រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានជួបប្រជុំជាមួយសមភាគីចិនរបស់លោក គឺលោក Wang Yi នៅទីក្រុងក្វាងចូវ(Guangzhou) ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៅភាគខាងត្បូងប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយថា លោក Kuleba និងលោក Wang បានយល់ព្រមថា កិច្ចចរចានេះចាំបាច់ដើម្បីបញ្ចប់ការឈ្លានពានរយៈពេល២ឆ្នាំកន្លះរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ អ្នកស្រី Mao បន្តថា ថ្វីបើលក្ខខណ្ឌនានាមិនទាន់លេចចេញជារូបរាងក្តី ក៏ចិនគាំទ្រ«រាល់កិច្ចប្រឹងប្រែងដែលរួមចំណែកដល់សន្តិភាព» ហើយសុខចិត្ត«បន្តដើរតួនាទីស្ថាបនាសម្រាប់បទឈប់បាញ់មួយនិងការចរចាសន្តិភាពឡើងវិញ»។
លោក Kuleba ជាមន្ត្រីជាន់ខ្ពស់បំផុតរបស់អ៊ុយក្រែនដែលបានធ្វើទស្សនកិច្ចនៅចិនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ កិច្ចចរចាទាំងនេះកំពុងប្រព្រឹត្តទៅខណៈបន្តមានភាពតានតឹងរវាងក្រុងកៀវនិងក្រុងប៉េកាំងអំពីភាពជិតស្និទ្ធខាងការទូតនិងសេដ្ឋកិច្ចជាមួយរុស្ស៊ី ថ្វីបើក្រុងប៉េកាំងអះអាងថាខ្លួនជាភាគីអព្យាក្រឹត្យនៅក្នុងជម្លោះនេះក្តី។
អ៊ុយក្រែនបានបង្ហាញសញ្ញាថាខ្លួនចង់ឱ្យចិនចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអន្តរជាតិលើកទី២នៅពេលក្រោយក្នុងឆ្នាំនេះ ដែលនឹងផ្តោតលើផែនការសន្តិភាពដែលស្នើឡើងដោយក្រុងកៀវ។ ទាំងចិនទាំងរុស្ស៊ី មិនត្រូវបានគេអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំសន្តិភាពលើកទី១នៅប្រទេសស្វ៊ីសកាលពីខែមិថុនាទេ ក្រោយពីចិននិងប្រេស៊ីលបានផ្សាយពីផែនការសន្តិភាពដាច់ដោយឡែករបស់ខ្លួនដែលមាន៦ចំណុច។
លោក Kuleba បាននិយាយថាគ្រប់ភាគីទាំងអស់«ត្រូវចៀសវាងមិនឱ្យមានការប្រកួតគ្នារវាងផែនការសន្តិភាពនានា»។
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានផ្តល់ឱ្យដោយទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters
វេទិកាបញ្ចេញមតិ