សន្និសីទរបស់អង្គការមិនយកកម្រៃស្តីពីប្រវត្តិសិទ្ធិមនុស្សរបស់កូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងលើរដ្ឋាភិបាលទីក្រុងព្យុងយាំង ដែលកំពុងគំរាមកំហែងធ្វើការឆ្លើយតបយ៉ាងខ្លាំងដល់ អ្វីដែលរដ្ឋាភិបាលកូរ៉េខាងជើងហៅថា ការបង្កហេតុដោយកងកម្លាំងសត្រូវ។ សន្និសីទដែលធ្វើឡើងកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះគឺជាផ្នែកមួយនៃផែនការដ៏ធំទូលាយរបស់អង្គការសិទ្ធិមនុស្សដើម្បីបង្កើនការដាក់គំនាបលើរដ្ឋាភិបាលទីក្រុងព្យុងយាំងដើម្បីរំលាយប្រព័ន្ធគាបសង្កត់អ្នកទោសនយោបាយដ៏ព្រៃផ្សៃនេះចោល។
ការខំប្រឹងប្រែងនេះបានជាប់គាំងនៅក្នុងអង្គការសហប្រជាជាតិក្នុងកាត់ទោសពួកមេដឹកនាំកូរ៉េខាងជើងចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏ប៉ុន្តែការខំប្រឹងប្រែងនេះនៅមិនទាន់រលត់បាត់ទេ។
លោក Phil Robertson នាយកអង្គការសិទ្ធិមនុស្សឯករាជ្យមួយដែលមានឈ្មោះថា Human Rights Watch និយាយថា ពួកគេកំពុងរៀបចំវិធីមួយចំនួនដើម្បីធ្វើឲ្យរដ្ឋាភិបាលទីក្រុងព្យុងយាំងអាម៉ាសជាសាធារណៈស្តីពីការរំលោភសិទ្ធិមនុស្សទោះបីសម្ព័ន្ធមិត្តរបស់កូរ៉េខាជើងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រារាំងសកម្មភាពការដាក់ទណ្ឌកម្មក៏ដោយ។
«ជាការណ៍ពិត មានរឿងបែបហ្នឹងមែន ពីព្រោះប្រទេសចិន និងប្រទេសរុស្ស៊ី ស្ថិតនៅក្នុងក្រុមប្រឹក្សាសន្តិសុខនោះនៅឡើយ។ ពួកគេមានអំណាចបោះឆ្នោតវ៉េតូ។ ដូចនេះ យើងត្រូវតែស្វែងរកយន្តការទទួលខុសត្រូវអន្តរជាតិពិសេសមួយ»។
គំនាបអន្តរជាតិបានរីកកាន់តែធំឡើងលើរដ្ឋាភិបាលទីក្រុងព្យុងយាំងចាប់តាំងពីការបញ្ចេញរបាយការណ៍របស់អង្គការសហប្រជាជាតិកាលពីឆ្នាំទៅដែលប្រមូលចងក្រងឯកសារបណ្តាញអ្នកទោសនយោបាយក្នុងប្រទេសកូរ៉េខាងជើង ហើយនឹងភាពព្រៃផ្សៃដែលរួមមានការធ្វើឃាត ការយកមនុស្សធ្វើជាទាសករ និងការធ្វើទារុណកម្ម។
ខណៈដែលក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិមិនបានបោះឆ្នោតកាត់ទោសកូរ៉េខាងជើងនោះ ក្រុមប្រឹក្សានោះក៏បានបោះឆ្នោតកាលពីខែធ្នូ ឆ្នាំទៅដើម្បីដាក់បញ្ហានេះលើរបៀបវារៈរបស់ខ្លួន។ ពួកអ្នកគាំទ្រសិទ្ធិមនុស្សនិយាយថា នីតិវិធីនៃការបោះឆ្នោតនេះជាជ័យជម្នះយ៉ាងសំខាន់មួយ ពីព្រោះថា ដរាបណាបញ្ហានេះស្ថិតនៅលើរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខ ដរាបនោះគេអាចលើកឡើងនូវបញ្ហានេះម្តងទៀតនៅពេលណាមួយ។
នៅសប្តាហ៍នេះ អង្គការស្រាវជ្រាវមួយនៅរដ្ឋធានីវ៉ាស៊ីនតោនមានឈ្មោះថា មជ្ឈមណ្ឌលការសិក្សាយុទ្ធសាស្រ្ត និងអន្តរជាតិ នឹងធ្វើសន្និសីទសាធារណៈមួយស្តីពីសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង។
លោក Jang Il Hun ឯកអគ្គរដ្ឋទូតនៃប្រទេសកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ បានជំទាស់ប្រឆាំងកាលពីថ្ងៃច័ន្ទដល់ការបន្តការផ្តោតការយកចិត្តទុកដាក់របស់អន្តរជាតិលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោក។ លោកបានច្រានចោលការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សនៅប្រទេសរបស់លោក ហើយលោកបានទទូចថា រដ្ឋាភិបាលទីក្រុងព្យុងយាំងបានស្នើសុំចូលរួមសន្និសីទនោះ តែត្រូវរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនច្រានចោល ទោះបីពិធីនោះបើកចំហជាសាធារណក៏ដោយ។
«យើងនឹងធ្វើការឆ្លើយតបដ៏ខ្លាំងដល់ទីបញ្ចប់ចំពោះការបង្កហេតុប្រកបដោយការមាក់ងាយដោយកម្លាំងអរិភាព ដូចជាសន្និសីទដែលធ្វើឡើងដោយសហរដ្ឋអាមេរិកនេះ។ យើងនឹងបន្តអភិវឌ្ឍ និងពង្រឹងកម្លាំងប្រជាជនរបស់យើង ហើយនឹងប្រព័ន្ធសង្គមនិយមផ្សេងទៀតដែលធានាបាននូវការការពារហើយនឹងលើកស្ទួយសិទ្ធិមនុស្សរបស់ប្រជាជនយើង»។
ក៏ប៉ុន្តែអង្គការសិទ្ធិមនុស្សនិងអង្គការសហប្រជាជាតិមិនសុខចិត្តចាញ់ទេ។ នៅខែមិនា ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងជួបប្រជុំក្នុងទីក្រុងហ្សឺណែវ ហើយនឹងបើកសម័យប្រជុំស្តីពីកូរ៉េខាងជើង។ នៅឆ្នាំនេះដែរ ការិយាល័យឧត្តមស្នងការរបស់អង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សនឹងបើកការិយាល័យមួយនៅក្នុងទីក្រុងសេអ៊ូលដើម្បីផ្តោតលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកុម្មុយនិស្តកូរ៉េខាងជើងដែលមានអាវុធនុយក្លែអ៊ែរនេះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន