អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានថ្កោលទោសការកាន់កាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយកងកម្លាំងសន្តិសុខនៅក្នុងប្រទេសហ្គំប៊ី ហើយលោកកំពុងតែអំពាវនាវឲ្យពួកគេប្រគល់អគារនោះមកវិញជាបន្ទាន់។
សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធពីអ្នកនាំពាក្យរបស់លោកអគ្គលេខាធិការក៏បានស្នើឲ្យយោធាហ្គំប៊ីបញ្ឈប់សកម្មភាពទាំងឡាយដែលអាចបង្អាក់ដល់ដំណើរការផ្ទេរតំណែងនៅក្នុងប្រទេសអាហ្វ្រិកភាគខាងលិចដ៏តូចមួយនេះផងដែរ។
កាលពីដំបូងឡើយ លោកប្រធានាធិបតី Yayha Jammeh យល់ព្រមចុះចាញ់គូប្រជែងរបស់ខ្លួន គឺលោក Adama Barrow នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទីមួយខែធ្នូកន្លងមកនេះ ប៉ុន្តែក្រោយមក លោកបានដកការផ្ទេរអំណាចមកវិញ។ កាលពីថ្ងៃអង្គារ សមាជិកគណបក្សកាន់អំណាចរបស់ប្រទេសហ្គំប៊ីបានស្នើឲ្យតុលាការកំពូលទុកលទ្ធផលនៃការបោះឆ្នោតនោះជាមោឃៈ។
គណៈប្រតិភូមួយក្រុមដែលរួមមានប្រមុខរដ្ឋទាំង៤របស់អាហ្វ្រិកខាងលិច ដែលដឹកនាំដោយប្រធានាធិបតីលីប៊ី លោកស្រី Ellen Johnson Sirleaf បានជួបជាមួយនឹងលោក Jammeh ក្នុងប្រទេសហ្គំប៊ីកាលពីថ្ងៃអង្គារ។
ក្រោយពីត្រឡប់មកវិញ លោកស្រី Johnson Sirleaf បាននិយាយថា ភាគីទាំងអស់ព្រួយបារម្ភអំពីការប្តេជ្ញារបស់ខ្លួនទៅនឹងសន្តិភាពនិងភាពស្រុះស្រួលគ្នា ហើយបញ្ហានេះអាចនឹងត្រូវពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយរបស់បណ្តុំប្រទេសអាហ្វ្រិកខាងលិចដែលហៅកាត់ថា ECOWAS នៅចុងសប្តាហ៍នេះក្នុងរដ្ឋធានី Abuja នៃប្រទេសនីហ្សេរីយ៉ា៕