ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍អ.ស.ប.រកឃើញស្ត្រីខ្មែរ៤២នាក់ចាញ់បោកមេខ្យល់ទៅរៀបការនៅចិន


រូបឯកសារ៖ ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​«‍តម្លៃ​កូន​ក្រមុំ»​រៀបរាប់​រឿងរ៉ាវ​របស់​នាង ដែល​ត្រូវបាន​បោកប្រាស់​ឲ្យ​រៀបការ​ជាមួយ​នឹង​បុរស​ជនជាតិ​ចិន ហើយ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ដូច​ទាសករ​នៅ​ប្រទេស​ចិន។ (រូបថត៖ ផន បុប្ផា/VOA Khmer)
រូបឯកសារ៖ ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​«‍តម្លៃ​កូន​ក្រមុំ»​រៀបរាប់​រឿងរ៉ាវ​របស់​នាង ដែល​ត្រូវបាន​បោកប្រាស់​ឲ្យ​រៀបការ​ជាមួយ​នឹង​បុរស​ជនជាតិ​ចិន ហើយ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ដូច​ទាសករ​នៅ​ប្រទេស​ចិន។ (រូបថត៖ ផន បុប្ផា/VOA Khmer)

របាយ​ការណ៍​នោះ​បញ្ជាក់​ថា ​ជន​រងគ្រោះ​ ដែល​ត្រូវ​បាន​ស្ទង់​មតិ​​​ មាន​អាយុ​ចាប់​ពី​១៨​ទៅ​៣៧​ឆ្នាំ​ ​ហើយ​ជា​ទូទៅ​ត្រូវ​បាន​​​ឈ្មួញ​កណ្តាល​ជ្រើស​រើស​​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ ​ក្រោយ​​​ពី​ឈ្មួញ​កណ្តាល​​ប្រើ​ល្បិច​​ និង​ភូត​កុហក​ថា​ ​ទៅ​ធ្វើ​ការងារ​មាន​ប្រាក់​ខែ​ខ្ពស់​នៅ​ប្រទេស​ចិន។

អង្គការ​សហ​ប្រជា​ជាតិ​ដើម្បី​កិច្ច​សហ​ប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​(UN-ACT)​ទើប​តែ​ចេញ​របាយការណ៍​ថ្មី​មួយ​ ដោយ​បាន​រក​ឃើញ​ថា​ ស្រ្តី​ចំនួន​៤២​នាក់ចាញ់​បោក​មេខ្យល់​ទៅរៀប​ការ​នៅ​ប្រទេស​ចិន​ ដែល​ខុស​ពី​ការ​រំពឹង​ទុក​របស់​ពួកគេ។​

​ដោយ​មិន​ដឹង​ខ្លួន ​ស្រ្តី​ខ្មែរ​ចំនួន​៤២​នាក់នោះ​បានក្លាយ​ជា​កូន​ក្រមុំ​របស់​បុរស​ជន​ជាតិ​ចិន​ក្នុង​តំបន់​ក្រីក្រនៃ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ ខណៈ​ដែល​ពួកគេ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​ការ​ងារ​ធ្វើ ​និង​រំពឹង​ថា​ មាន​ជីវភាព​ប្រសើរ​ជាង​មុន។​

​របាយ​ការណ៍​របស់​ UN-ACT​ ចេញ​នៅ​ថ្ងៃទី​២៥ ​ខែ​សីហា បាន​សម្ភាសន៍​ស្ត្រី​ចំនួន​៣៣​នាក់​ដែល​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​និង​៩នាក់​កំពុង​ស្ថិត​នៅ​ប្រទេស​ចិន​ ក្នុង​អំឡុង​ខែ​កញ្ញា​ឆ្នាំ​២០១៤ ​និង​ខែ​មីនា ​ឆ្នាំ​២០១៥។​

របាយ​ការណ៍​នោះ​បញ្ជាក់​ថា ​ជន​រងគ្រោះ​ ដែល​ត្រូវ​បាន​ស្ទង់​មតិ​ មាន​អាយុ​ចាប់​ពី​១៨​ទៅ​៣៧​ឆ្នាំ​ ​ហើយ​ជា​ទូទៅ​ត្រូវ​បាន​ឈ្មួញ​កណ្តាល​ជ្រើស​រើសនៅ​ក្នុង​សហគមន៍​របស់​ពួក​គេ ​ក្រោយ​ពី​ឈ្មួញ​កណ្តាលប្រើ​ល្បិច និង​ភូត​កុហក​ថា​ ​ទៅ​ធ្វើ​ការងារ​មាន​ប្រាក់​ខែ​ខ្ពស់​នៅ​ប្រទេស​ចិន។ ​ស្ត្រី​ ដែល​បាន​យល់​ព្រម​រៀប​អាពាហ៍​ពិពាហ៍ ​ត្រូវ​បាន​គេ​កុហក​ដូចគ្នា​ថា​ នឹង​ត្រូវ​រៀបការ​ជាមួយ​បុរស​អ្នក​មាន​ ប៉ុន្តែ​ពួក​គេ​បែរ​ជា​ត្រូវ​រៀបការ​ជាមួយ​បុរស​ក្រីក្រ​នៅ​តាម​ជនបទ​ទៅ​វិញ។​

របាយ​ការណ៍​ដដែល​នេះ​បន្ថែម​ថា​«មាន​កង្វះ​ខាត​ជាច្រើនក្នុង​ការ​គ្រប់គ្រង​មេខ្យល់ ជា​ហេតុ​ធ្វើ​ឲ្យស្រ្តី​ទាំង​នោះត្រូវ​បាន​គេ​បញ្ឆោត ​និង​បង្ខំ​ឲ្យ​រៀបការ​តាមកម្រិត​ផ្សេងៗ​គ្នា។ ​ស្រ្តី​មួយ​ចំនួន​ត្រូវ​បាន​នាំ​ទៅ​ប្រទេស​ចិន ដោយ​សន្យា​ថា​ នឹង​បាន​ការងារ​ធ្វើ ​ប៉ុន្តែ​ក្រោយ​មក ​ទើប​ពួកគេ​ដឹង​ថា ​ពួកគេ​ត្រូវ​នាំ​ឲ្យ​ទៅ​រៀប​ការ​ជំនួស​វិញ។ ​ស្រ្តី​មួយ​ចំនួន​ទៀត​ត្រូវ​មេខ្យល់​ប្រាប់​ថា​ ពួកគេ​ត្រូវតែ​រៀបការ ​ដើម្បី​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ការងារ​នៅ​ប្រទេស​ចិន»។​

របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​ចេញ​កាល​ពី​សប្តាហ៍​កន្លង​ទៅ ​បានឲ្យ​ដឹង​ដែរ​ថា​ ស្ត្រី​ខ្មែរ​មួយ​ចំនួន​ធំ​ត្រូវ​បាន​គេ​ដក​ហូត​លិខិត​ឆ្លង​ដែន ​និង​បំបិទ​សិទ្ធិ​នៃ​ការ​ដើរ​ហើរ​ ​នៅ​ពេល​ពួកគេ​ទៅ​ដល់​ប្រទេស​នោះ។ ជាង​នេះ​ទៀត ​ពួកគេ​ត្រូវ​បង្ខំចិត្ត​ឲ្យ​បង់​ថ្លៃ​ធ្វើ​ដំណើរ​ និង​ការ​រត់​ការ​ទំាងអស់​ដែល​មាន​តម្លៃ​ដល់​ទៅ​៨ពាន់​ដុល្លារ​អាមេរិក​ ដូច្នោះ​ហើយ​ពួកគាត់​មួយ​ចំនួន​ដែល​គេ​បោក​ថា​ ទៅ​ធ្វើ​ការ​នៅ​ទី​នោះ ​ត្រូវ​បង្ខំ​ចិត្តរៀបការ​ជាមួយ​បុរស​ចិន​ដើម្បី​សង​បំណុល។​ ក្នុង​នោះ​ស្រ្តី​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ជាង​១០០០​គីឡូម៉ែត្រ​ពី​តំបន់​ជន​បទ​ដាច់​ស្រយាល​ទៅ​កាន់​ស្ថានទូត​កម្ពុ​ជា​ដើម្បី​សុំ​ជំនួយ ​ប៉ុន្តែ​ស្រ្តី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ប៉ូលិសនៅ​ប្រទេស​ចិន​ចាប់​បញ្ជូន​ទៅ​គ្រួសារ​បុរស​ជនជាតិ​ចិន​វិញ​ ក្រោយ​សុំ​ជំនួយ​ពី​ប៉ូលិសនៅ​ទីនោះ។​

របាយ​ការណ៍​ដដែល​បន្ថែម​ថា ​កង្វះខាត​ទីផ្សារ​ការងារ​ និង​ប្រាក់​ឈ្នួល​ទាប​នៅ​កម្ពុជា​ ធ្វើ​ឲ្យស្ត្រី​វ័យ​ក្មេង​ជា​ច្រើន​ស្វែង​រក​ឱកាស​ការងារ​នៅ​ក្រៅ​ប្រទេស។ ​ហើយ​ចំនួន​បុរសដែល​នៅ​លីវ​ច្រើន​ក្នុង​ប្រទេស​ចិន​គឺ​ជា​មូលហេតុ​ចម្បង ​ដែល​បង្ក​ឲ្យ​មាន​ការ​ជួញដូរ​ស្ត្រី​ និង​ការ​រៀបការ​ដោយ​បង្ខំ​ពី​ប្រទេស​កម្ពុជា។ ​ក្រុម​ភ្នាក់ងារ​រៀបការ​ និង​មេខ្យល់​ខុស​ច្បាប់​មួយ​ចំនួន​ក៏​ជួយ​ជំរុញ​ឲ្យ​មានកត្តា​ទំាង​នោះ​ផង​ដែរ​ ហើយប្រទេស​ទាំងពីរ​គួរ​យកចិត្ត​ទុក​ដាក់ ​និង​ចាត់​វិធានការ​ឲ្យ​បាន​តឹង​រ៉ឹង។​

លោកស្រី​ជូ ប៊ុនអេង​ រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ ​និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ បាន​ប្រាប់ ​VOA ​ថា ​កម្ពុជា​បាន​ពិភាក្សាសម្រេច​លើ​កិច្ចព្រម​ព្រៀង​ទ្វេ​ភាគី​ចិនកម្ពុជា ​ពាក់ព័ន្ធ​នឹងការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស។ ​លោកស្រី​ថ្លែង​ថា​ ភាគី​ទាំងពីរ​កំពុង​រង់ចាំ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​ អំឡុងឆ្នាំ​២០១៦ ​ដើម្បី​ទប់​ស្កាត់​ និង​ដាក់ទោស​ការ​ប្រព្រឹត្តបទ​ល្មើស​ទាំង​នោះ។​

លោកស្រី​បន្ថែម​ថា៖​

«ទាក់ទង​ជាមួយ​នឹង​ការ​ប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរ​មនុស្ស​ ជាមួយ​នឹងភាគី​ចិន​ហ្នឹង​គឺ​បញ្ហា​អាពាហ៍​ពិពាហ៍​ហ្នឹង​គឺ​ជា​រឿង​មួយដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ហើយ​រហូត​ដល់​ធ្វើ​ការ​ឯក​ភាពគ្នា​ជា​ឯកច្ឆ័ន្ទ ​ក្នុង​ការ​ធ្វើ​ផែនការ​សកម្មភាព​ដែល​យើង​ត្រូវ​ចាប់​ផ្តើម​ពី​ឥឡូវ​ហ្នឹង​ទៅរហូត​ដល់​ឆ្នាំ​២០១៧ ​គឺ​ការ​បង្ការ ទប់​ស្កាត់​ ​ការ​ជួយ​ជន​រង​គ្រោះ ក៏ដូចជា​ការ​ស្វែង​រក​ការ​ស៊ើប​អង្កេត​ដើម្បី​ធ្វើ​ការ​ផ្តន្ទាទោស​ចំពោះ​ករណី​ជួញ​ដូរ​មនុសុ្ស»។​

មន្រ្តី​ស្ថានទូត​ចិនបដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ទេ។​

នាយិកា​អង្គការ​សីលការ ​លោកស្រី​ធីតា ឃឹះ​មាន​ប្រសាសន៍​ថា​ ស្រ្តី​ភាគ​ច្រើន​ ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ចិនគឺ​ជា​ស្រ្តី​ដែល​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ។​ ពួកគេ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​ ដោយ​សង្ឃឹម​ថា​ អាច​ទទួល​បាន​ជីវភាព​គ្រាន់​បើ​ជាង​នៅ​កម្ពុជា។ ​លោកស្រី​បន្ថែម​ថា ​ចំពោះ​ករណី​ចំណាក​ស្រុក​ទៅ​ប្រទេស​ចិន ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ករណី​នេះ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ចាត់​វិធានការ​បង្ការ​ និង​ទប់​ស្កាត់​រាល់​ការប្រព្រឹត្ត​បទ​ល្មើស​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ស្រ្តី។​

លោកស្រី​បន្ថែម​ថា៖​

«នៅ​ក្នុង​ប្រទេស​ចិន​ អត់​មាន​ច្បាប់​ដើម្បី​ការពារ ​ហើយ​គ្មាន​យន្តការ​ដើម្បីការ​ពារ​អ្នក​ដែលចំណាក​ស្រុក​ទៅនៅ​ស្រុក​គេ​ទេ។​ ដូច្នេះ​អ្នកណា​ដែល​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ការងារ​ក៏​ដោយ ​រក​ស្វាមី​ក៏​ដោយ​ គង់​ជួប​បញ្ហា​ច្រើន ​ដែល​យើង​ពិបាក​រក​យន្ត​ការការពារ​ប្រជា​ពលរដ្ឋ​យើង។​ ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា ​បើ​ប្រទេស​ដែល​មើល​ទៅ​ពុំមាន​លទ្ធភាព​ផ្តល់​សុវត្ថិភាពដល់​ស្រ្តី​យើង​ទៅ​ធ្វើការ​ខាង​ណោះ​ទេ ​យើង​កុំ​បើក​ឲ្យ​ចេញ​តែ​ម្តង​ ទាំង​ទៅ​រក​ការងារ​ធ្វើ ​ទាំង​មានគ្រួសារ»។​

របាយ​ការណ៍​នោះ​បន្ថែម​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ស្រ្តី​រងគ្រោះ​ទាំងនោះ​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​ចិនមក​កម្ពុជា​វិញ​ នៅឆ្នាំ​២០១៣មាន​ចំនួន​២១នាក់​ ​នៅឆ្នាំ​២០១៤មាន​ចំនួន​៥៨​នាក់​ និង​នៅឆ្នាំ​២០១៥​មាន​ចំនួន​៨៥​នាក់៕​

XS
SM
MD
LG