លោក Zeid Ra'ad al-Hussein ឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានស្វាគមន៍ការអនុម័តសេចក្តីសម្រេចនេះ ដោយបាននិយាយថា សេចក្តីសម្រេចនេះផ្ញើសារដ៏មុតមាំមួយថា សហគមន៍អន្តរជាតិមានភាពម៉ឺងម៉ាត់ក្នុងការផ្តន្ទាទោសអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មនៅក្នុងតំបន់ Kasai។
ចាប់តាំងពីខែសីហាឆ្នាំមុនមក នៅពេលដែលអំពើហិង្សាផ្ទុះឡើងរវាងកងកម្លាំងរដ្ឋាភិបាល និងកងជីវពលកុលសម្ព័ន្ធ អង្គការសហប្រជាជាតិបានរាយការណ៍ថា មនុស្សជាង ៣.៣០០ នាក់ ត្រូវបានសម្លាប់នៅក្នុងខេត្តពីរក្នុងតំបន់ Kasai ហើយមនុស្សប្រមាណជា ១ លាន ៣ សែននាក់ បានគេចចេញពីផ្ទះសម្បែងរបស់ខ្លួននៅក្នុងប្រទេស។
អ្នកតាមដានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានកត់ត្រាទុកជាឯកសារនូវរណ្ដៅសាកសពធំៗចំនួន ៤២ ដែលត្រូវបានចោទប្រកាន់ថា បានជីកដោយកងទ័ពកុងហ្គោ។ កងជីវពលកុលសម្ព័ន្ធ Kamuina Nsapu បានរងការចោទប្រកាន់ថាបានសម្លាប់មនុស្សរាប់រយនាក់ បំផ្លាញភូមិចំនួន ៤ និងវាយប្រហារទ្រព្យសម្បត្តិរបស់ព្រះវិហារគ្រិស្តសាសនា។
លោកស្រី Liz Throssell អ្នកនាំពាក្យរបស់ឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានប្រាប់ VOA ថា មនុស្សប្រមាណ ៣០.០០០ នាក់ ក្នុងតំបន់ Kasai បានរត់ភៀសខ្លួនទៅប្រទេសអង់ហ្គោឡា ដែលជាប្រទេសជិតខាង ដើម្បីស្វែងរកការជ្រកកោន។
លោកស្រីបាននិយាយថា៖ «ការិយាល័យសិទ្ធិមនុស្សមានក្រុមការងារធ្វើការនៅក្នុងប្រទេសអង់ហ្គោឡា។ នៅទីនោះ ពួកគេប្រមូលភស្តុតាងពីមនុស្សម្នានានា ដែលមានការតក់ស្លុតដោយសារការរំលោភបំពាន ការកាប់សម្លាប់ និងការវាយប្រហារលើប្រជាពលរដ្ឋទូទៅ ដែលមានទាំងប្រុស ទាំងស្រី និងកុមារ គ្រប់រូបភាពទាំងអស់។ កាលពីពេលថ្មីៗនេះ លោកឧត្តមស្នងការបានកត់សម្គាល់ឃើញថា ស្ថានភាពក្នុងតំបន់ Kasai ដូចដែលយើងបានដឹងរួចមកហើយថាមានសភាពធ្ងន់ធ្ងរខ្លាំងក្លានោះ បានចុះដុនដាបកាន់តែខ្លាំងជាទីបំផុត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ដូច្នេះហើយ បានជាវាមានសារៈសំខាន់ណាស់ក្នុងការមានការស៊ើបអង្កេតមួយទៅលើអ្វីដែលកំពុងតែកើតមានឡើងនៅទីនោះ»។
បន្ទាប់ពីមានការបោះឆ្នោតសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៣ ខែមិថុនា កន្លងទៅនេះ អ្នកតំណាងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមួយរូប បានបង្ហាញពីការមិនពេញចិត្ត ដោយបាននិយាយថា ការស៊ើបអង្កេតជាអន្តរជាតិគឺមិនចាំបាច់នោះទេ។
ទោះជាមានប្រតិកម្មបែបនេះក្តី លោកស្រី Liz Throssell បាននិយាយថា លោកឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិរំពឹងថា អាជ្ញាធរកុងហ្គោនឹងសហការពេញលេញជាមួយនឹងការស៊ើបអង្កេតនេះ និងអនុញ្ញាតឲ្យក្រុមអ្នកស៊ើបអង្កេតមានសិទ្ធិចេញចូលគ្រប់កន្លែងទាំងអស់ អាចប្រើប្រាស់ឯកសារនានា និងអាចជួបជាមួយនឹងមនុស្សគ្រប់ប្រភេទទាំងអស់ដោយគ្មានការរឹតត្បិត៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ