យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពរុស្ស៊ីបានវាយប្រហារកាលពីយប់មិញដោយប្រើមីស៊ីល ១៩ គ្រាប់និងដ្រូន ៣២ គ្រឿងលើតំបន់នានានៅទូទាំងប្រទេសអ៊ុយក្រែន រីឯប្រទេសរុស្ស៊ីវិញបានរាយការណ៍ថាអ៊ុយក្រែនបានប្រើដ្រូនវាយប្រហារលើខ្លួនតាមអាកាសនិងសមុទ្រ។
កងទ័ពអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនទាំង ៣២ គ្រឿង ក៏ដូចជាមីស៊ីល ៧ គ្រាប់ផងដែរ។
អភិបាលតំបន់ Dnipropetrovsk លោក Serhiy Lysak នៅភាគកណ្ដាលប្រទេសអ៊ុយក្រែន បាននិយាយថា ដ្រូន ៧ គ្រឿងក្នុងចំណោមនោះត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់របស់លោក ដោយបំណែកបាក់បែកនៃដ្រូនទាំងនោះបានធ្វើឱ្យខូចខាតដល់ផ្ទះមួយខ្នងនិងខ្សែភ្លើង។
ការបាញ់ទម្លាក់មីស៊ីលនិងដ្រូនទាំងនេះក៏ធ្វើឡើងផងដែរនៅក្នុងតំបន់ Cherkasy តំបន់ Kherson តំបន់ Khmelnytskyi តំបន់ Kirovohrad តំបន់រដ្ឋធានីកៀវ តំបន់ Vinnytsia និងតំបន់ Zaporizhzhia។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបំផ្លាញដ្រូនអ៊ុយក្រែន ៥ គ្រឿងនៅក្នុងតំបន់ Krasnodar នៅភាគនិរតីប្រទេស។
ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីក៏បានបាញ់ទម្លាក់មីស៊ីលកលយុទ្ធ ៨ គ្រាប់ផងដែរនៅពីលើសមុទ្រ Azov និងដ្រូន ៨ គ្រឿងនៅជិតឧបទ្វីបគ្រីមា (Crimea) ដែលរុស្ស៊ីត្រួតត្រា។ ដ្រូនសមុទ្ររបស់អ៊ុយក្រែនពីរគ្រឿងដែលបានបាញ់សំដៅលើតំបន់ Crimea ត្រូវបានបាញ់កម្ទេចនៅសមុទ្រខ្មៅ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី។
បណ្ដារដ្ឋមន្ត្រីការបរទេសអង្គការអូតង់ (NATO) គ្រោងនឹងពិភាក្សាអំពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលពួកគេជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះនិងថ្ងៃសុក្រស្អែកនៅក្នុងទីក្រុងប្រាកនៃប្រទេសឆែកមុនកិច្ចប្រជុំរបស់អង្គការអូតង់ដែលរៀបចំដោយសហរដ្ឋអាមេរិកចូលមកដល់នៅខែកក្កដាខាងមុខ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters។
វេទិកាបញ្ចេញមតិ