ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ជំនាញ​​អ.ស.ប.ជំរុញ​ឲ្យ​កម្ពុជា​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​វិធានការ​របស់​ខ្លួន​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ១៩


រូបឯកសារ៖ សកម្មភាពអាជ្ញាធររឹតបន្តឹងចរាចរណ៍តាមដងផ្លូវ ក្នុង​អំឡុងពេល​អនុវត្ត​បំរាមគោចរក្នុងរាជធានីភ្នំពេញ ពីម៉ោង ៨យប់ដល់ ៥ព្រឹក កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ សកម្មភាពអាជ្ញាធររឹតបន្តឹងចរាចរណ៍តាមដងផ្លូវ ក្នុង​អំឡុងពេល​អនុវត្ត​បំរាមគោចរក្នុងរាជធានីភ្នំពេញ ពីម៉ោង ៨យប់ដល់ ៥ព្រឹក កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រុម​អ្នក​ជំនាញ​ខាង​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បង្ហាញ​កង្វល់​ជាខ្លាំង​អំពី​វិធានការ​របស់​រដ្ឋាភិបាលកម្ពុជាថ្មី​ដ៏តឹងរ៉ឹង​ក្នុងការឆ្លើយ​តបនឹង​ការរាតត្បាត​នៃ​ជំងឺកូវីដ១៩​ ព្រោះ​វាប៉ះពាល់​ដល់​សិទ្ធិមនុស្ស​ជាមូលដ្ឋានរួមទាំង«សេរីភាព​ដើរហើរ​» «សិទ្ធិជួប​ប្រជុំ​ដោយ​សន្តិវិធី» និង​«សិទ្ធិការងារ​»ផង​ដែរ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ចេញ​ថ្ងៃទី​១២​ ខែមេសា ​ពីទីក្រុងហ្សឺណែវ ប្រទេស​ស្វីស ដែល​ VOA ទទួល​បាន។​

វិធានការ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ដែល​ត្រូវ​បាន​ប្រកាសឲ្យ​ប្រើប្រាស់​កាលពីថ្ងៃទី១១​ ខែមីនា ​មានការដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់រយៈពេល​២០ឆ្នាំ និង​ពិន័យ​ជាប្រាក់ ២០ លាន​រៀល​ចំពោះ​អ្នកដែល​មានទោស​រំលោភបំពាន​ច្បាប់នេះ។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​នោះថា៖ ​«ការរឹតត្បិត​លើ​សេរីភាព ​និង​សិទ្ធិ​ជាមូលដ្ឋាន​ដោយ​ផ្អែក​លើ​សុខភាព​សាធារណៈ​មិន​ត្រូវ​រំលោភ​សិទ្ធិ​សេរីភាព​ដែល​បាន​ធានា​ដោយ​ច្បាប់​សិទ្ធិ​មនុស្សអន្តរជាតិ​ឡើយ។​ យើង​មាន​កង្វល់​ថា​ វិធានការ​រដ្ឋបាល​ និងវិធានការ​ព្រហ្មទណ្ឌ​រួមទាំង​ការដាក់​ពន្ធនាគារ​រយៈពេល​វែងហួសហេតុ ​និង​ការពិន័យជា​ប្រាក់​ដែល​មានចែងក្នុង​ច្បាប់​នេះ​ទំនងជា​មិនមាន​សមាមាត្រ​និង​មិនចាំបាច់ឡើយ។ វិធានការ​ដែល​បានចាត់​ឡើង​សំដៅ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ឆ្លង​រាលដាល រួមទាំង​ទោសទណ្ឌ​ដែល​អាច​មាន​គួរតែ​ធ្វើ​ឡើង​ក្នុង​ករណី​ចាំបាច់ ហើយ​មិន​ត្រូវ​ប្រើប្រាស់​ហួសហេតុ​ឡើយ»។​

ក្រៅពី​ទទួល​ស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​ក៏​បាន​បង្ហាញ​ការខកចិត្ត​អំពី​ការ​បង្ហាញព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នកដែល​ធ្វើ​តេស្តឃើញមាន​ជំងឺ​កូវីដ១៩ ដែល​ក្នុង​នោះ​រួមមាន​ឈ្មោះ ភេទ ​អាយុ ​មុខរបរ​ កន្លែង​ធ្វើការ ​និង​អាសយដ្ឋាន​ផង​ដែរ។

ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​បាន​ឲ្យដឹង​ថា៖ «ទិន្នន័យ​សុខភាព​បុគ្គល​ទាំង​នេះ គួរ​តែស្ថិត​ក្នុងការ​ការពារ​យ៉ាងតឹងរ៉ឹង​នូវ​សិទ្ធិ​ឯកជន ប្រឆាំង​នឹង​ការ​បង្ហាញ​ឱ្យ​អ្នកដែល​គ្មានការ​អនុញ្ញាត​ឲ្យ​ដឹង ក្រៅពី​គោលបំណង​សុខភាព​សាធារណៈ។ ការ​លាតត្រដាង​ទិន្នន័យ​បុគ្គល រួមទាំង​ឈ្មោះ​បុគ្គល​ដែល​ឆ្លងជំងឺ​នេះ គឺ​ជា​ការ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជន ដែល​អាច​នាំឱ្យ​មាន​ការ​រើសអើង និង​ការ​មាក់ងាយ»៕

XS
SM
MD
LG