ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​នឹង​​តាមដាន​ការ​វិវត្ត​ថ្មី​របស់​ជំងឺ​កូវីដ១៩ ដើម្បី​សិក្សា​ថា​តើ​វ៉ាក់សាំង​នៅ​មាន​ប្រសិទ្ធិភាព​ដែរ​ឬទេ


រូបឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីពលរដ្ឋម្នាក់ដើម្បីធ្វើេតស្តរកជំងឺកូវីដ១៩ នៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីពលរដ្ឋម្នាក់ដើម្បីធ្វើេតស្តរកជំងឺកូវីដ១៩ នៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​កំពុង​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​តាមដានវីរុស​កូរ៉ូណា​វិវត្ត​ថ្មី​ជាច្រើន ដែល​កំពុង​លេចចេញជា​រូបរាង ខណៈ​វីរុស​នេះបន្ត​រាតត្បាត​ទូទាំង​សកលលោក។ នេះបើ​តាម​មន្ត្រី​សុខាភិបាល​ម្នាក់​ដែ​ល​បាន​និយាយ​ កាលពី​ថ្ងៃ​អាទិត្យ។

អ្នកស្រី​វេជ្ជបណ្ឌិត Rochelle Walensky នាយក​មជ្ឈមណ្ឌលប្រយុទ្ធ​នឹងជំងឺ​ឆ្លង (CDC) របស់សហរដ្ឋ​អាមេរិក បាន​និយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យថា ផែនការ​នោះ​គឺ​ឃ្លាំ​មើល «ផលប៉ះពាល់​នៃ​វីរុស​វិវត្ត​ថ្មី​ទាំង​នោះ​លើ​វ៉ាក់សាំង និង​ការ​ព្យាបាល​របស់​យើង​ដែរ»។

អ្នកស្រី​វេជ្ជបណ្ឌិត​បាន​មាន​ប្រសាសន៍​ទៀត​ថា មជ្ឈមណ្ឌល​ CDC បាន​សហការ​ជាមួយ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​រដ្ឋបាល​ស្បៀង​អាហារ​និង​ឱសថ (FDA) និង​ក្រសួង​ការពារ​ជាតិ​អាមេរិកនៅ​ក្នុង​ការ​តាមដាន​វីរុស​កូរ៉ូណា​វិវត្ត​ថ្មី​នោះ។

ព័ត៌មាន​នោះ​មាន​ឡើង​ខណៈ​ដែល​ពិភពលោក​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ដល់​ជិត​ ១០០​លាន​ករណី និង​អ្នក​ស្លាប់​ជាង​ ២​លាន​នាក់ នេះបើ​តាម​សាកល​វិទ្យាល័យ Johns Hopkins។

ក្នុង​ខណៈ​នេះ​ដែរ ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក Andres Manuel Lopez Obrador បាន​ក្លាយ​ជា​មេដឹកនាំ​ពិភពលោក​ចុង​ក្រោយបំផុត​ ដែល​បាន​ប្រកាស​ថា លោក​បាន​ធ្វើ​តេស្តឃើញ​មាន​ជំងឺ​កូវីដ១៩។

លោក​ប្រធានាធិបតី​ ដែល​មាន​អាយុ​៦៧ឆ្នាំ​រូប​នេះ បាន​សរសេរ​នៅ​លើ​ Twitter កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ខ្ញុំ​សោក​ស្តាយនឹង​ជម្រាប​អស់​លោក​អ្នក​ថា ខ្ញុំ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។ រោគ​សញ្ញា​ខ្ញុំ​ស្រាល ​ក៏ប៉ុន្តែ ខ្ញុំ​កំពុង​ធ្វើការ​ព្យាបាល​រួចហើយ»។

ប្រទេស​ម៉ិកស៊ិក​បាន​បញ្ជាក់​ថា ខ្លួន​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ជាង ​១,៧​លាន​ករណី និង​មនុស្ស​ស្លាប់​ជាង​ ១៤៩.០០០​នាក់ ដែល​ជា​ចំនួន​ស្លាប់​ខ្ពស់ជាង​គេ​ទី​៤​ នៅ​ក្នុង​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ប្រេស៊ីល ​និង​ឥណ្ឌា៕

XS
SM
MD
LG