ប្រទេសរុស្ស៊ីកំពុងព្យាយាមទិញ «របស់គ្រប់បែបយ៉ាងពីគ្រប់ទីកន្លែង» ដែលក្នុងនោះរួមមានទាំងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរដូចជាប្រទេសមីយ៉ាន់ម៉ាជាដើម ដើម្បីបានសព្វាវុធសម្រាប់ការឈ្លានពានរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនលោក Kyrylo Budanov។
នៅក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះជាមួយវីអូអេ មន្ត្រីស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់របស់អ៊ុយក្រែនរូបនេះបាននិយាយថា៖ «មានកិច្ចប្រឹងប្រែងជាក់លាក់មួយចំនួនដើម្បីទិញអាវុធពីប្រទេសទីបី។ មានការយកចេញនូវអាវុធជាច្រើន។ ពេលនេះរុស្ស៊ីកំពុងព្យាយាមទិញអាវុធពីប្រទេសមីយ៉ាន់ម៉ា»។
របបយោធាមីយ៉ាន់ម៉ាបានដិសេធការចោទប្រកាន់នេះ។ អ្នកនាំពាក្យយោធាមីយ៉ាន់មាលោកឧត្តមសេនីយ៍ទោ Zaw Min Tun បានប្រាប់វីអូអេភាសាភូមាតាមទូរស័ព្ទកាលពីថ្ងៃទី ៨ ខែមីនាកន្លងទៅនេះថា «រុស្ស៊ីជាប្រទេសមួយដែលលក់អាវុធទៅឱ្យពិភពលោក។ ការចោទប្រកាន់បែបនេះមិនអាចទៅរួចទេហើយជារឿងមិនសមហេតុសមផលផងដែរ»។ លោកបានបដិសេធមិនបកស្រាយបន្ថែមលើប្រធានបទនេះឡើយ។
អ្នកស្រី Yadanar Maung អ្នកនាំពាក្យអង្គការ Justice for Myanmar (JFM) ដែលជាក្រុមការពារសិទ្ធិមនុស្ស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់វីអូអេថា៖ «របបយោធាមីយ៉ាន់ម៉ានិងរបបដឹកនាំរុស្ស៊ីជាសម្ព័ន្ធមិត្តដ៏សំខាន់ ដែលឃុបឃិតឧក្រិដ្ឋកម្មព្រៃផ្សៃជាមួយគ្នាទៅវិញទៅមក។ របបយោធាមីយ៉ាន់ម៉ាគាំទ្រការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងបានផ្តល់ទីតាំងប្រទេសមីយ៉ាន់ម៉ាដោយបើកចំហដល់ក្រុមជំនួញរុស្ស៊ីក្នុងការចូលទៅកាន់ទីផ្សារអាស៊ី ដែលបំពានទៅលើការដាក់ទណ្ឌកម្ម [របស់អន្តរជាតិ]»។
អង្គការ Justice for Myanmar បានបញ្ជាក់ថា ខ្លួនបានតាមដានអ្វីដែលខ្លួនហៅថាជាទំនាក់ទំនងដ៏ស្អិតល្មួតរវាងរុស្ស៊ីនិងរបបយោធាមីយ៉ាន់ម៉ា ចាប់តាំងពីក្រោយរដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០២១ មក។ អង្គការនេះបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនដែលបានចេញផ្សាយកាលពីខែមីនាឆ្នាំ ២០២២ កន្លងទៅនេះថា ក្រុមហ៊ុនជំនួញរុស្ស៊ីចំនួន ១៩ គួរត្រូវបានដាក់ទណ្ឌកម្មសម្រាប់ការផ្តល់សព្វាវុធដល់យោធាមីយ៉ាន់ម៉ា។
នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោកនាយឧត្តមសេនីយ៍ Min Aung Hlaing ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែកក្កដាឆ្នាំទៅ ដែលជាដំណើរទស្សនកិច្ចមួយក្នុងចំណោមទស្សនកិច្ចជាច្រើនដែលមេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះបានធ្វើចាប់តាំងពីក្រោយរដ្ឋប្រហារយោធាឆ្នាំ ២០២១ មក ប្រទេសរុស្ស៊ីនិងមីយ៉ាន់ម៉ាបានប្រកាសថាពួកគេនឹងពង្រឹងកិច្ចសហប្រតិបត្តិការការពារឱ្យកាន់តែស៊ីជម្រៅថែមទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ បានលើកឡើងថា៖ «កិច្ចប្រជុំ [រវាងមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing និងមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ី]... គឺជាការបញ្ជាក់នូវការតាំងចិត្តទៅវិញទៅមកក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការចម្រុះឥតងាករេរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ»។
លោក Kyaw Zaw អ្នកនាំពាក្យការិយាល័យប្រធានរដ្ឋាភិបាលឯកភាពជាតិ (NUG) ដែលជារដ្ឋាភិបាលស្រមោលបែបស៊ីវិលរបស់មីយ៉ាន់ម៉ា បានប្រាប់វីអូអេតាមរយៈប្រព័ន្ធអនឡាញ Zoom ថា រដ្ឋាភិបាលឯកភាពជាតិបានសម្តែងនូវក្តីបារម្ភអំពី «លទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងកងទ័ពមីយ៉ាន់ម៉ាស្តីពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន»។
លោកបានបញ្ជាក់ដូច្នេះថា៖ «យើងគិតថា រុស្ស៊ីអាចប្រើប្រាស់យោធាមីយ៉ាន់ម៉ានិងប្រទេសជិតស្និទ្ធរបស់ខ្លួនមួយចំនួនធ្វើជាអន្តរការីដើម្បីទិញអាវុធពីបណ្តាប្រទេសនានា ពីព្រោះយោធាមីយ៉ាន់ម៉ា មិនមានលទ្ធភាពជួយឧបត្ថម្ភសព្វាវុធដល់កងទ័ពរុស្ស៊ីនោះទេ»។
លោក Kyaw Zaw បានបន្ថែមដូចនេះថា៖ «បើទោះបីជាក្រុមបស្ចិមប្រទេសដាក់ទណ្ឌកម្មប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ាយ៉ាងណាក្តី ក៏ទណ្ឌកម្មទាំងនេះនៅមានភាពខ្សោយនិងមិនមានប្រសិទ្ធភាព ដោយសារបញ្ហាចន្លោះប្រហោងមួយចំនួនដែលរុស្ស៊ីនិងកងទ័ពមីយ៉ាន់ម៉ាអាចកំពុងព្យាយាមដើម្បីកេងប្រវ័ញ្ចតាមរយៈកិច្ចសហប្រតិបត្តិការ»។
ដោយឆ្លើយតបទៅនឹងសំណួរអំពីថាតើប្រទេសចិនឬឥណ្ឌាអាចធ្វើការតាមរយៈប្រទេសមីយ៉ាន់ម៉ាដើម្បីបញ្ជូនអាវុធនិងគ្រាប់រំសេវទៅឱ្យប្រទេសរុស្ស៊ីឬក៏យ៉ាងណានោះ អ្នកនាំពាក្យរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ារូបនេះបាននិយាយថា៖ «ពុំមានហេតុផលល្អណាមួយសម្រាប់រដ្ឋាភិបាលឯកភាពជាតិរបស់យើងក្នុងការទទួលយកនូវស្ថានភាពមួយដែលមីយ៉ាន់ម៉ាកំពុងត្រូវបានគេប្រើដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសមហាអំណាចនោះឡើយ»។
ទាក់ទិនទៅនឹងលទ្ធភាពដែលប្រទេសមីយ៉ាន់ម៉ាអាចត្រូវបានពាក់ព័ន្ធនៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន លោក Kyaw Zaw បានប្រាប់វីអូអេថា៖ «យើងបារម្ភអំពីព័ត៌មាននេះ។ យើងខ្លាចថារឿងនេះអាចប៉ះពាល់ដល់ប្រទេសរបស់យើង ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់និងសន្តិភាពនិងសន្តិសុខនៅលើសាកលលោកផងដែរ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ