ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប និង​សហភាព​អឺរ៉ុប នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ នៅ​កម្ពុជា


រូបឯកសារ៖ អង្គការ​សង្គម​ស៊ីវិល​ ​ក្រុម​សហជីព និង​សកម្មជន និងប្រជាពលរដ្ឋ​នានា​ ចូលរួម​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ​ជាតិ១០ធ្នូ ​លើក​ទី៧០, នាទីលាន​ប្រជាធិបតេយ្យ​, នៅរាជធានីភ្នំពេញ​,​ នៅថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨។ (អូន​ ឆេង​ប៉រ​​​/ VOA)

ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹងប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្សអន្តរជាតិ​១០​ធ្នូ នៅ​ថ្ងៃ​សៅរ៍​ទី០៧ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក​ក្នុង​ទីក្រុង​ភ្នំពេញ ចាប់ពី​ម៉ោង២​រសៀល​ដល់​ម៉ោង​៨​យប់។ នេះ​បើ​យោង​តាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។

លិខិតអញ្ជើញប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សារព័ត៌មានទិវា​សិទ្ធិមនុស្ស​ឆ្នាំ ២០១៩។
លិខិតអញ្ជើញប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សារព័ត៌មានទិវា​សិទ្ធិមនុស្ស​ឆ្នាំ ២០១៩។

ការ​ប្រារព្ធ​ពិធី​នេះ នឹង​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ តំណាង​សហភាព​អឺរ៉ុប និង​តំណាង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ផង​ដែរ ទោះបីជា​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា សម្រេច​ដក​ចេញ​ពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រី​រាជការ​នៅ​ឆ្នាំ​២០២០​ក៏ដោយ។

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ឆ្នាំ​២០១៩​ ដែល​មាន​មូលបទ​ថា «‍យុវជន​ក្រោក​ឡើង ដើម្បី​សិទ្ធិមនុស្ស» នឹង​រំលេច​ពី​តួនាទី​ដឹកនាំ​និង​សក្តានុពល​របស់​យុវជន ក្នុង​ការ​ធ្វើ​ជា​ភ្នាក់ងារ​នៃ​ការ​ផ្លាស់ប្តូរ។

កម្មវិធី​នេះ ក៏​នឹង​រួម​បញ្ចូល​ការ​ប្រគល់​«ពាន​រង្វាន់​យុវជន​គាំទ្រ​សិទ្ធិ​មនុស្ស»​ឆ្នាំ២០១៩​ ដល់​ជយលាភី ជា​យុវជន​ដែល​មាន​លក្ខណៈ​ពិសេស​និង​បាន​ជួយ​លើកស្ទួយ​សិទ្ធិមនុស្ស​តាម​រយៈ​ការ​ចូលរួម​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​នៅ​កម្ពុជា​ផងដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG