ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប៖ មាន​ភស្តុតាង​​គួរឲ្យ​ជឿ​ទុក​ចិត្ត​បាន​ថា ​ប៉ូលិសក្រុង​ហុងកុង​ប្រើ​កលល្បិច​ដែល​ហាម​ឃាត់​ដើម្បីបង្ក្រាប​បាតុករ​


រូបឯកសារ៖ លោកស្រី Michelle Bachelet ស្ថិត​នៅក្នុងកិច្ចប្រជុំមួយនៅក្រសួងការបរទេស នៅក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកស្រី Michelle Bachelet ស្ថិត​នៅក្នុងកិច្ចប្រជុំមួយនៅក្រសួងការបរទេស នៅក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។

លោក​ស្រី Bachelet កំពុង​ជំរុញ​ឲ្យ​ពួក​អាជ្ញាធរ​ក្រុង​ហុងកុង​ទប់​កុំ​ឲ្យ​ប្រើ​យុទ្ធវិធី​ខ្លាំង​ៗ​ដែល​រំលោភ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ជួប​ប្រជុំ​ដោយ​សន្តិវិធី​របស់​ប្រជា​ពលរដ្ឋ​ហើយ​ដែល​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជន​ស៊ីវិល។​

លោកស្រី Michelle Bachelet ស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​ស​ហ​ប្រជា​ជាតិ ​បាន​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត​អ្វី​ដែល​លោកស្រីបាន​និយាយ​ថា ប៉ូលិស​ក្រុង​ហុងកុង​បានប្រើ​កល​ល្បិច​ដែល​ត្រូវ​បាន​ហាម​ឃាត់​ដើម្បី​បង្ក្រាប​បាតុ​កម្ម​ប្រឆាំង​រដ្ឋាភិបាល។

លោកស្រី Michelle Bachelet ស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ កំពុង​សម្តែង​នូវការ​ព្រួយ​កង្វល់​អំពីអំពើ​ហឹង្សា​រាលដាលកាន់​តែ​ធំឡើង​នៅ​ក្នុង​ទីក្រុង​ហុងកុង​ ហើយ​នឹងការ​ព្រួយ​បារម្ភ​អំពី​អំពើហឹង្សា​ដែល​លែង​គ្រប់គ្រង​បាន។ លោកស្រី​កំពុង​ជំរុញ​ឲ្យ​ពួក​បាតុករ​សម្តែង​នូវ​ទុក្ខសោក​របស់​ខ្លួន​ដោយ​សន្តិវិធី ហើយ​កុំ​ជ្រើស​រើសហឹង្សា​ឬ​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ។

ទោះ​ជា​យ៉ាងណា​ក៏ដោយ លោក​ស្រី Bachelet កំពុង​ជំរុញ​ឲ្យ​ពួក​អាជ្ញាធរ​ក្រុង​ហុងកុង​ទប់​កុំ​ឲ្យ​ប្រើ​យុទ្ធវិធី​ខ្លាំង​ៗ​ដែល​រំលោភ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ជួប​ប្រជុំ​ដោយ​សន្តិវិធី​របស់​ប្រជា​ពលរដ្ឋ​ហើយ​ដែល​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជន​ស៊ីវិល។​

លោក Rupert Colville អ្នក​នាំ​ពាក្យ​របស់​លោកស្រី​និយាយ​ថា ស្នងការ​សិទ្ធិ​មនុស្សទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​វិធី​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​កងកម្លាំង​សន្តិសុខ​ដែល​មាន​គ្រោះ​ថ្នាក់​និង​ត្រូវ​បាន​គេ​ហាម​ឃាត់។

លោក Rupert Colville និយាយ​បន្ត​ទៀត​ថា៖ «ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជា​ជាតិ បាន​ពិនិត្យ​ឃើញ​ភស្តតាងដែល​អាច​ជឿ​ទុកចិត្ត​បាន​ថា មន្រ្តី​ពង្រឹង​ច្បាប់​បាន​ប្រើអាវុធ​ដែល​មិន​បណ្តាល​ឲ្យ​ស្លាប់តាម​វិធី​ផ្សេង​ៗ​ដែល​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់និង​បទដ្ឋាន​អន្តរជាតិ។ ឧទាហរណ៍ ពួក​មន្រ្តី ​អាច​ត្រូវ​បាន​គេ​មើលឃើញ​បាញ់​ឡត​កាំ​ភ្លើងមាន​ផ្ទុក​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​លើ​ហ្វូង​មនុស្ស ​ឡោមព័ទ្ធ​កន្លែង​នានា​ និង​បាញ់តម្រង់​បាតុករ​ដោយ​ផ្ទាល់​និងជា​ច្រើន​លើក ​ដោយ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​រហូត​ដល់​ស្លាប់​ ឬ​របួស​យ៉ាង​ធ្ងន់​ធ្ងរ»។

លោក Colville និយាយ​ទៀត​ថា មាន​គោលការណ៍​ណែនាំ​ដ៏​ច្បាស់លាស់អំពី​របៀបប្រើអាវុធ​ដែល​មិន​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​ដូចជា​ការ​ប្រើឧស្ម័ន​បង្ហូ​រទឹក​ភ្នែក​ ដំបង​ និង​គ្រាប់​កាំភ្លើង​ជ័រ។ លោកបាន​និយាយ​ថា៖ «ក្រុម​មន្រ្តី​ពង្រឹង​ច្បាប់ គួរតែ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដើម្បី​បំបែក​ហ្វូងបាតុករជា​ជម្រើស​ចុងក្រោយ​នៅ​ពេល​មាន​អំពើ​ហិង្សា គំរាម​កំហែង​កាន់​តែ​ធំឡើង​ធ្វើ​ឲ្យ​មនុស្ស​រងរបួស​ជាទម្ងន់​ ឬ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ។ ហើយនៅ​ក្នុង​ស្ថាន​ភាព​នេះ ឡត​គ្រាប់​កាំភ្លើង ត្រូវ​តែ​បាញ់​បង្ហើរ​ឡើង​លើ មិន​ត្រូវ​បាញ់​តម្រង់​ទេ»។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិកំពុង​អំពាវនាវ​ឲ្យ​ពួក​អាជ្ញា​ធរ​ក្រុង​ហុងកុង​ធ្វើការ​ស៊ើបអង្កេតឧបទ្ទវហេតុ​ទាំង​នោះ​ជា​បន្ទាន់ហើយ​នឹង​ធ្វើ​ឲ្យ​ប្រាក​ដថា បុគ្គលិក​សន្តិសុខត្រូវ​អនុវត្ត​ទៅតាម​ច្បាប់​នៅពេល​ទាក់ទិន​នឹង​ឧបទ្ទវ​ហេតុ​បែប​នេះ។ ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នោះបាន​ព្រមាន​ថា ​ការ​ប្រើ​កម្លាំង​ហួសនឹង​ធ្វើ​ឲ្យ​ការតាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​ហើយ​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើង។

លោកស្រី Bachelet ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​ក៏​កំពុង​ជំរុញ​ឲ្យ​ភាគី​ទាំង​អស់​ដោះស្រាយ​ស្ថានភាព​នេះ​តាម​រយៈ​ការ​សន្ទនា​មិន​ឆេវឆាវ​និងប្រកប​ដោយ​អត្ថន័យ៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG