ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​​សន្តិសុខ​​ អ.ស.ប.​ អនុម័ត​សេចក្តី​សម្រេច​​​​ស្នើ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ បាតុករម្នាក់ពាក់អាវយឺតដែលមានរូបអ្នកស្រី Aung San Suu Kyi ក្នុងអំឡុងពេលបាតុកម្មមួយនៅស្ថានទូតមីយ៉ាន់ម៉ា ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២។

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ ក្រុម​ប្រឹក្សាសន្តិសុខ​ អ.ស.ប.​ បានអនុម័ត​សេចក្តី​សម្រេច​មួយ​អំពីប្រ​ទេស​មីយ៉ាន់ម៉ា ទាមទារ​ឱ្យក្រុមប្រឹក្សា​យោធា​បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់ នៅ​ក្នុង​ប្រទេស​ជាតិ​អាស៊ី​អាគ្នេយ៍​នេះ​និង​ដោះលែងអ្នកទោស​នយោបាយ​ទាំងអស់ មាន​រួម​លោកស្រី​ អោង​សាន​ស៊ូជី មេដឹកនាំ​ត្រូវដក​ចេញពី​តំណែង​និង​លោក​ប្រធានាធិបតី Win Myint ផង​ដែរ។​

សេចក្តី​សម្រេច​នេះ​ ដែលជា​សេចក្តី​សម្រេច​ចិត្ត​លើក​ទី​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អំពី​ប្រទេស​មីយ៉ាន់ម៉ា​ចាប់តាំង​ពី​ប្រទេស​នេះ​ដែល​គេ​ស្គាល់​ពីមុន​ថា​ជា​ប្រទេស​ភូមា​ដែរ​នោះ បាន​ក្លាយ​ជា​សមាជិក​មួយ​របស់​ អ.ស.ប.កាល​ពីខែ​មេសា ១៩៤៨​ ក៏​បាន​សុំ​ដល់​ក្រុមប្រឹក្សា​យោធា​ឱ្យ​អនុវត្តជា​បន្ទាន់​និង​ដោយ​ជាក់ស្តែង​នូវ​កិច្ចព្រមព្រៀង ​មាន​ប្រាំ​ចំណុចរបស់​សមាគម​ប្រជាជារិ​អាស៊ី​អាគ្នេយ៍​និង​គោរព​ឆន្ទៈ​ប្រជាធិបតេយ្យ​របស់​ប្រជារាស្ត្រនៃ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។

សេចក្តី​សម្រេច​នេះ​ត្រូវ​បានអនុម័តដោយ​មាន​សំឡេង​ឆ្នោត​គាំទ្រ ១២​ និង​មាន​សំឡេង​ឆ្នោត​អនុប្បវាទ​បី ពី​ប្រទេសចិន ឥណ្ឌា​និង​ប្រទេស​រុស្ស៊ី។

បើ​តាម​សមាជិក​ខ្លះ​ក្នុង​បណ្តា​សមាជិក​ទាំង​ ១៥ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ សកម្មភាព​នេះ​ពិបាក​នឹង​សម្រេច​ ពីព្រោះ​ប្រទេសចិន​និង​រុស្ស៊ី ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​ពីរ​ បាន​ជំទាស់​ជានិច្ចនឹង​សកម្មភាព​ខ្លាំង​អំពី​វិបត្តិមីយ៉ាន់ម៉ា។

លោកស្រី​ Barbara Woodward ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​ អ.ស.ប.​ បាន​និយាយ​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​ក្រោយ​ការ​បោះឆ្នោត​អំពី​សេចក្តី​សម្រេចចិត្ត​នេះ ដែល​ចក្រភព​អង់គ្លេស​បានព្រាង​ថា «នៅ​ថ្ងៃ​នេះ​ យើង​បញ្ជូន​សារ​ម៉ឺងម៉ាត់​មួយ​ទៅ​ឱ្យក្រុម​យោធា​ថា​គ្មាន​ការ​សង្ស័យ​ឡើយ យើងរំពឹង​ថាសេចក្តី​សម្រេច​នេះនឹង​ត្រូវ​អនុវត្ត​ពេញ​លេញ‍»។

លោកស្រី​ Woodward​ បានមានប្រសាសន៍​បន្ថែម​ថា​ សេចក្តី​សម្រេច​នេះ​តម្រូវ​ឱ្យ​លោក​អគ្គលេខាធិការ​ អ.ស.ប.​ ជម្រាប​ក្រុមប្រឹក្សា​សន្តិសុខអំពី​ស្ថានការណ៍​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​រដូវ​ផ្ការីក​ នេះ​ ថា «ជា​ឱកាសសំខាន់​មួយ​ដើម្បី​វាយ​តម្លៃព្រឹត្តិការណ៍នៅ​នឹង​កន្លែង ហើយ​យើង​ប្រុងប្រៀប​ធ្វើ​សកម្មភាពថែមទៀត​តាមការ​ចាំ​បាច់‍»។

លោកស្រី​ឯកអគ្គរាជ​ទូត​អង់គ្លេសបានបន្ថែម​ថា៖ «យើង​ក៏បាន​បញ្ជូនសារ​ច្បាស់លាស់​មួយ​ដល់​ប្រជារាស្ត្រមីយ៉ាន់ម៉ា​ថា​ យើង​ស្វះ​ស្វែង​ឱ្យ​មានការ​ជឿនលឿន​ដោយ​យោង​តាម​សិទ្ធិ ការ​ប៉ងប្រាថ្នា​និង​ផលប្រយោជន៍​របស់​ពួក​គេ‍ផង​ដែរ»។

រដ្ឋមន្ត្រី​ការ​បរទេស​ ស.រ.អ. លោក​ Antony Blinken បាន​ស្វាគមន៍​សេចក្តី​សម្រេច​នេះ។ នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​ជា​លាយ​ល័ក្ខអក្សរ​មួយ​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ពុធ លោក Blinken បាន​មាន​ប្រសាសន៍​ថា​ ការ​អនុម័ត​សេចក្តី​សម្រេច​នេះ​ជា​វិធានការសំខាន់​មួយ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​ តែលោក​បាន​បន្ថែម​ថា​ត្រូវ​ការមាន​វិធានការ​ថែមទៀត។

ដោយ​អាន​សេចក្តី​ថ្លែងការណ៍​មួយ​របស់​រដ្ឋាភិបាលឯកភាពជាតិ​មីយ៉ាន់ម៉ា​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​លោក Kyaw Tun Moe ​ឯកអគ្គរដ្ឋទូ​តមីយ៉ាន់ម៉ា​ប្រចាំ អ.ស.ប. បាន​និយាយ​ប្រាប់​ពួក​អ្នកកាសែត​ថា នៅក្រោយ​ការបោះឆ្នោតនេះ​ សេចក្តី​សម្រេច​នេះ​«បាន​បង្ហាញ​ការជឿនលឿនរបស់​ក្រុមប្រឹក្សា​សន្តិសុខ​ក្នុង​ការធ្វើ​សកម្មភាព​អំពី​វិបត្តិ​ធ្ងន់ធ្ងរ​នៅមីយ៉ាន់ម៉ា​និង​អំពី​ការ​គំរាម​កំហែង​របស់​ក្រុមប្រឹក្សា​យោធាដល់​សន្តិភាព​អន្តរជាតិ ​សន្តិសុខ​ និង​ស្ថិរភាព​ ទោះ​ជា​មានផ្នែកវិជ្ជមាននៅ​ក្នុង​សេចក្តី​សម្រេច​នេះ​និង​មានការ​ជំទាស់​នឹង​ការអនុម័ត​នេះក៏​ដោយ‍»៕

XS
SM
MD
LG