មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទីក្រុង Kharkiv ភាគឦសាន ប្រទេសអ៊ុយក្រែន។
លោក Oleh Syniehubov អភិបាលតំបន់ បានថ្លែងតាម Telegram ថា រុស្ស៊ីបានវាយប្រហារតំបន់នេះយ៉ាងហោចណាស់ ១៥ ដង។
នៅតំបន់ Belgorod ភាគខាងលិចនៃប្រទេសរុស្ស៊ីវិញ ក្រុមមន្ត្រីរាយការណ៍ថា មានការខូចខាតកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបំផ្លាញរ៉ុក្កែតអ៊ុយក្រែនចំនួន ៣៥ គ្រាប់និងដ្រូនចំនួន ៣ គ្រឿង ដែលហោះពីលើទីក្រុង Belgorod។
លោក Vyacheslav Gladkov អភិបាលតំបន់ បានថ្លែងតាម Telegram ថា ការវាយប្រហាររបស់អ៊ុយក្រែនបានបំផ្លាញអគារមួយ និងបានបង្កឱ្យមានអគ្គិភ័យនៅក្នុងទីក្រុង Belgorod។
លោក Gladkov ក៏បានរាយការណ៍ពីការខូចខាតផ្ទះសម្បែងជាច្រើនខ្នងនៅក្នុងភូមិចំនួនពីរក្នុងតំបន់នេះផងដែរ។
តំបន់ Belgorod មានទីតាំងនៅតាមបណ្តោយព្រំដែនរុស្ស៊ីនិងអ៊ុយក្រែន ហើយបានក្លាយជាគោលដៅនៃការវាយប្រហាររបស់អ៊ុយក្រែនជាញឹកញាប់។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសរសើរប្រទេសស៊ុយអែត សម្រាប់កញ្ចប់ជំនួយរយៈពេលបីឆ្នាំ ដែលមានទឹកប្រាក់សរុបជាង ៧ពាន់លានដុល្លារ។
លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថានាពេលរាត្រីរបស់លោក កាលពីថ្ងៃពុធថា៖ «វានឹងជួយពង្រឹងមិនត្រឹមតែយើងប៉ុណ្ណោះទេ មិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងតំបន់អឺរ៉ុបទាំងមូលពីប្រទេសតំបន់បាល់ទិកដល់សមុទ្រខ្មៅ»។
មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានអំពាវនាវជាថ្មីសម្រាប់ជំនួយបន្ថែមទៀតសម្រាប់ការការពារដែនអាកាសផងដែរ។
លោក Zelenskyy បាននិយាយថា អ៊ុយក្រែនត្រូវការអាវុធដើម្បីទប់ទល់នឹងរុស្ស៊ីដែលបានប្រើគ្រាប់បែកបញ្ជាដើម្បីវាយប្រហាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
លោក Zelenskyy បាននិយាយថា៖ «គ្មានជម្រើសផ្សេងទៀតទេ។ អ៊ុយក្រែនត្រូវការប្រព័ន្ធ និងយុទ្ធសាស្ត្រ ដែលនឹងអនុញ្ញាតឱ្យយើងការពារទីតាំងរបស់យើង ទីក្រុង និងសហគមន៍របស់យើងពីគ្រាប់បែកទាំងនេះ»។
កាលពីខែមេសា លោកបានថ្លែងថា រុស្ស៊ីបានបញ្ជូនគ្រាប់បែកបញ្ជាជាង ៣.២០០ គ្រាប់ ចូលក្នុងអ៊ុយក្រែនបន្ថែមលើកាំជ្រួចមីស៊ីលនិងដ្រូនផងដែរ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters។
វេទិកាបញ្ចេញមតិ