ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មថ្មីលើវិស័យនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី នៅចំពេលដែលមានក្ដីបារម្ភអំពីការបាញ់ផ្លោងនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទ លោក Zelenskyy បានព្រមានអំពី «មហន្តរាយ» ដែលអាចកើតឡើងដែលនឹងគំរាមកំហែងដល់ប្រទេសផ្សេងៗនៅក្នុងតំបន់។
លោក Zelenskyy បាននិយាយដូច្នេះថា៖ «ប្រសិនបើនៅពេលឥឡូវនេះពិភពលោកមិនបង្ហាញកម្លាំងនិងភាពម៉ឺងម៉ាត់នៅក្នុងការការពារស្ថានីយថាមពលនុយក្លេអ៊ែរមួយទេ នោះវាមានន័យថាពិភពលោកបានបរាជ័យ»។
ទាំងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនសុទ្ធតែបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបាញ់ផ្លោងនៅជិតរោងចក្រនុយក្លេអ៊ែរ Zaporizhzhia។
ការចោទប្រកាន់នេះបានបន្តកាលពីថ្ងៃចន្ទម្សិលមិញ ដោយមន្ត្រីម្នាក់ដែលតែងតាំងដោយរុស្ស៊ីនៅក្នុងទីក្រុង Enerhodar ប្រទេសអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយគ្រាប់ផ្លោងរបស់អ៊ុយក្រែនបានធ្លាក់នៅជិតរោងចក្រនោះ។ ចំណែកឯមន្ត្រីអ៊ុយក្រែនវិញបានបញ្ជាក់ថា ការបាញ់ផ្លោងនេះគឺធ្វើឡើងដោយកងទ័ពរុស្ស៊ីដើម្បីប៉ុនប៉ងធ្វើយ៉ាងណាឱ្យមើលទៅដូចអ៊ុយក្រែនជាអ្នកវាយប្រហារអ៊ីចឹងដែរ។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានប្រាប់ VOA ផ្នែកភាសាអ៊ុយក្រែនថា ការណ៍ដែលថា អ៊ុយក្រែនបាញ់ផ្លោងលើរោងចក្រនោះគឺ «មិនទំនងនោះទេ» ដោយហេតុថា «នៅពេលបច្ចុប្បន្ននេះ អ៊ុយក្រែនយល់អំពីកម្រិតនៃគ្រោះថ្នាក់នុយក្លេអ៊ែរទាំងស្រុងលើមនុស្សជាតិ។ យើងបានរស់រានមានជីវិតពីសោកនាដកម្មរោងចក្រនុយក្លេអ៊ែរ Chernobyl ឆ្នាំ១៩៨៦។ អ៊ុយក្រែនគឺជាអ្នកដែលយល់មុនគេអំពីសោកនាដកម្ម Chernobyl នេះ។ នៅពេលនោះ មនុស្សជាច្រើនបានស្លាប់ដោយសារការបញ្ចេញចំហាយវិទ្យុសកម្មពីរោងចក្រនោះ»។
លោក Reznikov បានបន្ថែមថា៖ «ហេតុនេះហើយបានជាយើងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ធ្វើអន្តរាគមន៍នៅក្នុងរឿងនេះ។ យើងមិនត្រឹមតែស្នើ [ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)] ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្នើសហគមន៍អន្តរជាតិទាំងមូលផងដែរឱ្យធ្វើអន្តរាគមន៍និងជះឥទ្ធិពលដើម្បីកុំឱ្យរឿងនេះក្លាយជាមូលហេតុមួយទៀតនៃមហន្តរាយនុយក្លេអ៊ែរនៅទ្វីបអឺរ៉ុប»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។