ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គ​លេខាធិការ​អ.ស.ប.​ថា​ វិបត្តិ​នៅ​មីយ៉ាន់ម៉ា​កាន់​តែ​ដុន​ដាប​និង​ថោ្កល​ទោស​អំពើ​ហិង្សា​


អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ António Guterres ថ្លែង អំពាវនាវឲ្យ​សមាជិក​​អាស៊ាន សហការគ្នាដើម្បី​ដោះស្រាយ​វិបត្តិនយោបាយ​នៅ​មីយ៉ាន់ម៉ា នៅ ក្នុងសន្និសីទកាសែត​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​ ១២ ខែវិច្ឆិកា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)​

ក្នុង​ពេល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ភ្នំពេញ ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ លោក​ António Guterres ​បាន​ប្រកាស​ថ្កោល​ទោស​អំពើ​ហិង្សា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ពួក​យោធា។​

វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា​បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​មួយ​នៃ​ការ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ក្នុង​ជំនួប​កំពូល​ជាមួយ​មេ​ដឹកនាំ​អាស៊ាន ​និង​អង្គការ​សហ​ប្រជាជាតិ​ លោក​ António Guterres ​បាន​ថ្លែង​ថា​ ស្ថានភាព​មនុស្ស​ធម៌ ​សិទ្ធិ​មនុស្ស​ សន្តិសុខ ​និង​នយោបាយ​នៅ​មីយ៉ាន់ម៉ា​កំពុង​តែ​ធ្លាក់​ទៅ​ក្នុង​មហន្តរាយ​មួយ​កាន់​តែ​ជ្រៅ​ទៅៗ។​

លោក​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «ខ្ញុំ​ថ្កោល​ទោស​ចំពោះ​កម្រិត​អំពើ​ហិង្សា​ដែល​កាន់​តែ​អាក្រក់​ទៅៗ​ និង​ការ​ប្រើប្រាស់​កម្លាំង​មិន​សមាមាត្រ​ និង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ដ៏គួរ​ឱ្យ​រន្ធត់​នៅ​មីយ៉ាន់ម៉ា។ ​ ការ​វាយ​ប្រហារ​ដោយ​មិន​រើសមុខ​លើ​ជន​ស៊ីវិល​ អាច​បង្កើត​ជា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ក្រោម​ច្បាប់​អន្តរ​ជាតិ»។​

លោក​បន្ថែម​ថា៖​ «ខ្ញុំ​សុំ​លើក​ឡើង​សាជា​ថ្មី​នូវ​ការ​អំពាវនាវ​របស់​ខ្ញុំ​ឱ្យ​អាជ្ញាធរ​មីយ៉ាន់ម៉ា​ ដោះលែង​រាល់​អ្នក​ទោស​នយោបាយ​ និង​បើក​ឱ្យ​មាន​ជា​បន្ទាន់​នូវ​ដំណើរ​ការ​ដែល​ផ្តល់​ឱកាស​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ត្រឡប់​ទៅ​រក​ការ​ផ្លាស់​ប្តូរ​តាម​បែប​ប្រជា​ធិបតេយ្យ។​ នេះ​គឺ​ជា​ ផ្លូវ​តែ​មួយ​គត់​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ទទួល​បាន​សន្តិភាព ​និង​សន្តិសុខ​យូរ​អង្វែង»។​

វិបត្តិ​នៅ​មីយ៉ាន់ម៉ា​បាន​ផ្ទុះ​ឡើង​ ក្រោយ​ការ​ដណ្តើម​អំណាច​ដោយ​ក្រុម​មេ​ដឹកនាំ​យោធា​កំពូលៗ​ក្នុង​រដ្ឋ​ប្រហារ​មួយ​ ដែល​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​របស់​អ្នកស្រី ​Aung San Suu Kyi (អោង សានស៊ូជី) កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២១។​ ការ​ចាប់​ចង​អ្នក​នយោបាយ​ជំទាស់ ​និង​អំពើ​ហិង្សា​លើ​អ្នក​ដែល​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា​បាន​កើត​ឡើង​ គិត​ចាប់​តាំង​ពី​ពេល​នោះ​មក។​

លោក​ Guterres​ បាន​ទទូច​សុំ​ឱ្យ​ប្រទេស​អាស៊ាន​រក្សា​ការ​បើក​ច្រក​ព្រំដែន ​និង​ផ្តល់​ការ​ការពារ​ និង​ជំនួយ​ដល់​ជន​ភៀស​ខ្លួន​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា។​ លោក​និយាយ​ថា មិន​ត្រូវ​ឱ្យ​ជន​ភៀស​ខ្លួន​ណា​ម្នាក់​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ត្រឡប់​ទៅ​រក​ការ​ឈឺ​ចាប់​ និង​គ្រោះ​ថ្នាក់​នោះ​ទេ។​

លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ក៏​អំពាវនាវ​សា​ជាថ្មី​ឱ្យ​ដល់​អាជ្ញាធរ​មីយ៉ាន់ម៉ា ​ចាត់​វិធាន​ការ​បន្ទាន់​ដើម្បី​បង្កើត​លក្ខខណ្ឌ​ឱ្យ​មាន​ការ​វិល​ត្រឡប់​ដោយ​ស្ម័គ្រ​ចិត្ត​នូវ​ជន​ភៀស​ខ្លួន​ Rohingya ​ជិត​មួយ​លាន​នាក់​ចូល​មក​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ផង​ដែរ។​

ពលរដ្ឋ​មីយ៉ាន់ម៉ា​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ថៃ កាន់​រូបថត​ឧត្តមសេនីយ៍ Min Aung Hlaing មេដឹកនាំ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ក្នុង​អំឡុង​ការ​តវ៉ា​មួយ​នៅ​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២។
ពលរដ្ឋ​មីយ៉ាន់ម៉ា​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ថៃ កាន់​រូបថត​ឧត្តមសេនីយ៍ Min Aung Hlaing មេដឹកនាំ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ក្នុង​អំឡុង​ការ​តវ៉ា​មួយ​នៅ​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២។

របប​សឹក​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ទទួល​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​ការ​បន្ត​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ក្រុម​ជំទាស់​និង​ការ​ផ្គើន​មិន​ធ្វើ​តាម​ការ​ចង់​បាន​របស់​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​លើ​កិច្ច​ព្រមព្រៀង​ឯកច្ឆន្ទ​៥​ ចំណុច។​ កិច្ច​ព្រមព្រៀង​ដែល​មេ​ដឹក​នាំ​យោធា​ភូមា​ខ្លួន​ឯង​បាន​ទទួល​ស្គាល់​ កាល​ពី​ខែ​មេសា​ ឆ្នាំ​មុន​នោះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

នៅ​ពេល​ជួប​ជាមួយ​មេ​ដឹកនាំ​អាស៊ាន​ក្នុង​ជំនួប​កំពូល​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ ​លោក​ António Guterres ​ បាន​ទទួល​ស្វាគមន៍​វិធី​ដោះស្រាយ​របស់​អាស៊ាន​ដែល​ត្រូវ​បាន​កំណត់​ជា​គោល​ការណ៍​ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ឯកច្ឆន្ទ​៥​ចំណុច​ និង​បាន​ទទូច​ឱ្យ​រាល់​ប្រទេស​ទាំង​អស់​ ​ក្នុង​នោះ​សមាជិក​អាស៊ាន ស្វែង​រក​យុទ្ធសាស្ត្រ​បង្រួប​បង្រួម​មួយ​ចំពោះ​មីយ៉ាន់ម៉ា​ និង​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​សេចក្តី​ត្រូវ​ការ និង​សេចក្តី​ប្រាថ្នា​របស់​ប្រជាជន​មីយ៉ាន់ម៉ា។​

លោក​អគ្គ​លេខាធិការ​ក៏​បាន​ថ្លែង​ព្រមាន​អំពី​ផល​វិបាក​នៃ​ភាព​ត​ទល់​គ្នា​រវាង​ចិន​និង​សហ​រដ្ឋ​អាមេរិក​ផង​ដែរ។​ ចិន​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​នៅ​បន្ត​គាំទ្រ​រដ្ឋាភិបាល​យោធា​របស់​មីយ៉ាន់ម៉ា​ ក្នុង​ផ្នែក​សេដ្ឋកិច្ច​ ខណៈ​អំពាវនាវ​ឱ្យ​មាន​ការ​ចរចា​ខាង​នយោបាយ​ ដើម្បី​ឈាន​ដល់​ការ​ផ្លាស់​ប្តូរ​តាម​លំនាំ​ប្រជា​ធិបតេយ្យ។​

នៅ​ថ្ងៃ​តែ​មួយ​នៃ​ការ​កត់​សម្គាល់​របស់​លោក ​António Guterres​ ពាក់​ព័ន្ធ​នឹង​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ ឬ​ភូមា ក្រុម​មេ​ដឹកនាំ​ប្រទេស​អាស៊ាន​៩​ប្រទេស​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​បន្ទាន់​មួយ​ ដោយ​លើក​ឡើង​ថា​ អាស៊ាន​មិន​អាច​ព្រងើយ​កន្តើយ​នឹង​អំពើ​ហិង្សា​ និង​អរិភាព​ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ។​

តាម​រយៈ​សេចក្តី​សម្រេច​ចិត្ត​ដែល​មាន​១៥​ចំណុច​សំខាន់ៗ​នោះ​ ក្រុម​មេ​ដឹកនាំ​អាស៊ាន​យល់​ថា​ កិច្ច​ព្រម​ព្រៀង​ឯកច្ឆន្ទ​៥​ចំណុច​នៅ​តែ​ជា​ឯកសារ​មាន​សុពល​ភាព​ សម្រាប់​ការ​បំបែក​ភាព​ទ័ល​ច្រក​ចំពោះ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។ ​ ហើយ​អាស៊ាន​នឹង​អំពាវនាវ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​ និង​ដៃគូ​ខាង​ក្រៅ​ជួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ឱ្យ​មាន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​នេះ។ ​អាស៊ាន​ក៏​នឹង​ត្រូវ​ពិចារណា​រិះ​រក​វិធី​សាស្ត្រ​ផ្សេង​ទៀត​ ដែល​អាច​គាំទ្រ​ដល់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ។​

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ លោក​ António Guterres ​ នៅ​ថ្ងៃសៅរ៍​នេះបាន​លើក​ឡើង​ជា​ថ្មី​ទៀត​អំពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​ ដែល​លោក​ថា​ មិន​អាច​ទទួល​យក​បាន​ ហើយ​ដែល​តម្រូវ​ឱ្យ​មាន​ការ​បន្ត​រក​ដំណោះ​ស្រាយ​ពី​មេ​ដឹកនាំ​អាស៊ាន​ ដើម្បី​បញ្ចប់​ទុក្ខ​លំបាក​របស់​ប្រជា​ជន​មីយ៉ាន់ម៉ា។​

លោក​ថ្លែង​ថា៖​ «អ្វី​ដែល​ជា​កង្វល់​ធំ​បំផុត​របស់​យើង​ពាក់​ព័ន្ធ​នឹង​រឿង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​មីយ៉ាន់ម៉ា ទី​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ។​ ខ្ញុំ​ចង់​និយាយ​ថា​ដាច់​ខាត​មិន​អាច​ទទួល​យក​បាន​ទេ​រឿង​នេះ ដោយសារ​រឿង​នេះ​បាន​កំពុង​បង្ក​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​មីយ៉ាន់ម៉ា»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មេ​ដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​ទេ ​ដោយ​សារ​តែ​គ្មាន​សញ្ញា​វិជ្ជមាន​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​ ដែល​មាន​បំណង​ជំរុញ​ឱ្យ​មាន​ការ​បញ្ចប់​អំពើ​ហិង្សា ​និង​បើក​ផ្លូវ​ឱ្យ​មាន​កិច្ច​សន្ទនា​រវាង​ក្រុម​មេ​ដឹកនាំ​យោធា ​និង​ចលនា​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​ អំ សំអាត​ មើល​ឃើញ​ថា​ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​មីយ៉ាន់ម៉ា​កំពុង​ដើរ​ទៅ​រក​ស្ថានភាព​ដ៏​អាក្រក់​មួយ​ នៅ​ពេល​របប​សឹក​មីយ៉ាន់ម៉ា​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​ជំទាស់​ ដែល​តោង​ឱ្យ​មាន​ការ​តាំង​ចិត្ត​ពី​មេ​ដឹកនាំ​ប្រទេស​អាស៊ាន​នៅ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​ ឱ្យ​ងាក​មក​ការ​ប្រកួត​ប្រជែង​យក​អំណាច​តាម​ការ​បោះ​ឆ្នោត​វិញ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា៖ ​ «ខ្ញុំ​គិត​ថា​ អាស៊ាន​អាច​នឹង​នាំ​គ្នា​ជួយ​ភូមា​ឱ្យ​មាន​ការ​ដាក់​សម្ពាធ​ លើ​មេ​ដឹកនាំ​យោធា​របស់​ភូមា​ ដើម្បី​ឱ្យ​មាន​ការ​កែប្រែ​គោល​នយោបាយ​ និង​ការ​ដឹក​នាំ​ ​ ជា​ពិសេស​គឺ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​មីយ៉ាន់ម៉ា​ ឬ​ក៏​ភូមា​ហ្នឹង​ ធ្វើ​ម៉េច​ឱ្យ​មាន​ការ​កែ​លម្អ​ ឱ្យ​ជំរុញ​ឱ្យ​ប្រទេស​ភូមា​ហ្នឹង​ងាក​ទៅ​រក​កិច្ច​ចរចា​រវាង​មេ​ដឹកនាំ​ យោធា​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ដើម្បី​ស្វែង​រក​សន្តិភាព​ ហើយ​និង​មាន​ការ​បោះឆ្នោត​ តាម​បែប​លក្ខណៈ​ប្រជាធិបតេយ្យ​ឡើង​វិញ»។​

នៅ​ក្នុង​ការ​ចេញ​សេចក្តី​សម្រេច​ចិត្ត​រួម​គ្នា​លើ​វិបត្តិ​មីយ៉ាន់ម៉ា​ ក្រុម​មេ​ដឹកនាំ​អាស៊ាន​បាន​ទទូច​ឱ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ និង​អត់​ធ្មត់​ជា​អតិបរមា​ ហើយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដែល​កាន់​អាវុធ​ គួរ​តែ​ទទួល​ខុស​ត្រូវ​ ដោយ​មាន​តម្លា​ភាព​ និង​ត្រូវ​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា។​ ក្រុម​មេ​ដឹកនាំ​អាស៊ាន​កត់​សម្គាល់​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា​គឺ​ជា​កម្លាំង​យោធា​ដ៏​ធំ​បំផុត​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ តាម​សារ​អេឡិច​ត្រូនិក​អ៊ីមែល​ តែ​មិន​មាន​ការ​ឆ្លើយតប​ទេ​គិត​ត្រឹម​រសៀល​ថ្ងៃ​សៅរ៍​នេះ។​

រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​ និង​ជា​អ្នក​នាំ​ពាក្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​ លោក គង់​ ភោគ​ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា​ អាស៊ាន​បាន​ខិត​ខំ​រក​ច្រក​ចេញ​ចំពោះ​វិបត្តិ​នៅ​មីយ៉ាន់ម៉ាទាំង​តាម​មធ្យោបាយ​ទន់​ និង​វិធីសាស្ត្រ​ផ្សេង​ទៀត ​ហើយ​ថែមទាំង​មាន​ភាព​បត់បែន​ស្រប​តាម​ស្ថានភាព​ជាក់​ស្តែង​នៅ​មីយ៉ាន់ម៉ា។​ ប៉ុន្តែ​វិបត្តិ​នេះ​នឹង​មិន​អាច​ដោះស្រាយ​បាន​ក្នុង​រយៈពេល​ត្រឹម​១​ ឬ​២​ឆ្នាំ​ទេ​ បើ​ផ្អែក​លើ​ជម្លោះ​ស្រដៀង​គ្នា​នេះ​ដែល​ធ្លាប់​កើត​ឡើង​កន្លង​មក​នោះ។​

លោក​ថ្លែង​ថា៖​«ដោយ​ផ្អែក​ទៅ​បទ​ពិសោធន៍ ក៏ដូច​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ការ​ដោះស្រាយ​ ​ជម្លោះ​របៀប​នេះ​ គឺ​ជា​រឿង​មួយ​ដែល​យើង​មិន​អាច​ដោះ​បាន​នៅ​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ ឬ​២​ទេ។​ ដូច្នេះ ​បើសិន​ជារឿង​វែង​ឆ្ងាយ​យូរ​អង្វែង​ យើង​ត្រូវ​គិត​មើល​ថា​ តើ​នៅ​ក្នុង​ដំណាក់​កាល​នីមួយៗ​ តើ​យើង​ធ្វើ​អ្វី​បាន​ខ្លះ?​ ដូច្នេះ​ ចាប់​តាំង​ពី​ដំបូង​ឡើយ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​លោក​លើក​ឡើង​ច្បាស់​ណាស់​ថា​ នៅ​ក្នុង​អាណត្តិ​កម្ពុជា​គឺ​យើង​ប្រហែល​ជា​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​បាន​ទេ»។​

លោក​គង់ ភោគ​ បន្ថែម​ថា៖​ «ប៉ុន្តែ​យើង​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ ឬ​មួយ​ក៏​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​លទ្ធភាព​ថា​ នៅ​ក្នុង​ភាព​ជា​ប្រធាន​អាស៊ាន​របស់​យើង​ រាល់​ការងារ​ទាំង​ឡាយ​នឹង​កើត​ឡើង​ដើម្បី​ បង្កើត​ជា​ផ្លូវ​សម្រាប់​ប្រធាន​[បន្តបន្ទាប់]​ទៅ​ទៀត​ហ្នឹង​អាច​ធ្វើ​ទៅ​លើ​រឿង​ហ្នឹង​បាន​ ដើម្បី​ចូល​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា»។​

បើ​តាម​លោក​គង់ ភោគ​ អាស៊ាន​អាច​នឹង​បន្ត​ដោះ​ស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ តាម​គំនិត​ផ្តួច​ផ្តើម​ថ្មីៗ​ទៀត ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ឯកច្ឆន្ទ​៥​ចំណុច​ ហើយ​ភាគី​មីយ៉ាន់ម៉ា​ក៏ត្រូវ​ផ្តល់​កិច្ច​សហការ​ឱ្យ​បាន​ពេញ​លេញ​ចំពោះ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​អាស៊ាន។​

យ៉ាង​ណា​ក៏ដោយ​អ្នកស្រាវជ្រាវ​នៅ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​លោក​វណ្ណ ប៊ុនណា​យល់​ថា​ វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ មិន​អាច​រក​ដំណោះ​ស្រាយ​បាន​ តាម​រយៈ​ការ​ព្រមព្រៀង​លើ​តែ​ឯកសារ​នានា​នោះ​ទេ។ ​ នេះ​មាន​ន័យ​ថា​ ភាគី​ពាក់​ព័ន្ធ​ត្រូវ​មាន​ផែន​ការ​សកម្ម​ភាព​ច្បាស់​លាស់​ដើម្បី​ដោះស្រាយ​វិបត្តិ​រ៉ាំរ៉ៃ​មួយ​នេះ។ ​ លោក​បន្ថែម​ថា​ ការ​បន្ត​គាំទ្រ​របស់​រុស្ស៊ី​ និង​ចិន​ដល់​របប​សឹក​ភូមា​ ក៏​អាច​ជា​ឧបគ្គ​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​ និង​អរិភាព​ផ្សេងៗ​ដើម្បី​នាំ​មក​នូវ​សន្តិភាព​ជូន​ប្រជាជន​ភូមា៕​

XS
SM
MD
LG