ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផលវិបាក​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះការ​​គាប​​សង្កត់​​​លើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ


ប្រធានា​ធិបតី ហ្គាំប៊ៀ លោក យ៉ះយ៉ា ចាម៉េហ៍ (Yahya Jammeh)
ប្រធានា​ធិបតី ហ្គាំប៊ៀ លោក យ៉ះយ៉ា ចាម៉េហ៍ (Yahya Jammeh)
ដោយ៖ Nancy Palus

អ្នក​កាសែត​មួយក្រុមថ្លែង​ថា​ ប្រទេសក្នុង​ទ្វីប​អាហ្រ្វិក​ខាង​លិច​តូច​មួយ គឺ​ប្រទស ហ្គាំ​ប៊ៀ​ (Gambia) ​ស្ថិត​ក្នុង​លំដាប់​លេខ​រៀងទី​១៣​ នៃ​ប្រទេស​ដែល​មាន​បញ្ហា​ធ្ងន់​ធ្ងរ​បំផុត​នៅ​ក្នុង​ពិភព​លោកចំពោះតួលេខ​អ្នក​កាសែត​ដែល​បានភៀសខ្លួន​ទៅរស់នៅនិរទេស។ ក្រុម​អ្នក​កាសែតនិង​ក្រុមអ្នក​ជំនាញ​ខាង​សេរី​ភាព​សារព័ត៌មាន និយាយថា​ ការ​និរទេស​ចេញរបស់​អ្នកកាសែតវិជ្ជាជីវៈ ដែលបាន​ឃ្លាំមើលប្រកប​ដោយ​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ស្ថិត​នៅក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់។
គិត​មកត្រឹម​សប្តាហ៍នេះ មាន​រយៈពេល​៦ឆ្នាំហើយ ចាប់​តាំង​ពី​ការ​បាត់ខ្លួនរបស់​ នាយក​កាសែត ហ្គាំប៊ៀ លោក អេ​ប្រ៊ីម៉ា ម៉ាណេ (Ebrima Manneh)។ បន្ទាប់មក ដូចនា​ពេល​ឥឡូវ​នេះ​ វា​ជា​រឿង​ធម្មតា​ទៅហើយ សម្រាប់​ក្រុម​អ្នកកាសែត​នៅក្នុង​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​ខាងលិច​មួយ​នេះ​ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​១,៧​លាននាក់ ដែល​ត្រូវ​បាន​យាយី ចាប់​ខ្លួន ឬ​ប្រ​ឈមនឹង​ស្ថាន​ភាពធ្ងន់​ធ្ងរ​ជាង​នេះ​ទៀត។ គ្រាន់​តែ​នៅក្នុង​រយៈ​ពេល​ពីរសប្តាហ៍​កន្លង​ទៅ យ៉ាង​ហោចណាស់ ក៏មាន​អ្នក​កាសែត​ចំនួន​ពីរ​នាក់​នៅក្នុង​ប្រទេស ​ហ្គាំ​ប៊ៀ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​តែ​ការ​ផ្សព្វផ្សាយ​របស់​ពួកគេស្តីអំពី​ដំណើរ​ការ​របស់​តុលាការ។
នៅពេល​ដែល​ការអនុវត្ត​វិជ្ជាជីវៈជាអ្នកកាសែត​ បាន​ក្លាយ​ទៅជា​ការ​គំរាម​កំហែងដល់​អាយុជីវិត អ្នក​កាសែត​ជា​ច្រើន​ត្រូវបង្ខំ​ចិត្ត​ភៀសខ្លួន។ ដូចជា​លោក​ អេប៊្រីម៉ា ស៊ីឡា (Ebrima Sillah) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង ដាការ កំពុង​ធ្វើ​ការ​ជា​អ្នកកាសែត​មួយ​រូប​នៅក្នុង​ប្រទេស ហ្គាំប៊ៀ នៅ​ពេល​ដែលលោក​បាន​គេចស្ទើរ​តែពុំរួច​ពីការវាយ​ប្រហារ​ដោយ​ការដុត​បំផ្លាញ​ផ្ទះ​របស់លោក​ កាលពី​ឆ្នាំ​២០០៤។ អ្នក​កាសែត​មួយ​រូប​ទៀត​ លោក ប៊ុយ៉ា ចាម៉េហ៍ (Buya Jammeh) បាន​ពួន​សម្ងំលាក់​ខ្លួន​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០០៩ នៅ​ពេល​ដែល​លោក​បានឭថា អាជ្ញាធរកំពុងស្វែង​រក​រូប​លោក ក្នុង​អំឡុងពេលនៃ​យុទ្ធនាការ​នៃ​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​សារព័ត៌មាន។ នៅ​ទីបំផុត លោក​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ សេណេ​ហ្គាល់ (Senegal) ហើយ​ឥឡូវនេះ រស់នៅ​ទីក្រុង ដាការ។
គណៈកម្មាធិការ​ដើម្បី​ការ​ពារអ្នក​កាសែត (Committee to Protect Journalists) បាន​ចេញ​ផ្សាយរបាយការណ៍​មួយនៅក្នុង​ខែ​នេះ ដែល​បាន​និយាយ​ថា អ្នកកាសែត​ចំនួន​១៧នាក់ បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស ហ្គាំប៊ៀ នៅក្នុង​រយៈពេល​មួយទសតវត្សរ៍​កន្លង​ទៅនេះ ដែល​តួលេខនេះ មាន​ចំនួនច្រើន​ជា​ង​ប្រទេស​ផ្សេងទៀត​នៅក្នុង​ទ្វីប​អាហ្វ្រិក​ខាង​លិច ទោះបីជា​មាន​តួលេខអ្នកកាសែតច្រើន​ជាង​នេះ បាន​ភៀស​ខ្លួន​ចេញ​ពីប្រទេស រ៉្វាន់ដា (Rwanda) អេរីទ្រា (Eritrea) ហ្ស៊ីមបាវេ (Zimbabwe) សូម៉ាលី (Somalia) និង អេត្យូពី (Ethiopia) ក៏ដោយ។
លោក​ ថម រ៉ូដេស (Tom Rhodes) ជា​ទីប្រឹក្សា​នៅ​អាហ្វ្រិក​ខាង​កើត របស់​គណៈ​កម្មាធិការដើម្បី​ការ​ពារ​អ្នកកាសែត។ លោក​ថ្លែងថា នៅ​ក្នុង​ករណី​ខ្លះ របាយការណ៍​តិចតួច​អំពី​ការរំលោភ​បំពាន​ទៅ​លើ​អ្នកកាសែត អាច​មានន័យ​សាមញ្ញថា អ្នកកាសែត​មាន​ចំនួនតិច​ជាង​មុន។
«ឧទាហរណ៍ អ្នក​មិន​ឃើញមាន​របាយការណ៍​ច្រើន​នោះទេ ស្តីអំពី​ការរំលោភ​បំពាន​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ចេញផ្សាយ​អំពី​ប្រទេស រ៉្វាន់​ដា នាពេល​សព្វ​ថ្ងៃនេះ។ ប៉ុន្តែ​ រឿង​នោះ​គឺ​ដោយសារ​តែ ជាទូទៅ អ្នកកាសែតរិះគន់​ទាំងអស់​ដែលមក​ពី​ប្រទេស​នោះ​ បាន​ភៀស​ខ្លួន​ចេញ។​ ឥឡូវនេះ រឿងរ៉ាវ​ដូចគ្នានេះ​ដែរកំពុង​កើតមានឡើង​នៅក្នុង​ប្រទេស អេត្យូពី។ យើង​មាន​តែ​សម្លេង​រិះ​គន់​មួយ​ឬ​ពីរ​តែប៉ុណ្ណោះ ដែល​នៅ​សេសសល់​នៅ​ក្នុង​ប្រទេ​សនោះ។ សម្លេង​ដទៃទៀត​ គឺជា​សម្លេង​ដែល​គាំទ្រ​ដោយ​រដ្ឋ​ ឬ​អនុវត្ត​ការ​ត្រួ​តពិនិត្យ​ខ្លួន​ឯង»។
លោក​ រ៉ូដេស បានថ្លែង​ថា នៅក្នុងលក្ខខណ្ឌ​បែបនេះ រដ្ឋាភិបាល​ដែល​ប្រកប​ដោយ​ការរំលោភ​បំពាន មិន​ត្រូវ​បាន​ត្រួតពិនិត្យ​ទាល់តែសោះ។​
«ដូច្នេះ យើងកំពុង​ចូល​ទៅក្នុង​បរិយាកាស​ដ៏គ្រោះថ្នាក់​យ៉ាងខ្លាំង​មួយ ដែល​ជាទូទៅ ​យើង​ត្រូវអនុញ្ញាត​ឱ្យរដ្ឋាភិបាល​ទាំងនេះ​ ត្រួតពិនិត្យ​មើល​ការសែត​ទាំងស្រុង ហើយ​យើង​នឹង​មិនរិះគន់​រដ្ឋាភិបាល​ទាំងនោះ​ទេ ដោយសារ​តែ​ជាទូទៅ​កា​សែត​រិះគន់ លែង​នៅ​ក្នុង​ប្រទេ​ស​ទាំងនោះ​ទៀត​ហើយ»។
ក្រុមអ្នកកាសែត​របស់ ហ្គាំប៊ៀ នៅក្នុង​ទីក្រុង ដាការ បាន​ឲ្យ​ដឹង​ថា ការ​គាបសង្កត់​ពីសំណាក់ប្រធានា​ធិបតី ហ្គាំប៊ៀ លោក យ៉ះយ៉ា ចាម៉េហ៍ (Yahya Jammeh) បង្ក​ផល​ប៉ះពាល់​យ៉ាង​ជ្រាល​ជ្រៅ​និង​យូរអង្វែង។ ការ​គាបសង្កត់​នេះ​បានបំបិទមាត់​ប្រជា​ពលរដ្ឋ​។
លោក បុយ៉ា ចាម៉េហ៍ ជា​អ្នកកាសែត​ដែល​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស សេណេហ្គាល់ កាល​ពី​ឆ្នាំ​២០០៩។
«​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស ហ្គាំប៊ៀ គ្រាន់​តែ​ជា​ឆ្កែ​អត់​ធ្មេញ​មួយ​តែប៉ុណ្ណោះ។ បន្ទាប់​ពី​បានសាបព្រួសការ​បំភិត​បំភ័យ​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ ​រដ្ឋាភិបាល​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋត្រួត​ពិនិត្យ​ខ្លួន​ឯង​ ដើម្បី​ចៀស​វាង​ការ​យាយី ឬ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ។ សង្គមស៊ី​វិល​ភាគច្រើនកំពុង​ធ្វើ​សម្បទាន​គោល​ការណ៍​របស់​ពួកគេ​ ក្នុង​នាម​ជា​មេដឹកនាំ​សង្គម​ស៊ីវិល និង​អង្គការ​»។ ​
លោក អេប៊្រីម៉ា ស៊ីឡា អ្នក​កាសែត​ជាតិ​ ហ្គាំប៊ៀ បាន​ថ្លែងប្រាប់​វីអូអេ​ថា​ សង្គម​ស៊ីវិល​ ហើយ​សូម្បី​តែ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ បាន​វាស់​វែងពាក្យ​សម្តី​របស់​ខ្លួន​យ៉ាង​ប្រុង​ប្រយ័ត្ន​ ដោយ​ភ័យ​ខ្លាច​អំពី​ការ​ចាប់​ដាក់​ពន្ធនាគារ ដែល​ការ​ពិត​កម្រ​ត្រូវ​បាន​លាត​ត្រដាង។
ទោះបីជា​ក្រុម​អ្នកកាសែតត្រូវ​បាន​ទុកឲ្យធ្វើការ​របស់​ខ្លួន​យ៉ាង​ត្រឹម​ត្រូវ​ក៏ដោយ លោក ស៊ីឡា និយាយថា​ គ្មាននរណាម្នាក់​នឹង​និយាយ​នោះ​ទេ ដោយសារតែការ​ភ័យ​ខ្លាច ដែល​លោក​ប្រធានាធិបតី​ ចាម៉ាហ៍ បាន​សាបព្រួស​នៅ​ក្នុង​ចំណោម​ប្រជា​ពលដ្ឋ។​ អ្នកកាសែត​ ប៊ុយ៉ា​ ចាម៉េហ៍ បាន​សហការ​ជាមួយ​សហការី​នៅ​ក្នុង​និង​ក្រៅ​ប្រទេស ហ្គាំប៊ៀ ដើម្បី​សរសេរ​ព័ត៌មាន​នៅ​ទីនោះ។ ប៉ុន្តែ​ លោក​ត្អូញត្អែរអំពី​ការ​ភៀស​ខ្លួន​របស់​ក្រុម​អ្នកកាសែតចេញ​ពី​ប្រទេស​កំណើត​របស់​លោក។
«ជាអកុសល អ្នក​ដែល​ស្ម័គ្រចិត្ត​ធ្វើ​កិច្ចការ​នេះ​ដោយ​គ្មានការភ័យ​ខ្លាច​ឬ​ទំនោរ​ទៅ​ខាង​ណា​មួយ គឺជា​អ្នក​ទាំងឡាយ ដែល​នៅទីបញ្ចប់​ក្លាយទៅ​ជាជន​រងគ្រោះ​នៃ​ការ​យាយី ឬ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ។ រដ្ឋាភិបាលមិន​ត្រូវ​ការ​អ្នកកាសែត​វិជ្ជាជីវៈ ដែលនឹង​ធ្វើការងារ​របស់ខ្លួន​ក្នុង​ផ្លូវត្រឹម​ត្រូវ​នោះ​ទេ។»
អ្នកកាសែត​ ប៊ុយ៉ា​ ចាម៉េហ៍
សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ (International Federation of Journalists) បន្ត​សែ្វ​ងរក​ចម្លើយទៅ​នឹង​ការ​បាត់​ខ្លួន​របស់​នាយក​សារព័ត៌មាន​ លោក អេប៊្រីម៉ា ម៉ាណេហ៍ (Ebrima Manneh) កាល​ពី​ថ្ងៃ​ទី​៦​ ខែ​កក្កដា ឆ្នាំ​២០០៦ ក៏ដូចជា​ហេតុការណ៍ ដែលនៅ​ពីក្រោយ​ការ​សម្លាប់​អ្នកកាសែត​ជាតិ ហ្គាំប៊ៀ លោក ដេយ្យដា ហ៊ីដារ៉ា (Deyda Hydara) ​កាលពី​ឆ្នាំ​២០០៤។​
លោក ហ្គា​ប្រ៊េល បាក្លូ (Gabriel Baglo) ជា​នាយក​ប្រចាំ​ទ្វីបអាហ្វ្រិក​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ដាការ របស់​សហព័ន្ធ​នេះ។
«​រឿង​ដ៏​ធ្ងន់​ធ្ងរ​បំផុត​នៅ​ក្នុង​ហេតុការណ៍​បែបនេះ​ គឺការបំភ្លេច​ចោល។ យើង​នឹង​មិន​បំភ្លេច​នាយក​សារព័ត៌មាន លោក អេប៊្រីម៉ា ម៉ាណេហ៍ នោះទេ។ យុទ្ធនាការ​របស់​យើងនឹង​បន្ត រហូត​ដល់​យើង​សម្រេច​បាន​នូវ​អ្វីដែល​យើង​ចង់​សម្រេច​ឱ្យបាន ដែល​នោះ​គឺ​ជាការដឹង​ឲ្យ​បាន​ច្បាស់​ថាតើ​មាន​អ្វី​កើត​ឡើង​ចំពោះ​នាយក​សារព័ត៌មាន លោក អេប៊្រីម៉ា ម៉ាណេហ៍ ​ ហើយ​នឹង​ឃើញ​ពន្លឺ​ចំពោះ​ការ​សម្លាប់​ លោក ដេយ្យដា ហ៊ីដារ៉ា។»
លោក បាក្លូ បាន​និយាយថា​ ​សហព័ន្ធ​នេះមិនទាន់ទទួល​បាន​ការ​ឆ្លើយ​តបទេ បន្ទាប់​ពី​សហព័ន្ធ​នេះ បានអំពាវ​នាវដល់​អាជ្ញាធរ​ទាំង​នៅក្នុង​ប្រទេស ហ្គាំប៊ៀ និង​នៅ​សហរដ្ឋ​អាមេរិក កាលពី​ដើម​ខែ​មិថុនា ឲ្យ​ដោះស្រាយចំពោះរបាយការណ៍ដែល​ថា លោក​នាយក​សារព័ត៌មាន អេប៊្រីម៉ា ម៉ាណេហ៍ ស្ថិត​នៅក្នុង​សហរដ្ឋ​អាមេរិក៕
ប្រែសម្រួល​ដោយ​ លី សុខ​ឃាង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG