រដ្ឋធានីកៀវប្រទេសអ៊ុយក្រែនបានរងការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីពីមុខព្រួញជាច្រើននៅព្រលឹមថ្ងៃសុក្រនេះ ដោយធ្វើឱ្យមនុស្សយ៉ាងហោចណាស់ពីរនាក់រងរបួស នៅក្នុងអ្វីជាការកត់សម្គាល់ថាជាការវាយប្រហារលើកទី ៦ ដោយដ្រូននៅក្នុងខែធ្នូនេះ មកលើទីក្រុងកៀវ។ នេះបើតាមការឱ្យដឹងរបស់ក្រុមមន្ត្រីអ៊ុយក្រែន។
អភិបាលក្រុងកៀវលោក Vitali Klitschko និងមន្ត្រីអ៊ុយក្រែនផ្សេងទៀត បានរាយការណ៍ពីការវាយប្រហារដាច់ដោយឡែកពីគ្នាលើស្រុកដែលមានលំនៅដ្ឋានពលរដ្ឋរស់នៅ។
អភិបាលក្រុងកៀវលោក Klitschko និយាយថា ដ្រូនមួយគ្រឿងបានវាយប្រហារចំអគារលំនៅដ្ឋានមួយកន្លែងក្នុងស្រុក Solomyanskyi ដោយបណ្តាលឱ្យមានភ្លើងឆាបឆេះនៅទីនោះ។
លោកបន្ថែមថា អគារលំនៅដ្ឋានផ្នែកខាងលើត្រូវបានឆេះ ហើយក្រុមអ្នកជួយសង្គ្រាះបន្ទាន់បានទៅដល់ទីនោះដើម្បីជួយសង្គ្រាះ។
មានអគារលំនៅដ្ឋានមួយចំនួនទៀតនៅផ្នែកផ្សេងៗរបស់ទីក្រុងក៏រងការខូចខាតដោយការវាយប្រហារដ្រូនរបស់រុស្ស៊ីផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា មានសញ្ញាបង្ហាញថា សកម្មភាពនិងគម្រោងផែនការផ្នែកយោធារបស់រុស្ស៊ីមានការថមថយ។
កាលពីថ្ងៃព្រហស្បតិ៍ផងដែរ រុស្ស៊ីបានបាញ់គ្រាប់ផ្លោងត្រូវជិតទីតាំងរ៉ែធ្យូងថ្មពីរកន្លែងក្នុងទីប្រជុំជន Toretsk នៃតំបន់ Donetsk ដោយសម្លាប់មនុស្ស ៣ នាក់ និងជនស៊ីវិលយ៉ាងហោចណាស់ក៏ ៥ នាក់ដែរ បានរងរបួស។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Agence France-Presse និង Reuters។