ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy អរគុណ​លោក Marcos សម្រាប់​ការចូលរួម​របស់​ហ្វីលីពីន​ក្នុង​កិច្ចប្រជុំកំពូល​សន្តិភាព


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyyចាប់ដៃប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr នៅវិមាន Malacanang ក្នុង​ទីក្រុង​ម៉ានីល​កាលពីថ្ងៃទី​០៣ មិថុនា ឆ្នាំ២០២៤។(Jam Sta Rosa/POOL via Reuters)
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyyចាប់ដៃប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr នៅវិមាន Malacanang ក្នុង​ទីក្រុង​ម៉ានីល​កាលពីថ្ងៃទី​០៣ មិថុនា ឆ្នាំ២០២៤។(Jam Sta Rosa/POOL via Reuters)

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​អំណរគុណ​ដល់​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr កាល​ពី​ថ្ងៃទី៣ ខែ​មិថុនា សម្រាប់​ការចូលរួម​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​កម្រិតខ្ពស់​មួយ​នៅ​ក្នុង​ខែ​នេះ ដោយ​ពណ៌នា​ថា​ជា​«សញ្ញា​ដ៏​រឹងមាំ»​មួយ​ឆ្ពោះទៅ​សម្រេច​បាន​នូវ​សន្តិភាព​ក្នុង​ប្រទេស​ដែល​ត្រូវ​បាន​ហែកហួរ​ដោយ​សង្គ្រាម។​

នៅ​ក្នុងកិច្ចប្រជុំ​ដោយ​ផ្ទាល់​ដំបូង​មួយ​នៅ​ទីក្រុង​ម៉ានីល លោក Zelenskyy ក៏បាន​ថ្លែង​អំណរគុណ​ដល់​លោក​ប្រធានាធិបតី Ferdinand Marcos Jr សម្រាប់​ «គោលជំហ​ដ៏​ច្បាស់លាស់» របស់​ប្រទេស​ហ្វីលីពីន​ទៅលើ​«ការ​ចូល​កាន់កាប់​ដែនដី​អ៊ុយក្រែន» ដោយ​រុស្ស៊ី ខណៈ​មេដឹកនាំ​ហ្វីលីពីន​ធានា​ដល់​ការ​បន្ត​គាំទ្រ​របស់លោក។

លោក Zelenskyy បាន​ប្រាប់លោក Marcos ក្នុង​អំឡុង​កិច្ចប្រជុំ​ទ្វេភាគីថា៖«ខ្ញុំ​មាន​ក្តី​សោមន្សរីករាយ​ដែលបាន​ឮ​ពី​លោក​នៅ​ថ្ងៃ​នេះ​ថា លោក​ចូលរួម​ក្នុង​ជំហាន​មូលដ្ឋាន​របស់​លោក​ដើម្បី​ឆ្ពោះ​ទៅរក​សន្តិភាព។ លោក​ Zelenskyy បាន​អរគុណ​លោក Marcos ចំពោះ​ការចូលរួម​របស់​រដ្ឋាភិបាល​ក្រុងម៉ានីល​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាពដោយ​និយាយ​ថា «វាជាសញ្ញា​ដ៏រឹង​មាំ​មួយ»។​

វាមិនទាន់​មាន​ភាព​ច្បាស់លាស់​ភ្លាមៗ​នៅ​ឡើយ​ថា តើ​លោក Marcos នឹង​ចូលរួម​កិច្ចប្រជុំ​ដោយ​ផ្ទាល់​ឬ​លោក​នឹង​បញ្ជូន​ប្រេសិត​របស់​លោក​មក​នោះទេ។

លោក​បាន​ថ្លែង​ដោយ​បន្ថែម​ថា អ៊ុយក្រែន​នឹង​បើក​ស្ថានទូត​នៅ​ទីក្រុង​ម៉ានីល​នៅ​ឆ្នាំ​នេះ។ លោក​ថ្លែង​ថា៖ «សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ពាក្យ​ពេចន៍​ដ៏​ធំធេង​និង​គោល​ជំហរ​ដ៏​ច្បាស់​លាស់ អំពី​ការចូលកាន់​កាប់​របស់​រុស្ស៊ី​លើ​ទឹកដី​របស់​យើង»។

ដោយ​ពាក់​អាវ​ខ្មៅ​និង​ស្លៀក​ខោ​ទាហាន​ លោក Zelenskyy បាន​មកដល់​វិមាន​ប្រធានាធិបតីក្នុង​ទី​ក្រុង​ម៉ានីល កាល​ពី​ថ្ងៃទី៣ មិថុនា បន្ទាប់​ពី​បានបង្ហាញ​វត្តមាន​ឥត​ព្រៀង​ទុក​នៅ​ឯ​សន្និសីត​សន្តិសុខ​ធំបំផុត​នៅ​អាស៊ី​ ធ្វើឡើង​នៅ​ប្រទេស​សិង្ហបុរី​ដើម្បី​បង្កើន​ការ​គាំទ្រ​ដល់​កិច្ចប្រជុំ​កំពូល​សន្តិភាព​រយៈពេល​២ថ្ងៃ​នៅ​ប្រទេស​ស្វីស។

លោក Marcos បាន​ថ្លែងសុន្ទរកថា​នៅ​ឯ​វេទិកា​សន្តិសុខ​នោះ ដោយ​រិះគន់​អ្វី​ដែល​លោក​ពណ៌នា​ថា​ជា​អំពើ​ខុសច្បាប់ បង្ខិតបង្ខំ និង​សកម្មភាព​គគ្លើន​ដោយ​«តួអង្គ​ដទៃ» នៅ​សមុទ្រ​ចិនខាងត្បូង ដែល​ពាក្យ​នោះ​ចង់​សំដៅ​ទៅលើ​ចិន បើ​ទោះ​បីជា​លោក​មិន​និយាយ​ឈ្មោះ​ប្រទេស​ឱ្យ​ចំ​ក៏ដោយ។

លោក Marcos បាន​ប្រាប់​លោក Zelenskyy ថា​ លោក​«មាន​កិត្តិយស» ដែល​មេដឹកនាំ​អ៊ុយក្រែន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ានីល។

លោក Marcos បាន​ថ្លែងថា៖ «ពិតជា​រីករាយ​ណាស់​ដែលបាន​ជួប ពិភាក្សា​អំពី​បញ្ហា​នានា​ដែល​ស្រដៀងគ្នា​សម្រាប់​ប្រទេស​ទាំងពីរ ហើយ​សង្ឃឹម​ថា យើង​អាចរក​វិធី​សម្រាប់​យើង​ទាំងអស់គ្នា»។

រុស្ស៊ី​ដែល​ហៅ​សកម្មភាព​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ថា​ជា «ប្រតិបត្តិការ​ពិសេស»មួយ​នោះ មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​មកចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូលសន្តិភាព​នៅ​ថ្ងៃទី១៥ និង​១៦ មិថុនា​នោះទេ ដែល​កិច្ចប្រជុំ​កំពូល​នោះ​នឹងត្រូវ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស្វីស។ រុស្ស៊ី​បាន​ច្រានចោល​កិច្ចពិភាក្សា​នោះ​ថា​គ្មាន​ន័យ​អ្វី​នោះ​ទេ ​បើគ្មាន​វត្តមាន​របស់ខ្លួន។

ខណៈពេល​លោក Zelenskyy ស្ថិត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី លោក​បាន​ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា លោក​មិន​អាច​ជួប​ជាមួយ​ប្រតិភូ​ចិន​នៅ​ឯសន្និសីត​នេះ​បាន​ទេ​ ហើយ​លោក​បាន​ថ្លែងថា​ លោក​ខកចិត្តដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​ជា​សម្ពន្ធមិត្ត​រដ្ឋាភិបាល​រុស្ស៊ី​ មិនចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូល​នេះ។ លោក Zelenskyy បានជំរុញ​ឱ្យ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ចូលរួម បើទោះបី​ជារដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនទាន់​បញ្ជាក់​ថា​នឹង​បញ្ចូន​នរណា​មក​ចូលរួម​នៅឡើយទេ៕

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG