ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអ្នកស្រី Michele Bachelet បានព្រមានថា ការកើនឡើងយ៉ាងឆាប់រហ័សនៃការបំពានសិទ្ធិមនុស្សនៅជុំវិញពិភពលោកកំពុងធ្វើឱ្យសេរីភាពជាមូលដ្ឋានធ្លាក់ចុះ ហើយបណ្តាលឲ្យមានការតវ៉ាកាន់តែច្រើន ដែលជាកត្តាឲ្យកើតមានចលាចល។ អ្នកស្រី Michele Bachelet ធ្វើរបាយការណ៍ពីបច្ចុប្បន្នភាពក្នុងសាកលលោកកាលពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអ្នកស្រី Michele Bachelet បានសង្ខេបករណីបំពានសិទ្ធិមនុស្សជាច្រើននៅទូទាំងពិភពលោកនៅក្នុងសុន្ទរកថារបស់អ្នកស្រីកាលពីថ្ងៃទី២៦ ខែកុម្ភៈ។ តំបន់ណាក៏មានការរំលោភសិទ្ធិមនុស្សដែរ។ មានប្រទេសតិចតួចប៉ុណ្ណោះដែលមិនមានការបំពានសិទ្ធិមនុស្ស។
អ្នកស្រីបានរិះគន់គោលនយោបាយគាបសង្កត់នៅក្នុងប្រទេសមានអំណាចដូចជារុស្ស៊ី ដែលអ្នកស្រីបាននិយាយថា ជាប្រទេសដែលបានអនុម័តច្បាប់ថ្មីៗកាលពីចុងឆ្នាំមុន។ ច្បាប់ទាំងនោះកាន់តែរឹតត្បិតសេរីភាពជាមូលដ្ឋានដែលមានតិចតួចរួចទៅហើយ។
អ្នកស្រី Michele Bachelet បានថ្លែងថា៖«ច្បាប់នាពេលបច្ចុប្បន្នដែលមានការរឹតត្បិត ត្រូវបានបន្តអនុវត្តយ៉ាងតឹងរ៉ឹង រួមទាំងនៅក្នុងបាតុកម្មនាពេលថ្មីៗនៅទូទាំងប្រទេស។ តាមរូបភាពវីដេអូដែលគេថតបាន នៅក្នុងករណីជាច្រើនគេឃើញប៉ូលិសប្រើប្រាស់កម្លាំងមិនចាំបាច់ និងហួសហេតុទៅលើបាតុករដែលភាគច្រើនតវ៉ាដោយសន្តិវិធី និងបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់»។
អ្នកស្រីបានកត់សម្គាល់ពីបញ្ហានៅក្នុងសហរដ្ឋអាមេរិក ដែលមានការរើសអើងជាប្រព័ន្ធ។ អ្នកស្រីបានចង្អុលពីអំពើរបស់សហភាពអឺរ៉ុបដែលបានដាក់ចេញនូវការរឹតត្បិតប្រឆាំងនឹងជនអន្តោប្រវេសន៍ដែលបណ្តាលឲ្យពួកគេស្ថិតក្នុងភាពគ្រោះថា្នក់។ អ្នកស្រីបានរិះគន់ទៅលើការធ្លាក់ចុះសេរីភាពជាមូលដ្ឋាននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងបានថ្កោលទោសរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់ដោយអាវុធដែលបានសម្លាប់ប្រជាពលរដ្ឋដោយមិនឆ្លងកាត់ការទោសពីតុលាការនៅក្នុងប្រទេសហ្វីលីពីន។
អ្នកស្រីបានថ្កោលទោសលើការរំលោភបំពាន ការរើសអើង និងអំពើពុករលួយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ហុងឌូរ៉ាស និងប្រទេសផ្សេងៗទៀតនៅទ្វីបអាមេរិក ដែលបានបង្ខំមនុស្សរាប់លាននាក់ឱ្យរត់ភៀសខ្លួនដើម្បីអាយុជីវិតរបស់ពួកគេ។ អ្នកស្រីបានសម្តែងការសោកស្តាយចំពោះការរងទុក្ខរបស់មនុស្សរាប់លាននាក់ដែលជាជនរងគ្រោះដោយជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
អ្នកស្រី Bachelet បានអំពាវនាវដល់រដ្ឋាភិបាលអ៊ូហ្គាន់ដាឱ្យបញ្ឈប់ការប្រើប្រាស់ច្បាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីចាប់ខ្លួន និងឃុំខ្លួនគូបដិបក្ខនយោបាយ និងអ្នកសារព័ត៌មាន។ អ្នកស្រីក៏បានព្រមានពីគ្រោះថ្នាក់ដែលកើតឡើងពីការព្យាយាមរបស់មន្ត្រីនៅក្នុងប្រទេសតង់សានីដែលមិនព្រមទទួលយកការពិតនៃជំងឺកូវីដ១៩។
អ្នកស្រី Bachelet បានថ្លែងបន្តថា៖«ទាំងនេះរួមមានវិធានការនានា ដើម្បីដាក់ទោសព្រហ្មទណ្ឌចំពោះការទទួលស្គាល់ការរាតត្បាតនៃជំងឺកូវីដ១៩ និងព័ត៌មានពាក់ព័ន្ធនានា។ ការណ៍នេះអាចមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិផ្នែកសុខាភិបាលរបស់ប្រជាពលរដ្ឋតង់សានី។ ខ្ញុំក៏បានកត់សម្គាល់លើរបាយការណ៍នៃការបណ្តេញអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់រយនាក់ចេញពីប្រទេសម៉ូសំប៊ិក និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ព្រមទាំងការរាយការណ៍ជាបន្តបន្ទាប់ពីការធ្វើទារុណកម្ម ការបាត់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យជនភៀសខ្លួនប៊ូរុនឌីត្រឡប់ទៅវិញជាដើម»។
អ្នកស្រី Bachelet បានកត់សម្គាល់ថា មនុស្សម្នានៅគ្រប់តំបន់ក្នុងពិភពលោកកំពុងត្រូវបានគេទុកចោល និងដកចេញពីការអភិវឌ្ឍ និងឱកាសផ្សេងៗទៀត ស្របពេលដែលការរាតត្បាតនៃជំងឺកូវីដ១៩នៅបន្តរាលដាលយ៉ាងលឿន។ អ្នកស្រីបាននិយាយថា ការកសាងទំនុកចិត្ត និងការរក្សា និងពង្រីកសេរីភាពមានសារៈសំខាន់បំផុតចំពោះកិច្ចប្រឹងប្រែងជាសាកលដើម្បីទប់ស្កាត់ និងប្រយុទ្ធនឹងវីរុសកូរ៉ូណា៕