ និង​ការ​អនុវត្ត​ច្បាប់។ លោក​បាន​បន្ត​ថា ប្រធានាធិបតី​ចូល​កាន់​តំណែង​ថ្មី​ កំពុង​តែ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ខុសច្បាប់​ តាមរយៈ​ការ​ផ្តោត​លើ​ការ​ចាប់ខ្លួន និង​ដាក់​ទោស​លើ​មេខ្លោង​ មិនមែន​តែ​អ្នក​ប្រើប្រាស់​គ្រឿ​ងញៀន​តិចតួច​តាម​ដងផ្លូវ​នោះ​ទេ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG