ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ស្ត្រី​និង​កុមារ​អ៊ុយក្រែន ធ្វើដំណើរ​តាមផ្លូវ​ច្រើន​ថ្ងៃ​ស្វែងរក​កន្លែង​សុវត្ថិភាព


ជនភៀសខ្លួន​អ៊ុយក្រែន សម្រាក​នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​ទីក្រុង Przemysl ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។
ជនភៀសខ្លួន​អ៊ុយក្រែន សម្រាក​នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​ទីក្រុង Przemysl ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។

ពី​ក្រុង​ Kyiv ទៅ​ Zhitomyr បន្ទាប់​មក​ទៅ Rivne ហើយ​តមក ទៅដល់​ព្រំដែនប៉ូឡូញចូល​រួមជាក្បួន​ឡាន និង​មនុស្ស​ស្ពាយ​កាបូប​ចម្ងាយ​១០០គ.ម. ដើរ​តាមដង​ផ្លូវ។ នេះ ជា​អ្វី​ដែល​កើត​មាន​ដល់​អ្នកស្រី​ Snizhana​ នៅ​ពេល​អ្នកស្រី​ចាកចេញ​ពីក្រុង​ Kyiv កាល​ពី​ថ្ងៃទី ២៥ ខែកុម្ភៈ ដើម្បីធ្វើ​ដំណើរទៅ​កាន់ប្រទេស​អាល្លឺម៉ង់​ ដែល​អ្នក​ស្រី​មានញាតិ​សន្តាន​នៅ​ទី​នោះ។​ អ្នកស្រី Snizhana​ ដែលជា​ជន​ភៀសខ្លួន​អ៊ុយក្រែន​និយាយ​ថា៖

«យើង​ត្រូវ​តែ​ទៅ​កាន់​ព្រំដែនផ្សេងមួយ​ទៀត គឺព្រំដែន​ជា​មួយ​ប្រទេស​ស្លូវ៉ាគី។ ​មាន​ក្បួនឡាន ​៦គ.ម. តែយ៉ាង​ហោច​ណាស់​ ក៏​មិន​មែន​១០០គ.ម.ទេ»។

ក្រោយពី​ថើប​លាស្វាមី​អ្នកស្រី អ្នកស្រី Snizhana បានឡើង​ជិះឡានក្រុង ហើយ​ឆ្លង​កាត់ព្រំដែនស្លូវ៉ាគី។ ប្តីអ្នកស្រី​ បានវិលត្រឡប់​ទៅ​ក្រុង Kyiv វិញ។ អ្នកស្រី Snizhana និយាយ​ថា៖

«មាន​គេ​មក​ជួបយើង​នៅ​ព្រំដែន ហើយ​គេ​បានយក​យើង​ទៅ​កាន់​សាលារៀន​មួយ​ដែលយើងមាន​ការ​កក់ក្តៅ ​មានអាហារ ​និង​ទឹក​បរិភោគ។ បន្ទាប់​មក​មិត្តភ័ក្តិ​របស់​ញាតិ​សន្តានយើង បានដឹក​យើង​ពី​ទី​នោះទៅ​កាន់​កន្លែង​ដែល​យើង​អាចទទួលទាន​ដំណេក​មួយ​យប់។ ​ហើយ​ត​មក​យើង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់»។​

នៅ​ថ្ងៃទីពីរ​នៃ​ការចូល​ឈ្លានពាន​របស់​រុស្សី​ អ្នកស្រី​ Olga ក៏​បានចាក​ចេញ​ពី​ប្រទេសអ៊ុយក្រែន​ដែរ ជាមួយ​កូនប្រុស​អាយុមួយ​ឆ្នាំឈ្មោះ Taras។ សព្វ​ថ្ងៃ​នេះ ពួកគេមានសុវត្ថិភាព​ក្នុង​ប្រទេសប៉ូឡូញ។​ អ្នកស្រី Olga Sheremet និយាយថា៖

«នៅ​ពេល​នេះ ខ្ញុំកំពុងឋិត​នៅ​ជា​មួយ​បងប្អូន​ស្រីរបស់ប្តី​ខ្ញុំ។ យើង​បាន​ចាក​ចេញពី​ក្រុង Irpin, យើង​ឮស្នូរគ្រាប់​កាំភ្លើង​ធំ​ និង​ការ​ប្រយុទ្ធ​គ្នា​នៅ Hostomel។ ពីរ​ម៉ោង​ក្រោយ​យើង​ចាក​ចេញ កង​រថក្រោះរុស្សី ​បានចូល​ក្នុង​ក្រុង Irpin, Bucha និង Vorzel។

ប្តី​អ្នកស្រី​ Katerina Ilchenko ជា​ជនជាតិ​អាមេរិកាំង។ ជា​ច្រើន​សប្តាហ៍ ​ប្តី​អ្នកស្រី​និង​គ្រួសារ​ទាំង​មូល​បាននិយាយ​បញ្ចុះបញ្ចូលឱ្យ​អ្នកស្រីចាកចេញពីអ៊ុយក្រែន។ អ្នកស្រី Katerina Ilchenko និយាយ​ថា៖

«ខ្ញុំ​បាន​ប្រាប់​ពួក​គេថា​ ខ្ញុំ​មិនទៅ​ទី​ណា​ទេ។ លោក​អ្នក​ដឹង​ទេ​ ព្រោះ​ហេតុអ្វី? ​ពីព្រោះ​ខ្ញុំ​ មិន​ទាន់រៀបចំ​កែ​លម្អផ្ទះ apartment ខ្ញុំ​ជាថ្មី! ខ្ញុំ​ បាន​កែ​លម្អ​ផ្ទះ​បាយ​ហើយ​។ តែមិនទាន់​បានកែលម្អបន្ទប់​ដេក​នៅ​ឡើយ​ទេ»។

​ក្រោយពី​ក្រសួងការ​បរទេស​ស.រ​.អ.សុំឱ្យពលរដ្ឋអាមេរិកាំងចាក​ចេញ​ពីអ៊ុយក្រែន​ អ្នកស្រី​ Katerina បាន​យល់​ព្រម​ចាកចេញ។ គ្រួសារ​អ្នកស្រី ​បាន​ចេញពីក្រុង Kyiv ហើយ​បាន​ធ្វើដំណើរទៅ​ប៉ែក​ខាង​លិច​ប្រទេស​ មួយ​អាទិត្យមុនការ​លុក​លុយរបស់​រុស្សី។ ពេលនេះ ពួកគេគ្រោង​ចាកចេញ​ពី​ប្រទេស។ អ្នកស្រី​ Katerina Ilchenko ​ថ្លែងថា​៖

«យើង​មិនទាន់​ទៅណា​ឆ្ងាយ​តាម​ដែល​យើង​អាច​ទៅ​ដល់​ទេ​ ពីព្រោះ​យើងមិន​ចង់​ចេញពី​អ៊ុយក្រែន។ តែយ៉ាង​ណា​ ​ក៏វា​គ្រាន់​បើជាងនៅ​ផ្ទះ​ដែ​រ ពីព្រោះ​ការ​វាយ​ប្រហារ​ទី​មួយ​ដោយ​មីស៊ីល​ត្រូវ​ចំ​តំបន់​យើង​រស់​នៅ»។

បើតាម​អ.ស.ប.ថា ​មនុស្ស​ជាង​កន្លះ​លាន​នាក់ដូច Katerina, Olga ​និង​ Snizhana​ បានគេច​ខ្លួន​ចេញពី​អ៊ុយក្រែន ​ហើយ​តួលេខ ​កើន​ច្រើនត​ទៅ​ទៀត។

ពួកអ្នក​វិភាគ​និយាយថា​ ជនជាតិ​អ៊ុយក្រែនច្រើន​នាក់ទៀតខ្ចាត់ព្រាត់នៅ​ក្នុង​ប្រទេស។​ លោក Franck Düvell នៃ​វិទ្យាស្ថាន​ទេសន្តរប្រវេសន៍អន្តរជាតិនិយាយថា៖

«មានមនុស្ស​៦សែន​ ៦ម៉ឺននាក់ ​ខ្ចាត់​ព្រោត់​ទៅ​ប្រទេស​ក្រៅ ហើយមាន​១លាន ​៥សែន​នាក់ទៀត​ ខ្ចាត់ព្រាត់នៅ​ខាង​ក្នុង​អ៊ុយក្រែន។ ដូច្នេះ ​មាន​ទាំង​អស់​២លាន​ ២សែន​នាក់ ​គឺ៤%នៃប្រជារាស្ត្រ​អ៊ុយក្រែន​ គឺ​ថាច្រើន​ក្រាស់ក្រែលទៅ​ហើយ​ ​តែក្នុង​ពេល​ប្រាំថ្ងៃ​ប៉ុណ្ណោះ»។

នេះ ជាវិបត្តិជន​ភៀសខ្លួន​មួយ​នៅ​អឺរ៉ុប​ដែល​កំពុង​កើត​មាន​នៅ​ពេល​នេះ។ លោកស្រី Cynthia Buckley ដែល​ជា​សាស្ត្រាចារ្យ​សង្គម​វិទ្យានៅ​សាកល​វិទ្យាល័យ Illinois ថ្លែង​ថា៖

«បើ​គ្មាន​ការ​គាំទ្រ​ខាងការការពារដែន​អាកាស​ទេ​ បើ​គ្មាន​ការ​ចូលរួម​ពីក្រុម​អ្នក​គាំទ្រ​អ៊ុយក្រែន​ ឬ​កង​យោធាអ៊ុយក្រែន​ ដែលមាន​សមត្ថភាពធ្វើការ​រារាំង​ដល់ការ​បាញ់​មីស៊ីលចំគោលដៅទេ ខ្ញុំ​ថា​ អាច​នឹង​មានអ្នក​ភៀសខ្លួន​ពី​២លាន ​ទៅ​៥លាននាក់ក្នុង​បណ្តា​ប្រជារាស្ត្រ​អ៊ុយក្រែន​៤៤លាន ​១សែន​នាក់»។​

តែ​ជនជាតិ​អ៊ុយក្រែន​ទាំងនោះ​ ​ដែល​បាន​និយាយជា​មួយ​វីអូអេថា​ពួក​គេ​មិន​ចង់​បាន​ឋានៈជនភៀសខ្លួន​ទេ​ ពីព្រោះពួក​គេ​គ្រោងវិលត្រឡប់ទៅផ្ទះគេ​វិញ។ អ្នកស្រី Katerina Ilchenko និយាយថា៖

«ការបារម្ភធំបំផុត​មួយ​របស់​ខ្ញុំ​ គឺ​នៅពេល​ទៅ​ក្រុង Kyiv វិញ​ខ្ញុំ​មិន​ស្គាល់​ក្រុង​នោះ។ តាមអ្វី​ដែល​ខ្ញុំអាចឃើញ ​ហើយខ្ញុំមិន​មើល​ច្រើន​ទេ គឺមើល​នៅ​ទី​នេះ​បន្តិច មើល​ទី​នោះ​បន្តិច​ ​ខ្ញុំ​អាច​ឃើញអ្វីដែល​គេបាន​បំផ្លាញ​ទីក្រុង​នេះ។ តែ​ខ្ញុំ​ស្រឡាញ់​ក្រុង​នេះ​ទោះវា​មានសភាពបែប​ណា​ក៏ដោយ។ ខ្ញុំ​នឹង​វិល​ត្រឡប់​ទៅ Kyiv វិញ។ ខ្ញុំ​នឹង​បើក​ទ្វារផ្ទះ apartment ខ្ញុំជាមួយកូនសោខ្ញុំ ខ្ញុំ​នឹង​ចូលក្នុង​ផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​រៀបចំ​កែលម្អ​ជា​ថ្មី​ ទោះ​ជាលំបាកបែប​ណា​ក៏ដោយ»៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ​

XS
SM
MD
LG