ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​ជប៉ុន ដាក់​សម្ពាធ​លើ​ចិន​រឿង​បញ្ចេញ​ឧស្ម័ន​កាបូន មុន​កិច្ចប្រជុំ​អាកាសធាតុ​ចូល​មក​ដល់


បេសកជន​សហរដ្ឋ​អាមេរិក​ផ្នែក​អាកាសធាតុ​លោក John Kerry ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជប៉ុន គឺ​លោក Shinjiro Koizumi នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​ បាន​ព្រមព្រៀង​គ្នា​ដាក់​សម្ពាធ​ប្រទេស​ចិន​ឲ្យ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Toshimitsu Motegi នៅថ្ងៃ​អង្គារ​នេះ។

លោក Motegi បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រោយ​ជំនួប​ជាមួយ​នឹង​បេសកជន​សហរដ្ឋ​អាមេរិក​ផ្នែក​អាកាសធាតុ​លោក John Kerry ថា៖ «យើង​បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​កិច្ច​ប្រឹងប្រែង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​របស់​ប្រទេស​ធំៗ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​ចិន​ផងដែរ»។

លោក John Kerry បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ជំរុញ​សកម្មភាព​អន្តរជាតិ មុន​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ កិច្ច​ប្រជុំ​កំពូល​នេះ​មាន​គោល​បំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្ដៅ​ផែនដី។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក Kerry ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga ផងដែរ ដោយ «ភាគី​ទាំង​ពីរ​បាន​ឯកភាព​បន្ត​ធ្វើការ​រួម​គ្នា​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ស្ដីពី​អាកាសធាតុ ដើម្បី​បង្កើន​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​នៅ​លើ​ពិភពលោក»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ជប៉ុន​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ។

បន្ទាប់ពី​នេះ លោក Kerry នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ពិភាក្សា​ជាមួយ​លោក Xie Zhenhua បេសកជន​ពិសេស​របស់​ប្រទេស​ចិន​ទទួល​បន្ទុក​កិច្ចការ​ប្រែប្រួល​អាកាសធាតុ។

សន្និសីទ​អង្គការ​សហប្រជាជាតិ​លើក​ទី ២៦ ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP26) នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១ ខែ​វិច្ឆិកា​ខាង​មុខ​នេះ នៅ​ក្នុង​ទីក្រុង Glasgow ប្រទេស​ស្កុតលែន។

សន្និសីទ​នេះ​ជា​កិច្ច​ប្រជុំ​កំពូល​ដ៏​ធំបំផុត​ស្តីពី​អាកាសធាតុ ចាប់​តាំងពី​ការ​ចរចា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ឆ្នាំ ២០១៥ មក ដែល​នៅ​ពេល​នោះ ប្រទេស​នានា​បាន​ប្តេជ្ញា​រក្សា​កំណើន​កម្ដៅ​ផែនដី​ឲ្យ​នៅ​ក្រោម ២ អង្សា​សេ គឺ​ប្រហែល ១,៥ អង្សា​សេ​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ ២០៥០៕

XS
SM
MD
LG