ស្រ្តីកម្ពុជាវ័យក្មេងចំនួនពីររូបទៀត នឹងវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃអង្គារនេះ បន្ទាប់ពីអាជ្ញាធរបានជួយអន្តរាគមន៍សង្គ្រោះចេញពីការបោកប្រាស់យកទៅរៀបការជាមួយនឹងបុរសជាតិចិន។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។
ស្ត្រីទាំងពីរនាក់មានឈ្មោះ វង់ ស្រីតូច អាយុ២៥ ឆ្នាំ រស់នៅភូមិពានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង និង ស្រ៊ុន មុំ អាយុ២៤ ឆ្នាំ រស់នៅភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
ចាប់តាំងឆ្នាំ ២០១៤ រហូតមកទល់នឹងខែកក្កដាឆ្នាំ ២០១៥ នេះ មានស្ត្រីកម្ពុជាចំនួន ១០៧ នាក់ហើយដែលបានចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសជនជាតិចិនហើយត្រូវបានជួយសង្គ្រោះឱ្យវិលត្រឡប់មកមាតុភូមិវិញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងការបរទេសកម្ពុជា។
លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់នៅ ក្នុងសេចក្តីថ្លែងការណ៍ថា៖
«ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការអំពាវនាវ ដោយទទូចដល់ពលរដ្ឋខ្មែរ ពិសេសនារីខ្មែរដែលជាជនងាយរងគ្រោះត្រូវធ្វើការប្រុងប្រយ័ត្ន ចំពោះការឆបោក អូសទាញ បញ្ចុះបញ្ចូលពីសំណាក់មេខ្យល់ ដែលមានគំនិតទុច្ចរិត ប៉ុនប៉ងនាំបងប្អូនទៅធ្វើការ ដោយភូតកុហកថានឹងទទួលបានប្រាក់ខែច្រើន ឬនាំទៅរៀបការ ជាមួយបុរសជនជាតិចិន នៅប្រទេសចិន»។