លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងអំពាវនាវឲ្យមានសាមគ្គីភាពជាសាកលជាមួយទ្វីបអាហ្វ្រិកជាផ្នែកមួយដ៏សំខាន់នៃការបញ្ចប់ការរាតត្បាតនៃមេរោគកូរ៉ូណា ដោយនិយាយថា ចំណាត់ការអន្តរជាតិជាការចាំបាច់ ដើម្បីជួយពង្រឹងប្រព័ន្ធថែទាំសុខភាពនិងការផ្គត់ផ្គង់ម្ហូបអាហារ និងបញ្ចៀសវិបត្តិហិរញ្ញវត្ថុ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Guterres បាននិយាយនៅថ្ងៃពុធនេះថា លោកសរសើរបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកនិងសហភាពអាហ្វ្រិក ចំពោះការចាត់វិធានការដ៏ឆាប់រហ័សដើម្បីអនុវត្តការដាក់មនុស្សឲ្យនៅដាច់ដោយពីគ្នានិងបិទព្រំដែន ហើយពឹងផ្អែកលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីព្យាយាមបញ្ឈប់ការរាលដាលនៃវីរុសនេះ។
លោកបានមានប្រសាសន៍ទៀតថា «ក៏ប៉ុន្តែការរាតត្បាតនៃមេរោគនោះគំរាមកំហែងការជឿនលឿននៃទ្វីបអាហ្វ្រិក។ វានឹងធ្វើឲ្យមានអសមភាពនិងភាពអត់ឃ្លាននិងភាពគ្រោះថ្នាក់នៃជំងឺកាន់តែធ្ងន់ធ្ងរឡើង។តម្រូវការនៃរបស់ប្រើប្រាស់ វិស័យទេសចរណ៍ និងការផ្ញើរប្រាក់ពីបរទេសរបស់អាហ្វ្រិកធ្លាក់ចុះ។ ការបើកតំបន់ពាណិជ្ជកម្មបានអូសបន្លាយពេលហើយមនុស្សរាប់លាននាក់ អាចធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំងបំផុត»។
បន្ថែមដល់ការជំរុញឲ្យមានការខំប្រឹងប្រែងជាអន្តរជាតិដើម្បីគាំទ្រការសិក្សាអប់រំ និងការពារការងារ លោក Guterres ក៏បានអំពាវនាវដល់ប្រទេសនានានៅទ្វីបអាហ្វ្រិកឲ្យទទួលបានស្មើគ្នានូវថ្នាំវ៉ាក់សាំងចាក់ការពារនិងការព្យាបាលជំងឺ។
មជ្ឈមណ្ឌលត្រួតត្រានិងរារាំងជំងឺអាហ្វ្រិកប្រាប់ឲ្យដឹងថា ជំងឺកូវីដ១៩ បានសម្លាប់មនុស្សជាង២ពាន់៨រយនាក់។ ករណីឆ្លងភាពច្រើននៅទ្វីបអាហ្វ្រិកគឺ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង អេហ្ស៊ីប អាល់ហ្សេរី ម៉ារ៉ុក និងនីហ្សេរីយ៉ា។
នៅក្នុងប្រទេសចិនដែលជាទីកន្លែងផ្ទុះឡើងនៃមេរោគកូរ៉ូណា បានចាប់ផ្តើមកាលពីខែធ្នូ មន្រ្តីក្នុងខេត្តជីលីនភាគឥសាន្តកំពុងព្យាយាមរាំងខ្ទប់ករណីផ្ទុះឡើងតូចៗថ្មី រួមមានការឆ្លងថ្មី៤ករណីដែលត្រូវបានគេរាយការណ៍នៅថ្ងៃពុធនេះ៕