ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​អគ្គលេខា​ធិការ​អ.ស.ប.​ថា ​ការ​ចាប់​ខ្លួនអ្នក​យក​ព័ត៌មាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សេរីភាពសារ​ព័ត៌មាន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា


​អ្នក​កាសែត​ Reuters លោក Wa Lone (ឆ្វេង)​និង​លោក Kyaw Soe Oo ត្រូវ​បាន​គេ​ដាក់​ខ្នោះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ Antonio Guterres បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​ចាប់​ខ្លួន​អ្នកកាសែត​២នាក់​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Reuters ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ជា​សញ្ញា​ថា ​សេរីភាព​សារព័ត៌មាន​កំពុង​រួមកាន់​តែ​តូច​ក្នុង​ប្រទេស​នោះ។

លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ Guterrez ក៏​បាន​សម្តែង​នូវការ​ព្រួយ​កង្វល់​របស់​លោក​អំពីការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​រដ្ឋ Rakhine ​ដោយ​លោក​និយាយថា ​អ្នកកាសែត​ទាំង​នោះ​ប្រហែល​ត្រូវ​បាន​គេ​ចាប់​ខ្លួនពី​ព្រោះ​តែ​ពួកគេ​បាន​រាយការណ៍​អំពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ទាក់​ទិន​ទៅ​នឹង​អ្វី​ដែល​លោកអគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិបាន​ហៅថា សោកនាដ​កម្ម​នៃ​ការ​ធ្វើ​បាប​មនុស្ស​យ៉ាង​ខ្លាំង។

អ្នក​កាសែត​ឈ្មោះ Wa Loneនិង Kyaw Soe Ooបាន​ត្រូវ​ចាប់​ខ្លួន​កាល​ពីយប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ដែល​ជា​ទី​ក្រុង​ដ៏​សំខាន់​មួយ​ហើយ​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពីការរំលោភ​ច្បាប់​សន្តិសុខ។ យោងតាម​ក្រុម​ប្រឹក្សា​សារព័ត៌​មាន​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ប្រាប់​ឲ្យ​ដឹងថា អ្នក​កាសែត​ទាំង​នោះ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​រៀប​ចំ​ផែនការ​បញ្ជូនឯកសារ​សន្តិសុខ​ដ៏​សំខាន់​ចំពោះ​កង​កម្លាំង​សន្តិសុខ​នៅ​ក្នុង​រដ្ឋ Rakhine ​ទៅឲ្យ​ទីភ្នាក់​ងារ​បរទេស​នៅឯបរទេស។

អ្នកស្រី Ma Pan Ei ភរិយា​របស់​លោកWa Loneបាន​ប្រាប់ VOAផ្សាយ​ជា​ភាសា​ភូមា​ថា ​ក្រុម​គ្រួសារ​មិនបាន​ទទួល​ព័ត៌មាន​អំពី​ស្ថានភាព​ប្តី​របស់​អ្នកស្រី​ទេ។

លោក Joel Simon នាយក​ប្រតិបត្តិ​របស់​គណៈ​កម្មាធិការ​ការពារ​អ្នក​កាសែត​បានប្រាប់ VOAផ្សាយ​ជា​ភាសា​ភូមា​ថា ​អង្គការ​របស់​លោក​បាន​អំពាវនាវ​ដល់​ពួក​អាជ្ញាធរ​ឲ្យ​ដោះ​លែង​ពួក​អ្នក​យក​ព័ត៌មាន​ទាំង​នោះ​ដោយ​គ្មាន​លក្ខខណ្ឌនិង​ជា​បន្ទាន់។​លោក​និយាយ​ទៀត​ថា ការចាប់ខ្លួន​នោះ​កើត​មាន​ឡើង​នៅពេល​ដែល​មានការ​បង្ក្រាប​យ៉ាង​ខ្លាំង​ដែល​កំពុង​មាន​ផល​ប៉ះពាល់​ទៅលើ​សមត្ថភាព​របស់​អ្នក​កាសែត​ដើម្បី​រាយការណ៍​រឿង​សំខាន់​ៗ​របស់​សាកល​លោក៕

XS
SM
MD
LG