ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​អនុម័ត​យន្តការ​ច្បាប់​ដើម្បី​ការពារ​អ្នក​ការពារ​បរិស្ថាន


រូបឯកសារ៖ បាតុករ​ធ្វើបាតុកម្ម​នៅ​ទីក្រុង Bucharest ប្រទេស​រូម៉ានី កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (AP)
រូបឯកសារ៖ បាតុករ​ធ្វើបាតុកម្ម​នៅ​ទីក្រុង Bucharest ប្រទេស​រូម៉ានី កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (AP)

ប្រទេស​ចំនួន​៤៦​និង​សហភាព​អឺរ៉ុប​បាន​អនុម័ត​យន្តការ​ដែល​ចង​កាតព្វកិច្ច​ផ្លូវ​ច្បាប់​នៅ​ក្រោម​អនុសញ្ញា Aarhus ដើម្បី​ការពារ​អ្នក​ការពារ​បរិស្ថាន​ដែល​ប្រថុយ​នឹង​ការ​បំពាន និង​គ្រោះថ្នាក់​ដោយសារ​ការងារ​របស់​ពួកគេ។

អនុសញ្ញា Aarhus ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ១៩៨៨ ក្នុង​ទីក្រុង Aarhus ប្រទេស​ដាណឺម៉ាក​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​គណៈកម្មាការ​សេដ្ឋកិច្ច​អង្គការ​សហប្រជាជាតិ​សម្រាប់​អឺរ៉ុប (UNECE)។ អនុសញ្ញា​នេះ​ជា​សន្ធិសញ្ញា​ចង​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ជា​សាកល​ពាក់ព័ន្ធ​នឹង​ក្តីបារម្ភ​សិទ្ធិ​មនុស្ស និង​បរិស្ថាន។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ​និយាយ​ថា សិទ្ធិ​ជាច្រើន​ដែល​ត្រូវ​បាន​ធានា​នៅ​ក្រោម​សន្ធិសញ្ញា​នេះ​កំពុង​ត្រូវ​បាន​គេ​បំពាន។ អ្នកស្រី Olga Algayerova លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មការ UNECE ថ្លែង​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​របាយការណ៍​ជាច្រើន​ថា សិទ្ធិ​ទាំង​នេះ​មិន​ត្រូវ​បាន​គេ​គោរព។ អ្នកស្រី Olga Algayerova ថ្លែង​ថា៖«យើង​ឃើញ​មាន​និន្នាការ​កើន​ឡើង។ នោះ​គឺ​និន្នាការ​ដែល​អ្នក​ការពារ​បរិស្ថាន​រស់នៅ​ក្រោម​ការ​គំរាមកំហែង​ពី​ការ​សងសឹក និង​ស្ថិត​ក្នុង​ភាព​ភ័យខ្លាច​ដល់​អាយុ​ជីវិត​របស់​ពួកគេ ជាពិសេស​នៅពេល​ដែល​ពួកគេ​និយាយ​ប្រឆាំង​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ។ គ្មាន​នរណា​ម្នាក់​គួរ​រស់​នៅ​ក្នុង​ភាព​ភ័យខ្លាច​ចំពោះ​ការ​ក្រោក​ឈរ​ដើម្បី​បរិស្ថាន និង​ទីកន្លែង​ដែល​ពួកគេ​រស់នៅ​នោះ​ទេ»។

គណៈកម្មការ UNECE និយាយ​ថា អ្នក​ការពារ​បរិស្ថាន​ត្រូវ​បាន​គំរាមកំហែង បៀតបៀន បំភិតបំភ័យ និង​ថែម​ទាំង​សម្លាប់ ដោយសារ​តែ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​គ្រោះថ្នាក់​ដែល​ប៉ះពាល់​ដល់​ការ​ធ្វើ​កសិកម្ម និង​គម្រោង​បំផ្លិចបំផ្លាញ​បរិស្ថាន​ផ្សេងៗ​ទៀត។

កិច្ចព្រមព្រៀង​ថ្មី​បង្កើត​ឱ្យ​មាន​តួនាទី​អ្នក​រាយការណ៍​ពិសេស​អំពី​អ្នក​ការពារ​បរិស្ថាន។ មន្ត្រី​នឹង​អាច​ផ្តល់​ការ​ឆ្លើយតប​លឿន​រហ័ស​ចំពោះ​ការ​បំពាន​ដែល​ត្រូវ​បាន​ចោទប្រកាន់​ដូច​មាន​ចែង​ក្នុង​អនុសញ្ញា Aarhus។

អ្នកស្រី Mary Lawlor អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថ្លែង​ថា ការ​បង្កើត​ឱ្យ​មាន​យន្តការ​ឆ្លើយតប​លឿន​រហ័ស​នេះ​អាច​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អ្នក​ការពារ​បរិស្ថាន។អ្នកស្រី Mary Lawlor បាន​ថ្លែង​ថា៖«ដូច​ខ្ញុំ​បាន​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្ញុំ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ដើម​ឆ្នាំនេះ​អ៊ីចឹង ៥០% នៃ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​សម្លាប់ ​ដូច​ដែល​មាន​នៅក្នុង​កំណត់ត្រា​ដោយ​ការិយល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ឆ្នាំ២០១៩ គឺ​ពួកគេ​ទាំ​ងនោះ​ធ្វើ​ការ​ជាមួយ​នឹង​សហគមន៍​នានា​ដែល​មាន​បញ្ហា​ដីធ្លី បរិស្ថាន សកម្មភាព​អាជីវកម្ម ភាព​ក្រីក្រ និងការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច អ្នក​មាន​កំណើត​ពី​ទ្វីប​អាហ្វ្រិក និង​ជាតិសាសន៍​ភាគតិច​ផ្សេង​ទៀត»។

របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​អង្គការ Global Witness កាលពី​ឆ្នាំ​មុន​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាង ៣០០នាក់​ដែល​ត្រូវ​បាន​សម្លាប់ ៧០% ជា​អ្នក​ការពារ​បរិស្ថាន។

កិច្ចព្រមព្រៀង​ថ្មី​នេះ​បង្ហាញ​ពី​យន្តការ​ជាច្រើន​ដែល​អ្នក​រាយការណ៍​ពិសេស​អាច​ប្រើ​បាន ​ដើម្បី​ដោះស្រាយ​ពាក្យ​បណ្តឹង និង​ការពារ​អ្នក​ការពារ​បរិស្ថាន​ឱ្យ​បាន​លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព។ យន្តការ​ទាំង​នោះ​រួម​មាន ​ការ​ចេញ​វិធានការ​ការពារ​បន្ទាន់ ការ​ប្រើប្រាស់​មធ្យោបាយ​ការ​ទូត ការ​ចេញ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ និង​ការ​នាំ​យក​ករណី​បន្ទាន់​ទៅ​ឱ្យ​ស្ថាប័ន​សិទ្ធិ​មនុស្ស​ពាក់ព័ន្ធ ដើម្បីចាត់​វិធានការ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG