ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​ប្រឆាំង​នឹង​គ្រឿង​ញៀន​ដ៏​ប្រល័យ​របស់​ហ្វីលីពីន​ឥឡូវ​នេះ​បាន​បន្ធូរ​ដៃ​ជាងមុន


Bulgarians sing, play bagpipes and chain dance in the icy waters of the Tundzha river during Epiphany, in Kalofer.
Bulgarians sing, play bagpipes and chain dance in the icy waters of the Tundzha river during Epiphany, in Kalofer.

លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​បន្ទន់​ជំហរ​របស់​លោក​ទាក់ទង​នឹង​យុទ្ធនាការ​បង្រ្កាប​គ្រឿង​ញៀន​ដ៏​ប្រល័យ​របស់​លោក បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ដល់​ប៉ូលិស និង​សញ្ញាណ​នៃ​ការ​រិះគន់​ជា​សាធារណៈ។​

លោក Duterte ដែល​មាន​វ័យ​៧២ឆ្នាំ និង​ជា​អតីត​អភិបាល​ក្រុង​ដែល​រិះ​គន់​ឥត​សំចៃ​មាត់​រូប​នេះ បាន​សន្យា​ថា នឹង​សម្លាប់​ជន​ល្មើស​១០០.០០០នាក់​ និង​លុប​បំបាត់​គ្រឿង​ញៀន​នៅ​ត្រឹម​ខែ​ក្រោយ។ ទោះ​ជា​យ៉ាង​ណា ខុទ្ទកាល័យ​របស់​លោក Duterte បាន​ប្រកាស​កាលពី​ចុង​ខែ​មករា​ថា ការ​ប្រើប្រាស់​កម្លាំង​ប៉ូលិស​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ត្រូវ​បាន​ផ្អាក​សិន។

ផែនការ​ទាំង​នោះ​បាន​ផ្លាស់ប្តូរបន្ទាប់​ពី​មាន​ការ​ចាប់​ជំរិត​ និង​សម្លាប់​អ្នក​ជំនួញ​កូរ៉េ​ខាង​ត្បូង​ម្នាក់​កាលពី​ខែ​តុលា​នៅ​ទីស្នាក់ការ Camp Crame របស់​នគរបាល​ជាតិ​ហ្វីលីពីន​នៅ​ក្នុង​ក្រុង​ម៉ានីល។ ឧប្បត្តិហេតុ​នេះ​បាន​ធ្វើ​ឲ្យ​លោក Duterte មាន​ការ​ខឹង​សម្បា និង​សង្ស័យ​ពី​អ្វី​ដែល​លោក​ហៅ​ថា «អាកប្បកិរិយា​មិន​ល្អ» នៅ​ក្នុង​ជួរ​ប៉ូលិស និង​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​លុប​បំបាត់​រឿង​នេះ។​

ឧត្តមសេនីយ៍​ Ronald dela Rosa នាយ​អគ្គ​ស្នងការ​ប៉ូលិសជាតិ បាន​ប្រកាស​កាល​ពី​ចុង​ខែ​មករា​ថា លោក​នឹង​រំសាយ​អង្គភាព​បង្រ្កាប​គ្រឿង​ញៀន​ ហើយ​តាមដាន​រឿង​អំពើ​ពុក​រលួយ​វិញ។ បណ្តាញ​សារព័ត៌មាន Foreign Policy បាន​ដក​ស្រង់​ពាក្យ​សម្តី​ដើម​របស់​លោក​ថា «យើង​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ស្អាតស្អំនៅតាមគ្រប់មន្ត្រីជាន់ថ្នាក់ទាំងអស់»។

ការ​ផ្អាកយុទ្ធនាការ​បង្រ្កាប​គ្រឿង​ញៀន របស់​លោក Duterte ដែល​ពេល​កន្លង​មក​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​៧.០០០នាក់​បង្ហាញ​ពី​ការ​បន្ធូរ​ដៃ​របស់​លោក​ជា​លើក​ដំបូង​ទៅ​លើ​គោលនយោបាយ​ដែល​ត្រូវ​បាន​ប្រទេស​លោក​ខាង​លិច ក្រុម​សិទ្ធិ​មនុស្ស​ និងព្រះវិហារ​កាតូលិក​ធ្វើ​ការ​រិះគន់ថ្មីៗនេះ​ផងដែរ​។

លោក Phelim Kine នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ញូវយ៉ក​និយាយ​ថា «ការ​ស្តោកស្តាយ​បំផុត​នោះ​គឺ​ថា​ អ្វី​ដែល​បាន​កើត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​គឺ​ជា​ការ​សម្លាប់​មនុស្ស​ជាង​៧.០០០​នៅ​ក្នុង​យុទ្ធនាការ​មួយ​ដែល​លោក​ប្រធានាធិបតី Rodrigo Duterte ហៅ​ថា ជា​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន ហើយ​ការណ៍​នេះ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​អ្វី​នោះ​ទេ»។

លោក​បន្ថែម​ទៀត​ថា «ប៉ុន្តែ​វា​បណ្តា​ឲ្យ​មាន​ឃាតកម្ម​ចាប់​ជំរិត​អ្នក​ជំនួញ​កូរ៉េ​ខាង​ត្បូង​ម្នាក់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ទើប​រដ្ឋាភិបាល​សម្រេច​ចិត្ត​ផ្អាក​ការ​បង្រ្កាប​គ្រឿង​ញៀននេះ»។

មតិ​សាធារណជន​អំពី​យុទ្ធនាការ​នេះ​ក៏​កំពុងកើន​ឡើង​ជាបន្តបន្ទាប់​ ទោះ​ណា​ពួកគេ​ធ្លាប់​ជឿ​ជាក់​យ៉ាង​ខ្លាំង​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំង​គ្រឿង​ញៀន​កាលពី​ដំបូងទី​ក៏ដោយ។

ព្រះវិហារ​កាតូលិក​ចំនួន​៨៦​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​ថ្កោលទោស​លើការណ៍ដែលត្រូវ​បានគេ​សង្ស័យ​ថា​ជា​ការ​សម្លាប់​រង្គាល​ក្រៅ​ប្រព័ន្ធ​តុលាការ និង​បាន​អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​ពង្រឹង​ប្រព័ន្ធ​ច្បាប់​ឡើងវិញ។ សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​កុម្ភៈ និង​ត្រូវ​បាន​អាន​នៅ​ក្នុង​ការ​ជួបជុំ​នៅទូទាំងប្រទេស ​បាន​ហៅ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លុប​បំបាត់​គ្រឿង​ញៀន​ថា​ «រជ្ជកាល​នៃ​ភាព​ភ័យខ្លាច​របស់​ប្រជាជន​ក្រីក្រ»។

ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ​ជា​៨៣%​ជា​អ្នក​កាន់​សាសនា​គ្រិស្ត និកាយ​កាតូលិក ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ព្រះ​វិហារ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​សង្គម​។ លោក Antonio Ledesma ដែល​ជា​មហាសង្ឃនាយក​នៅ​ក្នុង​ក្រុង Cagayan de Oro បាន​ថ្លែង​ថា «យើង​សង្ឃឹម​ថា ដោយ​សារ​វា​ជា​សេចក្តី​ថ្លែងការណ៍ វា​គួរ​តែ​មានឥទ្ធិពល​ទៅលើ​អ្នក​ដែល​គោរព​សាសនា​គ្រិស្ត​និកាយ​កាតូលិក»។​

លោក Jay Batongbacal ដែល​ជា​សាស្រ្តាចារ្យ​ជំនួយផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ហ្វីលីពីន (University of the Philippines) និយាយ​ថា ការ​សម្លាប់​ជនជាតិ​កូរ៉េ​នេះ​គ្រាន់​តែ​ជា​ «ភាពទន់ខ្សោយ​» របស់​ប៉ូលិស​ម្នាក់​ប៉ុណ្ណោះ។ ​លោក​និយាយ​ថា «មនុស្ស​ម្នា​យល់​ស្រប​ថា​ បញ្ហា​គ្រឿង​ញៀន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ និង​ត្រូវ​តែ​ដោះស្រាយ ប៉ុន្តែ​ពួកគេ​មិន​យល់​ស្រប​ចំពោះ​វិធីសម្លាប់​មនុស្ស​រាប់ពាន់​នាក់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នោះ​ទេ»។

ការ​ស្ទង់​មតិ​មួយ​ធ្វើ​ឡើង​ដោយ​អង្គការ Social Weather ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ម៉ានីល​កាលពី​ខែ​ធ្នូ​បាន​រក​ឃើញ​ថា ៧៨%​នៃ​ពលរដ្ឋ​ហ្វីលីពីន​ខ្លាច​ថា ពួកគេ ឬ​អ្នក​ណា​ម្នាក់​ដែល​គេ​ស្គាល់​អាច​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​សម្លាប់​រង្គាល​ក្រៅ​ប្រព័ន្ធ​តុលាការ​បែប​នេះ។

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​នេះ​និយាយ​ថា លោក​ប្រធានាធិបតី​មាន​ភាព​ម៉ឺងម៉ាត់​ទាក់ទង​នឹង​ការ​ដក​តំណែង​មន្រ្តី​ដែល​ប្រើប្រាស់​អំណាច​ហួស​កម្រិត និង​កាត់​បន្ថយ​អំពើ​ពុករលួយ​នៅ​ក្នុង​ជួរ​ប៉ូលិស។​

លោក Ramon Casiple ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តស៊ូ​មតិ​មួយ​ឈ្មោះ​ថា វិទ្យាស្ថាន​សម្រាប់​កំណែ​ទម្រង់​នយោបាយ និង​ការ​បោះឆ្នោត ឬ​ជា​ភាសា​អង់គ្លេស​ថា Institute for Political and Electoral Reform បាន​និយាយ​ថា ការងារ​ប្រឆាំង​អំពើ​ពុករលួយស្ថិត​ក្នុង​ពាក្យ​សន្យា​របស់​លោក​ប្រធានាធិបតី Duterte នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែ​ឧសភា ឆ្នាំ២០១៦ និងក្នុង​សុន្ទរកថា​ចូលកាន់​តំណែង​របស់​លោក​កាលពី​ខែ​មិថុនា។

លោក Rhona Canoy ដែល​ជា​នាយក​សាលា​អន្តរជាតិ​មួយ និង​ជា​សមាជិក​គ្រួសារ​អ្នក​នយោបាយ​នៅ​លើ​កោះ Mindanao ភាគ​ខាង​ត្បូង​នៃ​ប្រទេស​និយាយ​ថា «នៅ​ក្នុង​ជួរ​ប៉ូលិស ជា​កន្លែង​ដែល​ពួកគេ​[ប៉ូលិស]កំពុង​ស្វែង​រក។ ពួកគេ​កំពុង​សម្អាត​ផ្ទះខ្លួនឯង​»។

លោក Canoy បន្ថែម​ថា «ពួកគេ[ប៉ូលិស]​ក៏កំពុងតែ​តាម​ប្រម៉ាញ់​មនុស្ស​ដែល​រត់​ពន្ធ​គ្រឿង​ញៀន​ដោយ​ចំហ។ ​ប៉ុន្តែ​ទាក់​ទង​នឹង​រឿង​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន​នៅ​តាម​សហគមន៍​វា​ចុះ​អន់​ថយ​បន្តិច​ហើយ»។​

សារព័ត៌មាន​ក្នុង​ស្រុក​និយាយ​ថា ស្ថាប័ន​បង្ក្រាប​គ្រឿងញៀន​ពិសេស​របស់​ហ្វីលីពីន​នៅ​តែ​តាម​ប្រម៉ាញ់​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន។ យុទ្ធនាការ​ទូលាយ​មួយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី Duterte ជឿ​ជាក់​ថា ប៉ូលិស​មាន​វិន័យ​ល្អ​ជាង​មុន ឬ​លោក​ឲ្យ​ស្ថាប័ន​ផ្សេង​ទទួល​ខុស​ត្រូវ​ជំនួស​វិញ។

ពលរដ្ឋ​ហ្វីលីពីន​ជាច្រើន​និយាយ​ថា ​ការ​ជួញដូរ​គ្រឿង​ញៀន​មាន​តាម​គ្រប់​ផ្លូវ​នានា​នៅ​តាម​ភូមិ​ និង​បង្កឲ្យ​មានបទល្មើស​នានា​លើ​ពលរដ្ឋ​សាមញ្ញ​។ អ្នក​ខ្លះ​ខ្លាច​មិន​ហ៊ាន​ចេញ​ក្រៅ​នៅ​ពេល​យប់។ បើ​យោង​តាម​របាយការណ៍​គ្រឿង​ញៀន​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ ប្រទេស​ហ្វីលីពីន​មាន​អត្រាប្រើប្រាស់​ម៉ាទឹកកកដែល​គេ​ហៅ​ថា «shabu» ច្រើន​ជាង​គេ​នៅ​ខាង​អាស៊ី​ខាង​កើត។​

លោក Ernesto Abella អ្នក​នាំ​ពាក្យ​នៃ​ខុទ្ទកាល័យ​ប្រធានាធិបតី​បាន​ប្រាប់​សារព័ត៌មាន​ហ្វីលីពីន​កាលពី​ចុង​ខែ​មុន​ថា លោក​ប្រធានាធិបតី​អាច​នឹង​បង្កើត​កងកម្លាំង​ប៉ូលិស​ពិសេស ដែល​អាច​រួម​មាន​ទាំង​យោធា​ផង​ដែរ ក្នុង​ការ​ដោះស្រាយ​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន។​

លោក Casiple និយាយ​ថា «យុទ្ធនាការ​នេះ​នៅ​តែ​បន្ត។ ខ្ញុំ​មិន​គិត​ថា វា​នឹង​ត្រូវ​បញ្ចប់​នោះ​ទេ។ យុទ្ធនាការ​បង្រ្កាប​គ្រឿង​ញៀន​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សាធារណជន»៕

ប្រែ​សម្រួល​ដោយ ប៊ុន​ ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG