យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពរុស្ស៊ីបានវាយប្រហារលើតំបន់ជាច្រើនកាលពីយប់មិញដោយប្រើដ្រូន ៣៥ គ្រឿង។
កងទ័ពអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន ៣៤ គ្រឿងក្នុងចំណោមនោះ ដោយការបាញ់ទម្លាក់ទាំងនោះបានកើតឡើងនៅទីក្រុងកៀវ ទីក្រុង Dnipropetrovsk ទីក្រុង Kherson ទីក្រុង Mykolaiv ទីក្រុង Chernihiv និងតំបន់ផ្សេងៗទៀត។
គេមិនឃើញមានសេចក្ដីរាយការណ៍ណាមួយថាមានអ្នកស្លាប់និងរងរបួសឬក៏ការខូចខាតណាមួយនៅលើដីនោះទេ។
នៅក្នុងទីក្រុង Nikopol នៅភាគខាងត្បូងក្នុងតំបន់ Dnipropetrovsk មន្ត្រីនានាបាននិយាយថាការបាញ់ផ្លោងរបស់រុស្ស៊ីបានធ្វើឱ្យមនុស្ស ២ នាក់ស្លាប់។
អភិបាលតំបន់ Dnipropetrovsk លោក Serhiy Lysak បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញថា បុរសអាយុ ៨៦ ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោក Lysak បាននិយាយថា ការបាញ់ផ្លោងរបស់រុស្ស៊ីបានធ្វើឱ្យផ្ទះនិងអគារកសិដ្ឋានជាច្រើនរងការខូចខាត៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។