ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរក្រហម​រងការ​រិះគន់​រឿងមិនបាន​កាត់ទោស​ជនសង្ស័យ​បន្ថែម


រូបឯកសារ៖ អ្នកស្រី អ៊ឹម ចែម អតីត​មេដឹកនាំ​ខ្មែរក្រហម​មួយ​រូប កំពុងជិះកង់​ជាមួយ​ចៅប្រុស​ទៅកន្លែងដាក់ចំណីឲ្យគោ ដើម្បីយកគោ​មក​ដាក់នៅចម្ការ​របស់អ្នកស្រី ក្នុងស្រុកអន្លង់វែង។ (ស៊ុន ណារិន/VOA)

សាលាក្តី​នេះ​មិនត្រឹម​តែ​បាន​បរាជ័យ​ក្នុងការ​ផ្តល់រឿង​ទាំងនេះ​ទេ​ តែ ដំណើរការ​សាលាក្តី​នេះ​ បានបើក​របាំងមុខ​ល្ខោន​ប្រជាធិតេយ្យ​កម្ពុជា​ផងដែរ នេះ​បើតាម​សម្តី​សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ម្នាក់។

សាលាក្តី​ខ្មែរក្រហម​រងការ​រិះគន់​នៅពេល​មានការ​សម្រេច​ជា​ចុង​ក្រោយ​ ក្នុងការ បិទ​បញ្ចប់​សំណុំរឿង​និង​មិន​ដំណើរការ​កាត់ទោស​ជនសង្ស័យ​ម្នាក់ជា​អតីត កម្មាភិបាល​ខ្មែរក្រហម​ចំពោះតួនាទី​ក្នុងរបប​វាលពិឃាត។ ​ការរិះគន់​នេះ​បាន កើតឡើង​ជាថ្មី​នៅក្រោយ​ពេលដែល​ អង្គបុរេ​ជំនុំជម្រះ ​ចេញ​សេចក្តី​ពិចារណា របស់ខ្លួន​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ប្រឆាំងនឹង​ដីកា ដំណោះស្រាយ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ដែលសម្រេច​លើកលែង​បទ​ចោទប្រឆាំង​នឹង​អ្នកស្រី ​អ៊ឹម ចែម ​អំពីតូនាទី​របស់​អ្នកស្រីក្នុងរបប​ខ្មែរក្រហម ដែល​មានការ​សង្ស័យថា​ ជាប់ទាក់​ទងនឹង​អំពើ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជាច្រើន។

ក្រោយ​ពេល​ដែល​អង្គបុរេជំនុំជម្រះចេញ​សេចក្តី​ពិចារណា​របស់ខ្លួន​លើ​បណ្តឹង ឧទ្ធរណ៍​របស់​សហព្រះរាជ​អាជ្ញា​អន្តរជាតិ ​ប្រឆាំង​នឹងដីកា​ដំណោះស្រាយ​របស់ សហ​ចៅក្រម​ស៊ើបអង្កេត​ ដែល​សម្រេច​លើកលែង​ចោទ​ប្រឆាំង​នឹងអ្នកស្រី​ អ៊ឹម ចែម​ អំពីតួនាទី​របស់​អ្នកស្រី​ក្នុងរបប​ខ្មែរក្រហម​ដែលមាន​ការសង្ស័យ​ថា ជាប់ ទាក់ទង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជាច្រើន ​សាលាក្តី​ដែលចូលរួម​ដោយអង្គការ​សហប្រជាជាតិ​មួយនេះ​ រងការរិះគន់​ជាថ្មី​ទៅលើ​ដំណើរការ​ច្បាប់នេះ។

អ្នកស្រី ​អ៊ឹម ចែម​ អាយុ ​៧៥ ឆ្នាំ ​ជាអតីត​អភិបាល​ស្រុក​ព្រះនេត្រព្រះ ​ឬជា​លេខាធិការ​តំបន់​ពាយ័ព្យ​ប្រទេស។ ​អ្នកស្រី​ត្រូវបាន​សហចៅក្រម​ស៊ើបអង្កេត​ចោទ ប្រកាន់ជាបឋម​ដើម្បី​ស៊ើបអង្កេត​កាលពី​ខែមីនា​ឆ្នាំ២០១៥​ ពីបទ​ឧក្រិដ្ឋកម្ម ប្រឆាំងនឹង​មនុស្សជាតិ​ ដូចជា​មនុស្សឃាត​ ការសម្លាប់រង្គាល​ ការធ្វើ​ឲ្យ​មាន​ទាសភាព​ ការឃុំខ្លួន ​ការធ្វើ​ទុក្ខបុក្ខម្នេញ ​និងទារុណកម្ម​ផ្សេងៗក្នុង​មន្ទីរឃុំឃាំង និងក្នុង​ការដ្ឋាន​ការងារ​ជាដើម។ ​អ្នកស្រី​ជាជន​សង្ស័យម្នាក់​ក្នុងចំណោម​៣នាក់​នៃសំណុំ​រឿង០០៤​ ហើយនឹង​ជនសង្ស័យ​ម្នាក់ទៀត​ក្នុងសំណុំ​រឿង​០០៣ ​ដែល​សំណុំ​រឿង​ទាំងពីរ​ត្រូវ​គេ​ចោទ​ប្រកាន់ថា ​មានការរារាំង​និងការ​លូកដៃ​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល ​ជាថ្នូរ​នឹង​សន្តិភាព​ ការបង្រួប​បង្រួម​ជាតិ។

អ្នកស្រី​ អ៊ឹម ចែម ​ត្រូវគេស្គាល់​ថាស្ថិតក្នុង​សំណុំរឿង​០០៤ វគ្គ​១​ ពេលជន​សង្ស័យ ២នាក់ទៀត​ត្រូវគេ​បំបែក​ឲ្យ​ស្ថិត​ក្នុង​សំណុំរឿង​០០៤​ វគ្គ២និង ​០០៤ វគ្គ​៣។

កាលពី​សប្តាហ៍មុន​ អង្គបុរេ​ជំនុំជម្រះ​ ដែលជា​ស្ថាប័ន​កំពូល​ សម្រាប់​ដោះស្រាយ​វិវាទ​រវាង​សហព្រះរាជ​អាជ្ញា ​សហចៅក្រម​ និង​ការសម្រេច​ផ្សេងៗ​ទៀតនោះ​ បាន​សម្រេច​តាមសហ​ចៅក្រម​ស៊ើបអង្កេត​ថា​អ្នកស្រី​ អ៊ឹម ចែម ​មិនមែនជា​មេដឹកនាំ​ខ្ពស់បំផុត ​និងជាជន​ទទួល​ខុសត្រូវ​ខ្ពស់បំផុត ​ដែលត្រូវ​ចោទ​ប្រកាន់​ ហើយបាន​ចេញការ​ពិចារណា​របស់ខ្លួន ​លើ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​របស់​សហព្រះរាជ​អាជ្ញា​អន្តរជាតិ​ ប្រឆាំងនឹង​ដីកា​ដំណោះស្រាយ​របស់​សហចៅក្រម ស៊ើបអង្កេត ​ដែលបាន​សម្រេច​លើកលែង​ការចោទ​ប្រកាន់​ប្រឆាំងនឹង​អ្នកស្រីអ៊ឹម ចែម ​លើបទ​ល្មើស​ព្រហ្មទណ្ឌ​នានា​ ដោយ​មូលហេតុ​មិនមាន​យុត្តាធិការ​បុគ្គល។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់អង្គបុរេ​នៃសាលាក្តី​ខ្មែរក្រហម ​ហៅថា អ.វ.ត.ក ​ដែលមានចៅក្រម​កម្ពុជា៣រូប ​ហើយ១រូប​ជាប្រធាន ​និង២រូបជា​ចៅក្រម​បរទេស​ បានឲ្យ​ដឹងទៀត​ថា៖

«ដើម្បី​បដិសេធ​សេចក្តី​សម្រេច​របស់​សហចៅក្រម​ស៊ើបអង្កេត ​យើង​ត្រូវការ សំឡេង​គាំទ្រ ៤ ​លើ៥ ​ដូច្នេះសេចក្តី​សម្រេច​អំពីកង្វះ​យុត្តាធិការ​បុគ្គល​លើ អ៊ឹម ចែម​ ត្រូវបាន​តម្កល់។​ សេចក្តី​សម្រេច​នេះ​ នឹងបិទ​បញ្ចប់នូវ​សំណុំរឿង ​អ.វ.ត.ក ០០៤/១»។

សាស្ត្រាចារ្យ​ច្បាប់អាមេរិកាំង​គឺលោក ​Peter Maguire ​ដែលជាអ្នក​និពន្ធ​សៀវភៅ ការប្រឈមមុខ​នឹងការស្លាប់​ក្នុងប្រទេស​កម្ពុជា ​ឬ ហៅថា​ “Facing Death in Cambodia” ​និងសៀវភៅ​ផ្សេង​ទៀត​នោះ ​បានអះអាង​ថា ការ​សម្រេច​ចុងក្រោយ នេះ ជា​ភស្តុតាង​បន្ថែមថា​ សាលាក្តី​នេះ ​ឈានដល់​ទីបញ្ចប់​ ហើយវា​ជា​ពេលវេលា ដែល ​អ.ស.ប ​ត្រូវចាក​ចេញពីកម្ពុជា។​ លោកថា​ ទម្រង់នៃ​ការស្វែង​រកការពិត​តាម ច្បាប់​ទំនងជា​មិនផ្តល់​គុណភាព​ដូចជា ​ការពិត ​ការផ្សះផ្សារ ​និងការ​ព្យាបាល ផ្លូវចិត្ត ​និងថែមទាំង​មិនអាច​ជួយកែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌នោះ​ផងដែរ។

«សាលាក្តីនេះ​មិន​ត្រឹមតែ​បាន​បរាជ័យ​ក្នុងការ​ផ្តល់រឿង​ទាំងនេះ ​ដំណើរការ សាលាក្តី​នេះ​ បានបើក​របាំងមុខ​ល្ខោន​ប្រជាធិតេយ្យ​កម្ពុជា​ផងដែរ»។

លោកថ្លែង​ថា​ ខណៈពេល​ដែល​សាលាក្តី​បានស្ទាក់ស្ទើ​រ ក្នុង​ដំណើរការ​កាត់ទោស ​ជាច្រើនឆ្នាំ ​មិនបាន​កើតឡើង​ឲ្យបាន​ឆាប់​នោះ ​បាន​ធ្វើឲ្យ​សារព័ត៌មាន សេរី​កម្ពុជា​បានស្លាប់ ​សិទ្ធិមនុស្ស​កម្ពុជា​ធ្លាក់ចុះ ​ហើយ​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បានក្តោប​អំណាច​កាន់តែខ្លាំង​ដោយគ្រប់គ្រង​រដ្ឋតាម​បែប​បក្ស​តែមួយ។

លោក ​ប្រេដ អាដាម ​នាយក​អង្គការ​សិទ្ធិមនុស្ស ​Human Rights ​Watch ​ប្រចាំ តំបន់អាស៊ី ​បាន​ថ្លែង​ចោទប្រកាន់​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ថា ជាអ្នករារាំងការ​ចោទប្រកាន់​ និងកាត់ទោស​អ្នកស្រី​ អ៊ឹម ចែម​ និងជន​សង្ស័យខ្មែរ​ក្រហម​ផ្សេងទៀត។

«អញ្ចឹង​ពលរដ្ឋ​ខ្មែរនឹង​មិន​ទទួល​បាន​យុត្តិធម៌​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏ឃោរឃៅ ​បំផុត​នោះទេ​ ក្នុងប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជា។​ មាន​ឧក្រិដ្ឋកម្ម​ខ្លះជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ បំផុតក្នុង​ពិភពលោក​ ហើយលោក​ ហ៊ុន សែន​ជាអ្នកបញ្ឈប់​ការ​កាត់ទោស។ ពលរដ្ឋ​កម្ពុជា​ចាំបាច់ត្រូវ​ដឹងថា​អ្នកដែល​មិនឲ្យ​នាំខ្លួន​ក្រុមខ្មែរ​ក្រហម​មកកាត់ ទោសគឺ​នាយករដ្ឋ​មន្ត្រី​របស់ខ្លួន​ ហើយ​ខ្លួន​គាត់ផ្ទាល់​ធ្លាប់ជា​ខ្មែរក្រហម»។

លោកថ្លែងថា ​ប្រវត្តិសាស្ត្រ​នឹងកាត់ទោស​លោកយ៉ាង​ធ្ងន់ធ្ងរ។ ​តែទោះ​ជាយ៉ាង ណាលោក​ដឹងថា​ប្រសិន​បើមានការ​អនុញាត​ឲ្យមាន​ការកាត់ទោស​សំណុំរឿង បន្ថែម ​វា​អាចនឹង​ធ្វើ​ឲ្យមាន​ការបង្ហាញ​អំពើ​ឃោរឃៅ​ដែលមន្ត្រីកម្ពុជា​មួយ​ចំនួន​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ប្រព្រឹត្ត​ក្នុងពេល​នោះ។

លោក​ Daniel McLaughlin ​មន្ត្រីច្បាប់​ជាន់ខ្ពស់​នៃមជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​ និង​តម្លាភាព​ហៅថា​ the Center ​for Justice ​& Accountability​ បានផ្តល់​សេវាកម្ម ​ផ្លូវ​ច្បាប់ដល់​ជន​រងគ្រោះ​ពលរដ្ឋខ្មែរ​អាមេរិកាំង​ចំនួន​១៥០នាក់​ដែល​ជាដើម​បណ្តឹង​រដ្ឋប្បវេណី ​បាន​អះអាង​ថា​សំណុំ​រឿង​អ្នកស្រី​អ៊ឹម ចែម​ឈានដល់​ទីបញ្ចប់​ មែន ហើយ​មាន​ការបក​ស្រាយផ្សេងៗគ្នា​ ពីយុត្តាធិការ​និង ​តុលាការ​ក្នុងស្រុក​ថា មានឬ​ គ្មាន​អំណាច​លើសំណុំ​រឿងតុលាការ​ខ្មែរក្រហម​មែនក្តី​ តែសំណុំ​រឿងនេះ ឬសំណុំរឿង​០០៤ ​ឬ​ជនសង្ស័យ​ផ្សេងទៀត​ក្នុង​សំណុំរឿងនេះ​ គួរតែ​ឲ្យមាន ការជំនុំ​ជម្រះទោស​ដោយ​តុលាការ​ក្នុងប្រទេស ​នៅពេល​ណាមួយ​ដែល ដំណើរការ​នីតិវិធី ​ក្នុងតុលាការ​ខ្មែរក្រហម​ចប់ត្រឹម​អង្គបុរេ ​ហើយ​មិនអាច​បន្ត ទៅមុខ​ទៀតបាន ។

«យើងតវ៉ា ​ចំពោះការ​បកស្រាយ​ច្បាប់នេះ ​ដោយសារ​តែវាគ្មាន​ជាមូលដ្ឋាន ក្នុងកិច្ច​ព្រមព្រៀង​រវាងអ.ស.ប​និង​ រដ្ឋាភិបាល​កម្ពុជា ​(សាលាក្តី) ​ហើយបើ​មិន ដូច្នោះ​ទេវា​នឹងក្លាយ​ទៅជាការ​លើកលែង​ទោស​ដ៏ទូលំទូលាយ​ចំពោះ​គ្រប់ជន ដែលប្រព្រឹត្ត ​បទឧក្រិដ្ឋកម្ម​ដ៏ឃោរឃៅ ​បន្ថែមពី​លើបុគ្គល​ដែលត្រូវ​បានកាត់ ទោស ​ដោយ​តុលាការ​ខ្មែរក្រហម»។

លោកបន្ត​ថា​វា​ជារឿង​សំខាន់ណាស់​ដែល​កម្ពុជា​ត្រូវរក្សា​លទ្ធភាព​ផ្តល់យុត្តិធម៌ ជូនជន​រងគ្រោះ​តាមរយៈ​ប្រព័ន្ធ​តុលាការ​របស់ខ្លួន ​ប្រសិនបើ​កម្ពុជា​ចង់ដំណើរ ការ​តាមវិធី​នោះ​ នៅពេល​ស្ថានការណ៍​នយោបាយ​អនុញាត​ឲ្យធ្វើដូច្នោះ​បាននៅ ថ្ងៃ​អនាគត។

លោក​ នេត្រ ភក្ត្រា​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បានអះអាង​ថាសេចក្តី សម្រេច​របស់​អង្គបុរេ​មានន័យថា​ជាការបិទ​ផ្លូវតវ៉ា។

«មាន​ន័យថា​អ្វីដែលជា​ការសម្រេច​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​នេះ​ គឺមាន សុពលភាព ​គឺអ្នកស្រី​អ៊ឹម ចែម​ មិនត្រូវ​បានចោទ​ប្រកាន់​នៅចំពោះមុខ​ អង្គជំនុំ ជម្រះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជាទេ​ដោយសារ​តែ​មានកង្វះ​យុត្តាធិការ ​ដោយ សារតែ​ចៅក្រម​ស៊ើបអង្កេត​រកឃើញ​ថាលោក​ស្រី​អ៊ឹម ចែម​មិនស្ថិត​នៅក្នុងដែន យុត្តាធិការ​បុគ្គលរបស់​សាលាក្តី​ដែលត្រូវ​ជំនុំជម្រះ​ទេ »។

លោក​ថ្លែងថា ​ចៅក្រម​សាលាក្តី​កំពុងបន្ត​នីតិវិធី​ទៅកាន់​សំណុំរឿង​សេស​សល់​ផ្សេង​ទៀត។

ថ្លែងប្រាប់​ VOA ​តាមទូរសព្ទ​ពីតំបន់​អន្លង់វែង​ដែលជាផ្ទះ​របស់អ្នកស្រី​ក្នុងតំបន់ អតីតទីតាំង​រឹងមាំ​ចុងក្រោយ​នោះ​ អ្នកស្រី​អ៊ឹម ចែម​បានបង្ហាញ​ពីភាព​រីករាយ ចំពោះ​ការ​សម្រេចចិត្ត​បិទបញ្ចប់​សំណុំរឿង​របស់​អ្នកស្រី​ បន្ថែម​ពីការ​អរគុណ ដល់ភាគី ​នានា​ដែលបាន​ជួយធ្វើឲ្យ​រឿងរបស់​អ្នកស្រី ​បានជ្រះ​ស្រឡះ។

«អរគុណ​ទាំងអស់​ហ្នឹង​ដែលបាន​ជួយដូចថា​បានជួយ​រកយុត្តិធម៌ឲ្យ ​ដូច​ថា​រកៗ ទៅ ​ការចោទ​ប្រកាន់​ហ្នឹង​វាអត់ពិត​ ដល់អញ្ចឹង​យើងវា​អត់មាន​ទោសអី ​តាម ការចោទ​ប្រកាន់ហ្នឹង​ណា»។​

អ្នកស្រី​អះអាងថា ការ​សម្រេចជា​ស្ថាពរ​លើសំណុំរឿង​អ្នកស្រី​ធ្វើឲ្យ​អ្នកស្រី ​នឹង​បានរស់​នៅ​ជាពលរដ្ឋ​ធម្មតា​ លែងមាន​ការគិតគូរ​ពីការដែល​ត្រូវមាន​ទោសតទៅ​ទៀត៕

XS
SM
MD
LG