អ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់និងជាស្ថាបនិកនៃចលនាសន្តិភាពទ្រង់ទ្រាយធំនៅហុងកុងដែលឥឡូវនេះត្រូវបានគេស្គាល់ថាជាចលនាឆ័ត្រគឺសាស្ត្រាចារ្យ ចាន់ គីនមែន (Chan Kin-man) ត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយប្តេជ្ញាថា នឹងបន្តការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ។
សាស្ត្រាចារ្យសង្គមវិទ្យាវ័យ៦១ឆ្នាំ ដែលបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Yale បានលេចមុខចេញពីពន្ធនាគារ Pik Uk កាលពីព្រឹកថ្ងៃសៅរ៍ទី១៤ ខែមីនា បន្ទាប់ពីចំណាយពេលអស់១១ ខែនៅពន្ធនាគារ។ លោកហាក់ដូចជាមានស្មារតីល្អ ដោយញញឹមនិងគ្រវីដៃទៅកាន់អ្នកគាំទ្រនិងអ្នកសារព័ត៌មានរាប់សិបនាក់ដែលកំពុងរង់ចាំ។
លោក ចាន់ បាននិយាយទៅកាន់អ្នកគាំទ្រថា៖«យើងចង់បានសិទ្ធិជាសកលពិតប្រាកដ!»
ដោយឱបភរិយារបស់លោក លោក ចាន់ ថ្លែងបន្ថែមទៀតទៅកាន់អ្នកគាំទ្រដែលបានស្រែកពាក្យស្លោកគាំទ្រលទ្ធិប្រជាធិបតេយ្យពេលឃើញរូបលោកថា៖ «ជីវិតនៅក្នុងគុកពិតជាលំបាកណាស់ប៉ុន្តែខ្ញុំមិនមានការសោកស្តាយអ្វីទាំងអស់ពីព្រោះត្រូវតែបាត់បង់អ្វីមួយហើយសម្រាប់ការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ»។
លោក ចាន់ និង ស្ថាបនិកដទៃទៀតនៃចលនាមហាជនដែលមិនស្តាប់តាមអាជ្ញាធរដែលគេហៅថាOccupy Central សាស្ត្រាចារ្យច្បាប់លោក Benny Tai និងអាចារ្យបាទីស្ទលោក Chu Yiu-ming ត្រូវបានកាត់ទោសកាលពីខែមេសា ឆ្នាំមុន ពីបទសមគំនិតក្នុងការបង្កឱ្យមានការរំខានដល់សាធារណជនដែលជាបទចោទប្រកាន់សម័យអាណានិគម ដែលអាជ្ញាធរកម្រយកមកប្រើណាស់។ ទោះជាយ៉ាងណាការកាត់ទោសលោក Chu អាយុ ៧៦ ឆ្នាំ ត្រូវបានព្យួរ។ លោក Tai ត្រូវបានដោះលែងកាលពីខែសីហាក្រោយពីប្តឹងឧទ្ធរណ៍។
បុរសទាំងនោះស្ថិតក្នុងចំណោមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ៩ នាក់ ដែលត្រូវបានផ្តន្ទាទោសចំពោះតួនាទីនាំមុខរបស់ពួកគេនៅក្នុងចលនាឆ័ត្រនៅទីក្រុងហុងកុងកាលពីខែតុលាឆ្នាំ ២០១៤ដែលជាចលនាជនស៊ីវិលដែលមិនគោរពតាមអាជ្ញាធរធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រដែលបានកាន់កាប់សង្កាត់ជំនួញរបស់ហុងកុងទីក្រុងអស់រយៈពេល ៧៩ ថ្ងៃ។
ក្រុមបាតុករសង្ឃឹមថា នឹងអាចបង្ខំរដ្ឋាភិបាលឱ្យផ្តល់ការបោះឆ្នោតដោយសេរីនៅហុងកុងដូចដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានធ្វើឡើងមុនពេលការប្រគល់ទឹកដីពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៩៧។
បាតុកម្មនេះត្រូវបានបង្កឡើងដោយសេចក្តីសម្រេចរបស់ទីក្រុងប៉េកាំងនៅក្នុងខែសីហាឆ្នាំនោះថាប្រជាជនហុងកុងអាចបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងតែពីបញ្ជីបេក្ខជនដែលត្រូវបានអនុម័តដោយអាជ្ញាធរទីក្រុងប៉េកាំងប៉ុណ្ណោះ។
ចលនានេះបានបញ្ចប់ដោយសន្តិវិធីនៅក្នុងខែធ្នូឆ្នាំ ២០១៤ ដោយមិនទទួលបានសម្បទានពីរដ្ឋាភិបាលឡើយ។
ការមិនសប្បាយចិត្តនិងភាពអស់សង្ឃឹមបានរាលដាលដល់ហុងកុងក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ដែលជំរុញឱ្យមានបំណងប្រាថ្នារបស់ជនជាតិហុងកុងជាច្រើនដើម្បីធ្វើអន្តោប្រវេសន៍។ ភាពតានតឹងនយោបាយដែលមិនចេះចប់មិនចេះហើយនេះបានផ្ទុះឡើងជាវិបត្តិនយោបាយធ្ងន់ធ្ងរបំផុតរបស់ក្រុងហុងកុងកាលពីឆ្នាំមុន។
នៅពេលចាប់ផ្តើមអ្វីមួយដែលបានក្លាយជាចលនាប្រឆាំងរដ្ឋាភិបាលក្នុងរយៈពេលមួយខែនៅក្នុងខែមិថុនា តាមការប៉ាន់ស្មានប្រជាជន ១ លាននាក់បានដើរតាមផ្លូវដើម្បីធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាសដែលអាចអនុញ្ញាតឱ្យនាំបុគ្គលម្នាក់ៗទៅជំនុំជម្រះទោសនៅក្នុងប្រទេសចិន។ ការបដិសេធដំបូងរបស់រដ្ឋាភិបាលក្នុងការមិនបោះបង់ចោលច្បាប់នោះ និងអំពើហិង្សារបស់ប៉ូលិសបានជំរុញឱ្យមានការតវ៉ារាប់រយទៀតអស់រយៈពេលជាងកន្លះឆ្នាំដោយប៉ូលិសបានប្រើគ្រាប់កាំភ្លើងពិត គ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហៀរទឹកភ្នែក និងការវាយដំយ៉ាងធ្ងន់ធ្ងរខណៈពេលដែលក្រុមបាតុករងុបងុលបានតបតរវិញដោយគប់ដបសាំង និងដុតរបស់របរនានានិងកាន់កាប់ផ្លូវជាច្រើន។
ពេលត្រូវសួរថាតើលោកយល់ដូចម្តេចអំពីចលនាដែលបានចាប់ផ្តើមបន្ទាប់ពីលោកត្រូវបានគេចាប់ដាក់គុក លោក ចាន់ បាននិយាយថា គាត់ជឿជាក់ថា ប្រជាជនហុងកុងកាន់តែច្រើនយល់ពីមូលហេតុដែលគាត់និងអ្នកដទៃត្រូវងាកទៅរកគោលការណ៍ដែលជនស៊ីវិលមិនគោរពតាមអាជ្ញាធរដើម្បីប្រយុទ្ធក្នុងបុព្វហេតុប្រជាធិបតេយ្យ។
លោកមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា បាតុកម្មនឹងធ្វើឱ្យមេដឹកនាំគិតគូរនិងរដ្ឋាភិបាលទទួលខុសត្រូវចំពោះប្រជាជនសាមញ្ញ។ មានតែប្រជាធិបតេយ្យទេដែលអាចការពារសេរីភាពនិងនីតិរដ្ឋរបស់យើងបាន»។
លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែង»។
លោកបាននិយាយថាលោក «ខូចចិត្ត» ពេលឃើញយុវជនលះបង់ខ្លួនឯងក្នុងចលនានេះ។ អ្នកខ្លះធ្វើអត្តឃាតខណៈប្រហែល ៤០% នៃមនុស្សជាង ៧.០០០ នាក់ដែលត្រូវបានចាប់ខ្លួនគឺជានិស្សិត»។ លោក ចាន់ បាននិយាយថា៖ «ឥរិយាបថងុបងុលរបស់យុវជនត្រូវបានបង្ខំដោយរដ្ឋាភិបាល ដោយលោកបានថ្កោលទោសអាជ្ញាធរចំពោះការបដិសេធម្តងហើយម្តងទៀត មិនព្រមបើកការស៊ើបអង្កេតឯករាជ្យលើអំពើហិង្សារបស់ប៉ូលិសដែលបង្កឱ្យមានការខឹងសម្បារាលដាល។ រដ្ឋាភិបាលមិនមានភាពស្មោះត្រង់ក្នុងការស្វែងរកការពិតទេ។ តើប្រជាជនមិនខឹងយ៉ាងដូចម្តេច?»
ប៉ុន្មានឆ្នាំមុនចលនាប្រឆាំងនឹងរដ្ឋាភិបាលបានផ្ទុះឡើងក្នុងឆ្នាំ ២០១៩ លោក ចាន់ដែលជាសង្គមវិទូដែលត្រូវបានគេគោរព បានព្យាករណ៍រួចហើយថា ការមិនសប្បាយចិត្តដែលកើនឡើងនឹងនាំឱ្យមានការរំជើបរំជួលនៅក្នុងសង្គម។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១៧ ថា «យើងដឹងថាប្រសិនបើយុទ្ធនាការ Occupy Central មិនទទួលជោគជ័យ នឹងមានកុបកម្ម»៕