ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy​ ជំរុញ​ឱ្យ​អង់គ្លេស​សម្រួល​ដល់​ការវាយ​ប្រហារ​របស់​ខ្លួន​ចូល​កាន់តែ​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​ថ្លែង​អំឡុង​សន្និសីទ​ព័ត៌មាន​នៅ​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​១៥ កក្កដា ឆ្នាំ២០២៤។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​ថ្លែង​អំឡុង​សន្និសីទ​ព័ត៌មាន​នៅ​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​១៥ កក្កដា ឆ្នាំ២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​ចក្រភព​អង់គ្លេស​ជួយ​សម្រួលដល់​ការវាយ​ប្រហារ​របស់​កងទ័ព​អ៊ុយក្រែន​ចូល​កាន់តែ​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដើម្បី​បញ្ឈប់​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​ជា​ប្រចាំ​ទៅ​លើ​ប្រទេស​របស់​លោក នៅពេល​ដែល​លោក​ធ្វើ​សុន្ទរកថា​ដ៏​កម្រ​មួយ​ដោយ​មេដឹកនាំ​បរទេស​ម្នាក់​ទៅកាន់​ជំនួប​របស់​គណៈរដ្ឋមន្ត្រី​របស់​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Zelenskyy ​បាន​និយាយ​ថា៖​«កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​ឆ្ងាយ»​ដើម្បី​កម្ទេច​ទីតាំង​នានា​ជា​ទីកន្លែង​ដែល​អាវុធ​រុស្ស៊ី​ប្រមូលផ្តុំ​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ដល់​ការការពារ​អ៊ុយក្រែន។

លោក Zelenskyy បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Keir Starmer ថា៖«ខ្ញុំ​សុំ​ឱ្យ​លោក​បង្ហាញ​ភាព​ជា​អ្នក​ដឹកនាំ»​នៅ​ក្នុង​ការលុបចោល​ការរឹតត្បិត​លើ​ការប្រើ​អាវុធ​របស់​លោក​ខាង​លិច​សម្រាប់​ប្រទេស​អ៊ុយក្រែន។

រុស្ស៊ី​បាន​ដាក់​ពង្រាយ​អាវុធ​ដ៏​ប្រល័យ​នៅពេល​ដែល​ខ្លួន​ធ្វើការ​វាយប្រហារ​នៅ​រដូវ​ក្តៅ​នៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ដើម្បី​កម្ទេច​ភូមិ​នានា​ហើយ​នឹង​រុញច្រាន​កងទ័ព​អ៊ុយក្រែន​នៅ​ក្នុង​ភូមិ​ទាំង​នោះ។ រុស្ស៊ី​ក៏​បាន​បាញ់​កាំជ្រួច​មីស៊ីល​ហើយ​នឹង​វាយ​ប្រហារ​ដោយ​ប្រើ​ដ្រូន​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ដោយ​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​និង​វាយ​ប្រហារ​ទីដៅ​នានា ​រួមទាំង​មន្ទីរពេទ្យកុមារ​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋធានី​កៀវ​ផង​ដែរ។

សម្ព័ន្ធមិត្ត​ខ្លះ​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការអនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ប្រើ​អាវុធ​របស់​ខ្លួន​ដើម្បី​វាយ​ប្រហារ​លើ​ទឹកដី​រុស្ស៊ី ​ពីព្រោះតែ​ការព្រួយ​កង្វល់​ថា​ប្រទេស​លោក​ខាង​លិច​អាច​ត្រូវ​អូសទាញ​ឱ្យ​ចូល​ក្នុង​ជម្លោះ​នោះ​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី។ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា​ការណ៍​នេះ​អាស្រ័យ​លើ​អ៊ុយក្រែន​ថា​តើ​ត្រូវ​ប្រើប្រាស់​មីស៊ីល​ដែល​ផ្គត់ផ្គង់​ដោយ​ចក្រភព​អង់គ្លេស​យ៉ាង​ដូចម្តេច ដរាប​ណា​ច្បាប់​អន្តរជាតិ​ត្រូវ​បាន​គោរព៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG