នៅថ្ងៃអាទិត្យនេះ អ្នករស់នៅទីក្រុងហុងកុងរាប់រយនាក់បានប្រមូលផ្ដុំគ្នាដើម្បីគាំទ្រដល់ចលនាគាំទ្រប្រជាធិបតេយ្យនៅលើកោះតៃវ៉ាន់។
បាតុករនាំគ្នាសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅកោះតៃវ៉ាន់ ដែលបានបោះឆ្នោតឲ្យអ្នកស្រី Tsa Ing-wen ខាងគណបក្សចម្រើននិយមប្រជាធិបតេយ្យកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិទីពីរ។
ប្រជាជនតៃវ៉ាន់បានតាមដានចលនាគាំទ្រប្រជាធិបតេយ្យនៅទីក្រុងហុងកុងយ៉ាងដិតដល់។
ចិននិងតៃវ៉ាន់ស្ថិតក្រោមការដឹកនាំដាច់ដោយឡែកពីគ្នា ចាប់តាំងពីសង្គ្រាមស៊ីវិលនៅចិនកាលពីទសវត្សរ៍១៩៤០មក។ ពេលនោះក្រុមអ្នកជាតិនិយមបានចាញ់ពួកកុំម្មុយនិស្ត និងបានតាំងមូលដ្ឋានរដ្ឋាភិបាលរបស់ខ្លួនឡើងវិញនៅក្នុងទីក្រុងតៃប៉ិ។ ចិនបានទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ដែលកាន់លទ្ធិប្រជាធិបតេយ្យនិងទទូចថា នៅទីបំផុត ភាគីទាំងសងខាងត្រូវរួបរួមគ្នាវិញ ទោះបីជាប្រសិនបើចាំបាច់ត្រូវប្រើកម្លាំងក៏ដោយ។
ចិនគ្រប់គ្រងទីក្រុងហុងកុង ក្រោមប្រព័ន្ធមួយដែលរដ្ឋាភិបាលកុំម្មុយនិស្តហៅថា «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលមានន័យថា មានការដាក់កម្រិតទៅលើស្វ័យភាពរបស់ទីក្រុងហុងកុង ដែលធ្លាប់ស្ថិតក្រោមអាណានិគមអង់គ្លេស។
ពលរដ្ឋហុងកុងទទួលបានសិទ្ធិច្រើនជាងពលរដ្ឋចិនដីគោក ប៉ុន្តែបាតុករហុងកុងនិយាយថា សេរីភាពរបស់ពួកគេកំពុងតែបាត់បង់ជាលំដាប់ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង៕