មន្ត្រីការទូតកំពូលរបស់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក គឺលោក Sergey Lavrov និងលោក Antony Blinken បានដោះដូរពាក្យសម្ដីដ៏មុតស្រួចដាក់គ្នាកាលពីថ្ងៃព្រហស្បតិ៍នៅឯសន្និសីទសន្តិសុខអន្តរជាតិមួយ ជុំវិញសង្គ្រាមជិតបីឆ្នាំរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ដោយម្នាក់ៗបានស្តីបន្ទោសប្រទេសរបស់គ្នាទៅវិញទៅមក ចំពោះការបង្កើនជម្លោះ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov បានចោទប្រកាន់ប្រទេសលោកខាងលិចថា បានធ្វើឱ្យសង្រ្គាមត្រជាក់មានឡើងវិញ ជាមួយនឹងការផ្តល់អាវុធដល់កងកម្លាំងរបស់រដ្ឋាភិបាលក្រុងកៀវ និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី «ជាមួយនឹងហានិភ័យកាន់តែខ្ពស់នៃការធ្លាក់ចូលទៅក្នុងដំណាក់កាលសង្គ្រាមដ៏ក្តៅគគុក»។
លោក Lavrov បាននិយាយនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុបក្នុងប្រទេសម៉ាល់តាថា ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនត្រូវបានជំរុញដោយគោលបំណងមួយដើម្បី «នាំអង្គការអូតង់ត្រឡប់ទៅឲ្យមានចំណុចសំខាន់ខាងនយោបាយវិញ» ដោយអះអាងថា «បន្ទាប់ពីការអាម៉ាស់នៅអាហ្វហ្គានីស្ថាន ចាំបាច់ត្រូវមានសត្រូវរួមថ្មីមួយ»។
លោក Lavrov ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុប ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីសមយុទ្ធយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលព្យាយាម «បង្កអស្ថិរភាពនៅទ្វីបអឺរ៉ាស៊ីទាំងមូល»។
បន្ទាប់មកលោក Lavrov បានចាកចេញពីកិច្ចប្រជុំ មុនពេលជាជាងរង់ចាំស្តាប់ការឆ្លើយតបពីលោក Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងវាគ្មិនផ្សេងទៀត។
លោក Blinken បាននិយាយដោយលើកឡើងពីការដាក់ពង្រាយកងកម្លាំងកូរ៉េខាងជើងប្រហែល ១ម៉ឺននាក់ ដើម្បីជួយទាហានរុស្ស៊ីប្រយុទ្ធ ការប្រើប្រាស់កាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដើម្បីវាយប្រហារអ៊ុយក្រែន ចំណាត់ការរបស់រុស្ស៊ីក្នុងការកាត់បន្ថយកម្រិតនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
លោក Blinken បាននិយាយថា «លោក Lavrov បាននិយាយអំពីសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋសមាជិកនីមួយៗក្នុងការសម្រេចចិត្តរបស់ពួកគេ។ នោះហើយជារឿងសំខាន់៖ សិទ្ធិអធិបតេយ្យភាពរបស់អ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនក្នុងការសម្រេចចិត្តដោយខ្លួនឯងអំពីអនាគត មិនមែនឱ្យរុស្ស៊ីសម្រេចចិត្តឱ្យនោះទេ»៕