ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken សន្យា​គាំទ្រ​អ៊ុយក្រែន​ក្នុង​ដំណើរ​ទៅ​ក្រុង​កៀវ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាមួយ នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាមួយ នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា សហរដ្ឋ​អាមេរិក​ដឹង​អំពី​ភាព​បន្ទាន់​នៃ​ស្ថានការណ៍​នៅក្នុង​ប្រទេស​អ៊ុយក្រែន និង​ថា​កងទ័ព​អ៊ុយក្រែន​នឹង​ទទួល​បាន​ជំនួយ​ដែល​ពួកគេ​ត្រូវការ។

ក្នុង​អំឡុង​ជំនួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba នៅ​ក្នុង​ទីក្រុង​កៀវ លោក Blinken បាន​និយាយ​ថា រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden កំពុង​ធ្វើការ​ដើម្បី​ផ្ដល់​ជំនួយ​ថ្មី​ដែល​បាន​អនុម័ត​កាលពី​ចុង​ខែ​មេសា​ដល់​អ៊ុយក្រែន​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន។

លោក ​Blinken​ បាន​ប្រកាស​ផ្តល់​ជំនួយអាវុធ​ចំនួន​ ២ ​ពាន់​លាន​ដុល្លារ​ផងដែរ។ ថវិកា​ភាគច្រើន​គឺ​មក​ពី​កញ្ចប់​ជំនួយ​ដែល​បាន​អនុម័ត​កាលពី​ខែ​មុន។​

លោក Kuleba បាន​និយាយ​ថា ប្រទេស​របស់​លោក​មើលឃើញ​ថា​សហរដ្ឋ​អាមេរិក​គាំទ្រ​អ៊ុយក្រែន និង​ថា​អ៊ុយក្រែន «នឹង​អាច​ទ្រាំទ្រ​នឹង​ការ​លំបាក​ណាមួយ​ដែល​រុស្ស៊ី​នឹង​ព្យាយាម​ដាក់​លើ​អ៊ុយក្រែន»។

នៅ​ថ្ងៃ​ពុធ​នេះ រុស្ស៊ី​បាន​បញ្ជាក់​ថា​កងទ័ព​របស់​ខ្លួន​បាន​ដណ្ដើម​កាន់កាប់​ភូមិពីរ​ទៀត​នៅ​ក្នុង​តំបន់ Kharkiv ដែល​នៅ​ទីនោះ​កងទ័ព​រុស្ស៊ី​បាន​បង្កើន​ការ​វាយ​ប្រហារ។

ការ​រុល​ទៅមុខ​របស់​រុស្ស៊ី​នៅ​ភាគ​ឦសាន​ប្រទេស​អ៊ុយក្រែន​បាន​ជំរុញ​ឱ្យ​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ទាំងអស់​របស់​លោក Zelenskyy នឹង​ត្រូវ​លុបចោល។

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​មីស៊ីល ១០ គ្រាប់​នៅ​ក្នុង​តំបន់​គ្រីមា (Crimea) ដែល​រុស្ស៊ី​កាន់កាប់ ក៏​ដូចជា​បាញ់​ទម្លាក់​ដ្រូន ៩ គ្រឿង​និង​មីស៊ីល​ជាច្រើន​គ្រាប់​នៅ​ក្នុង​តំបន់ Belgorod នៅ​ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី និង​ដ្រូន​ជាច្រើន​គ្រឿង​ទៀត​នៅ​ក្នុង​តំបន់ Kursk និង​តំបន់ Bryansk៕

អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer រួម​ចំណែក​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG