ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ព្រួយបារម្ភ​​ចំពោះ​កំណើន​​នៃ​​សំណុំ​រឿង​ប្រមាថ​ព្រះមហាក្សត្រ​ថៃ


រូបឯកសារ៖ បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ម្នាក់​ពាក់​ម៉ាស់​ដែល​មាន​សរសេរ​ថា «ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​មាត្រា​ទី១១២» ទៅ​ចូលរួម​ក្នុង​ការ​តវ៉ា​មួយ​ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha ចុះ​ចេញ​ពី​តំណែង ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​នៃអង្គ​ការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ បាន​ថ្លែង​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​ច្បាប់កាន់​តែ​ខ្លាំង​ឡើង​ ក្នុង​ការហាម​ប្រាម​ការ​រិះ​គន់​រាជវង្ស​របស់​ប្រទេស​ថៃ​ ដោយ​គូស​បញ្ជាក់ពីការ​កាត់​ទោសដាក់​ពន្ធនាគារ​ចំនួន​៤៣​ឆ្នាំ ទៅ​លើស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ដែល​ត្រូវ​បាន​កាត់​ទោសក្រោម​ច្បាប់​ប្រមាថ​រាជវង្ស​នោះ។

ការ​ថ្កោលទោស​នោះ​កើតមាន​ឡើង បន្ទាប់​ពី​ប៉ូលិស​ថៃ​បាន​រៀបចំ​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​មេដឹកនាំក្រុម​យុវជន​ ដែល​បាន​ដឹក​នាំ​ការ​តវ៉ា​ប្រឆាំងនៅ​ក្នុង​ប្រទេស​ថៃ​ និងបាន​រិះ​គន់ព្រះ​មហាក្សត្រ​ថៃ​ដោយ​បើក​ចំហ។ ​ពួកគេ​ប្រឈម​នឹងការ​កាត់​ទោសក្រោម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ដ៏​តឹងរ៉ឹង​មួយ​របស់​ប្រទេស​ថៃ ដែល​អាច​មាន​ទោសជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​១៥​ឆ្នាំ។

ចាប់​តាំង​ពី​ខែ​វិច្ឆិកា​មក​ មាន​សកម្មជន​យុវជនយ៉ាង​ហោច​ណាស់​ចំនួន​៤០​នាក់​ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់ក្រោម​ច្បាប់ប្រមាថ​ព្រះ​មហាក្សត្រ​ថៃ​។ នេះ​បើ​តាមរបាយ​ការណ៍​ដែល​ចង​ក្រង​ដោយ​ក្រុម​មេធាវី​សិទ្ធិមនុស្សនៅ​ក្នុង​ប្រទេស​ថៃ។​ សំណុំ​រឿង​ក្តី​ទាំង​នេះកំពុង​ស្ថិត​ក្នុង​ដំណើរ​ក្តី​នៅ​ឡើយ។​

«យើង​មាន​ក្តី​កង្វល់​ជា​ខ្លាំងទៅ​លើការ​ផ្សព្វ​ផ្សាយ ​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​កាត់​ទោស​ក្រោម​ច្បាប់​ប្រមាថព្រះ​មហាក្សត្រ​ថៃ​ ចាប់​តាំង​ពី​ចុងឆ្នាំ​២០២០​មក​ ដោយ​ក្នុង​នោះ​មាន​ការ​កាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​រយៈ​ពេល​វែង​ផង​ដែរ»។​ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​រួម​មួយ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ដោយ​ក្រុមអ្នក​រាយការណ៍​ពិសេសអង្គការ​សហប្រជាជាតិមួយ​ក្រុម​ ដែល​មាន​សមាជិក​៧​នាក់​ និងក្រុម​សមាជិក​គណៈកម្មាធិការ​ចម្រុះ​ស្តី​ពី​ការ​ចាប់​ខ្លួន​ដោយ​អំពើ​ចិត្ត​នោះ។​

ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ កាល​ពីខែ​ធ្នូ​កន្លងទៅ​ បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​ថៃ​ធ្វើ​ការ​កែ​ប្រែ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​នេះ​ឡើង​វិញ។​ ​

សេចក្តី​ថ្លែងការណ៍​រួម​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញនេះ​ បាន​គូស​បញ្ជាក់​ពី​ករណី​អ្នកស្រី Anchan Preelert អាយុ៦៥​ឆ្នាំ​ ដែល​ត្រូវ​បាន​តុលាការ​ថៃ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៤៣​ឆ្នាំ​ កាល​ពី​ខែ​មករា​កន្លង​ទៅ ​ក្នុង​អ្វី​ដែល​ក្រុម​មេធាវី​និយាយ​ថា​ ជា​ការ​ដាក់​ទោស​ដ៏​អាក្រក់​បំផុត​មួយ​ ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះមហាក្សត្រ​នោះ​។​

​រដ្ឋាភិបាលដែល​គាំទ្រ​ដោយ​របប​យោធា​ថៃ​ បាន​ផ្អាក​ការ​ប្រើ​ប្រាស់​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ថៃ​ មួយ​រយៈពេល​ខ្លី​ កាល​ពី​ឆ្នាំ​២០១៨​ ប៉ុន្តែ​ក្រុម​ប៉ូលិស​បានអនុវត្ត​ច្បាប់​នោះ​ឡើង​វិញ​ នៅ​ចុង​ឆ្នាំ​២០២០កន្លង​ទៅ​ បន្ទាប់​ពី​ក្រុម​យុវជនអ្នក​តវ៉ា​បាន​ចាប់ផ្តើមការរិះ​គន់​ដោយបើក​ចំហ​ទៅ​លើ​ស្ថាប័ន​ព្រះ​មហាក្សត្រ​ថៃ​នោះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG