លោក Zelenskyy នឹងអំពាវនាវទៅកាន់អង្គការអូតង់ ខណៈអ៊ុយក្រែនកាន់ទុក្ខការវាយប្រហារដ៏ប្រល័យរបស់រុស្ស៊ី
ប្រទេសអ៊ុយក្រែនបានប្រកាសការកាន់ទុក្ខរយៈពេលមួយថ្ងៃកាលពីថ្ងៃអង្គារ នៅពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំក្នុងគ្រាអាសន្ន បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចមីស៊ីលគ្រប់ទិសទីរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ៣៧ នាក់ ហើយធ្វើឱ្យមនុស្សជាង ១៧០ នាក់ផ្សេងទៀតរងរបួស។
ក្នុងចំណោមទីដៅដែលត្រូវចំនៅក្នុងការវាយប្រហារគ្រប់ទិសទីក្នុងទីក្រុងកាលពីថ្ងៃចន្ទ រួមមានមន្ទីរពេទ្យកុមារដ៏ធំបង្អស់មួយនៅក្នុងប្រទេស ដែលជាផ្នែកមួយនៃការវាយប្រហារជាបន្តបន្ទាប់ នៅពេលថ្ងៃដែលអភិបាលក្រុងលោក Vitali Klitschko បានពណ៌នាថាជាការវាយប្រហារដ៏ធំបំផុតមួយនៃសង្គ្រាមនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយបាននិយាយថា រុស្ស៊ីត្រូវតែទទួលខុសត្រូវ។
កាលពីថ្ងៃអង្គារ នៅខាងក្រៅនៃការចាប់ផ្តើមនៃសន្និសីទកំពូលរបស់អង្គការអូតង់ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកប្រធានាធិបតី Zelenskyy បានប្រាប់វីអូអេថា លោកនឹងចរចាជាមួយបណ្តាមេដឹកនាំអំពីប្រព័ន្ធការពារដែនអាកាស។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍ កាលពីថ្ងៃចន្ទថា ការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ី «ជាការរំលឹកដ៏តក់ស្លុតនៃភាពព្រៃផ្សៃរបស់រុស្ស៊ី» ហើយបានសន្យា «ការគាំទ្រគ្មានងាករេ» របស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន។
នៅឯអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខបានជួបប្រជុំក្នុងគ្រាអាសន្នកាលពីព្រឹកថ្ងៃអង្គារដើម្បីពិភាក្សាពីការវាយប្រហារលើមន្ទីរពេទ្យកុមារ Okhmatdyt នៅក្នុងរដ្ឋធានីកៀវ។
ប្រធានស្តីទីរបស់ការិយាល័យកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា មន្ទីរពេទ្យត្រូវតែការពារនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំនៅអង្គការសហប្រជាជាតិនិងសេតវិមានអ្នកស្រី Misha Komadovsky បានផ្តល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយ ការណ៍នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters, AFP និង AP។
វេទិកាបញ្ចេញមតិ