ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នកជំនាញ​​​អ៊ុយក្រែន​​​សិក្សា​​ការព្យាបាល​​អ្នក​នៅ​រស់​ពី​​ការ​ប៉ះពាល់​ផ្លូវចិត្ត​ខ្លាំង​​​នៅ​អូស្ត្រាលី


កុមារ​ស្ថិត​ក្នុង​ថ្នាក់រៀន​ផ្លូវចិត្ត​នៅ​ជំរំ​មួយ​ក្បែរ​ទីក្រុង Lviv ប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទី​៣ ឧសភា ឆ្នាំ២០២៣។
កុមារ​ស្ថិត​ក្នុង​ថ្នាក់រៀន​ផ្លូវចិត្ត​នៅ​ជំរំ​មួយ​ក្បែរ​ទីក្រុង Lviv ប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទី​៣ ឧសភា ឆ្នាំ២០២៣។

ពេទ្យព្យាបាលជំងឺវិកលចរិត​និងអ្នក​ចិត្តសាស្ត្រ​៧​នាក់មក​ពី​អ៊ុយក្រែន​បានឋិតនៅអូស្ត្រាលី​ជិត​បី​ខែ​ដើម្បី​ពិនិត្យ​មើល​ការព្យាបាលការប៉ះពាល់​ផ្លូវ​ចិត្តខ្លាំង​ ជាពិសេសសម្រាប់​ជន​ភៀសខ្លួននិង​ការប្រើពេទ្យក្នុង​សហគមន៍។

អូស្ត្រាលី​បានផ្តល់​ទិដ្ឋាការ​ឱ្យ​ជន​ភៀសខ្លួនប្រមាណ១៣.៧៥០នាក់រៀងរាល់​ឆ្នាំ។ កាលពី​ឆ្នាំ២០២២ ​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ាបាន​ប្រកាស​យកជនចំណាក​ស្រុក១៦.៥០០​នាក់​ថែមទៀតពី​ប្រទេសអាហ្វហ្កានីស្ថាន​រហូត​ដល់​ដំណាច់​ឆ្នាំ២០២៦។

អ្នកគាំទ្រនិយាយថាអ៊ុយក្រែនមាន​ប្រពៃណី​នៃ​ការអត់ធ្មត់​ ជាពិសេសបុរសមិន​ចង់​និយាយអំពី​បញ្ហា​ពួក​គេដោយ​ចំហ​ទេ។

ការព្យាបាល​ជំងឺវិកលចរិត​ក៏​ប្រឈម​នឹង​ការស​ង្ស័យ​ដែរ​នៅ​អ៊ុយក្រែនដោយសារ​ការប្រើវា​ដោយ​អតីត​សហភាព​សូវៀត​ដើម្បី​ចោទ​ថាក្រុម​ប្រឆាំង​ជាមនុស្ស​ឆ្កួត​ហើយដាក់គុក​ពួក​គេ។ នៅអ៊ុយក្រែន ការ​ព្យាបាល​ជំងឺ​វិកលចរិត​មា​ន​នៅ​ក្នុងមន្ទីរពេទ្យនិង​គ្លីនិក មិនមែននៅ​ក្នុង​សហគមន៍​ទេ។
តែ​យ៉ាង​ណា​ក៏​ដោយ​ ក៏ការ​ព្យាបាល​ជំងឺផ្លូវ​ចិត្តបាន​ផ្លាស់ប្តូរ​ដោយមាន​ជំនួយពី​ភរិយា​ប្រធា​នាធិបតីអ៊ុយក្រែន​លោកស្រី Olena Zelenska។

លោក​វេជ្ជបណ្ឌិត Dmytro Martsenkovskyi ជា​ពេទ្យ​ជំងឺ​វិកលចរិត​ម្នាក់ក្នុង​បណ្តា​ពួក​អ្នកព្យាបាល​ជំងឺ​វិកលចរិតដែល​បានមក​ពី​អ៊ុយក្រែន។ លោកបាននិយាយប្រាប់​វីអូអេថាលោក​ពេញ​ចិត្តនឹង​ការព្យាបាលរបស់​អូស្ត្រាលីដល់​អ្នក​នៅរស់​ពី​ការ​ប៉ះពាល់​ផ្លូវ​ចិត្ត​ខ្លាំង។

«វា​ជា​ការលើក​ទឹក​ចិត្តខ្លាំង​ណាស់ដែលឃើញ​អូស្ត្រាលីជា​ប្រទេស​មួយយក​ចិត្ត​ទុកដាក់លើ​សុខភាព​ផ្លូវ​ចិត្ត។ ការណ៍នេះប្រហែលទាក់ទិន​នឹង​ការពិត​ជាក់ស្តែង​ដែលជា​រៀងរាល់ឆ្នាំប្រទេសនេះទទួលយក​ជនភៀសខ្លួនរាប់ពាន់​នាក់​ ដែល​ច្រើន​នាក់​ជាអ្នក​នៅ​រស់​ពី​សង្គ្រាម​និង​ការប៉ះពាល់​ផ្លូវចិត្ត​ខ្លាំង។ ដូច្នេះ​ ​ការថែរក្សា​សុខភាព​ផ្លូវ​ចិត្ត​ដ៏​ត្រឹមត្រូវជាយុទ្ធសាស្ត្រ​ជាតិមួយ​សម្រាប់​អូស្ត្រាលី»។

លោក Martsenkovskyi ថ្លែងថាគេត្រូវការ​ឱ្យមានការព្យាបាលជំងឺ​ផ្លូវ​ចិត្តស្រដៀងគ្នានេះនៅ​ប្រទេស​លោក។

«ការព្យាបាល​ស្រដៀងគ្នានេះ​ត្រូវតែមាន​នៅ​ពេល​នេះ​នៅអ៊ុយក្រែន​ ​ជា​ពិសេសដោយសារ​មាន​អំពើ​ហិង្សា​ខ្លាំង​ក្លា​ ជាពិសេសទៅលើ​ប្រជារាស្ត្រ​ស៊ីវិលនៅ​ពេល​មាន​សង្គ្រាម​នេះ​។ ជាអកុសល ​យើង​មាន​មនុស្ស​ច្រើននាក់ដែល​រង​គ្រោះ​ដោយសារហេតុការណ៍​ច្រើនទាក់ទិននឹង​សង្គ្រាម។ យើង​មាន​មនុស្ស​ច្រើន​នាក់​ដែល​បានបាត់បង់​មនុស្ស​ជិតដិត ជាញាតិសន្តាន​ឬជាមិត្តភ័ក្តិដោយសា​រសង្គ្រាម​ហើយ​ការណ៍​នេះ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ»។

ទស្សនកិច្ចនេះបាន​ទទួល​ប្រាក់ឧបត្ថម្ភ​ពីក្រសួង​ការបរទេស​និង​ពាណិជ្ជកម្ម​អូស្ត្រាលី​ហើយមាន​ទាក់ទិន​នឹងការធ្វើការងារ​ជា​មួយសេវា​រដ្ឋ New South Wales សម្រាប់ការ​ព្យាបាល​និង​ការ​ធ្វើឱ្យ​មានសុខភាព​ល្អឡើងវិញ​អ្នក​នៅរស់ពីការ​ធ្វើ​ទារុណកម្មនិង​ការប៉ះពាល់​ផ្លូវ​ចិត្ត​ខ្លាំង។

​អ្នកជំនាញ​អ៊ុយក្រែន​ទាំងនេះ​ក៏បាន​ជួប​ដែរជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោកស្រី Penny Wong ​និង​រដ្ឋមន្ត្រីខាង​សុខភាពផ្លូវ​ចិត្តនៃ​រដ្ឋ New South Wales លោកស្រី Rose Jackson។

អូស្ត្រាលីជា​ប្រទេសមួយក្នុង​ចំណោមប្រទេសមិនមែន​ជា​សមាជិកអង្គការអូតង់ផ្តល់​ជំនួយ​ច្រើន​ដល់​ការប្រឹងប្រែងធ្វើ​សង្គ្រាម​របស់​អ៊ុយក្រែន​នៅ​ក្រោយការលុកលុយ​របស់​រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ​២០២២។ អូស្ត្រាលីបានបញ្ជូនមីស៊ីល​ រថ​ពាស​ដែក​ យានយន្តសម្រាប់​ប្រតិបត្តិការពិសេស​ ឡានដឹកទំនិញ​ធំៗ​និង​រថយន្ត​សណ្តោង​ទៅ​ឱ្យ​អ៊ុយក្រែន។

រដ្ឋាភិបាល ​ក្រុង​កង់បេរ៉ាក៏​បាន​ដាក់ទណ្ឌកម្ម​លើ​អ្ន​ក​នយោបាយ​រុស្ស៊ី​រាប់រយ​នាក់មានរួម​ប្រធានាធិបតីរុស្ស៊ីលោក​ Vladimir Putin ​ពួកមេបញ្ជាការ​យោធា​និងពួក​អ្នកធុរកិច្ចផង​ដែរ។ ទាំង​នេះជា​ការដាក់​ទណ្ឌកម្មច្រើន​បំផុតដែល​អូស្ត្រាលីបាន​ដាក់​លើ​ប្រទេស​មួយ​ទៀត៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG