យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ីដែលបានបាញ់សំដៅលើតំបន់នានានៅភាគខាងលិច កណ្ដាល និងខាងត្បូងនៃប្រទេសអ៊ុយក្រែន រីឯមីស៊ីលរបស់រុស្ស៊ីវិញបានសម្លាប់មនុស្សយ៉ាងតិច ២ នាក់នៅក្នុងតំបន់ Sumy។
កងទ័ពជើងអាកាសអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣ គ្រឿងក្នុងចំណោម ១៤ គ្រឿងដែលរុស្ស៊ីបានប្រើនៅក្នុងការវាយប្រហារកាលពីយប់មិញលើតំបន់ Mykolaiv តំបន់ Kirovohrad និងតំបន់ Rivne។
អភិបាលតំបន់ Mykolaiv លោក Vitaliy Kim បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន ១១ គ្រឿងនៅក្នុងតំបន់របស់លោក។ លោកមិនបានបញ្ជាក់ថាមានការខូចខាតឬរងរបួសណាមួយដោយសារដ្រូននេះទេ។
ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងនៅថ្ងៃពុធនេះថា ខ្លួនបានបាញ់ទម្លាក់ដ្រូនសមុទ្រពីរគ្រឿងដែលបាញ់ឆ្ពោះមកកាន់ឧបទ្វីបគ្រីមា (Crimea) ក៏ដូចជាដ្រូនបាញ់ពីអាកាសមួយគ្រឿងនិងរ៉ុក្កែត ៧ គ្រាប់លើតំបន់ Belgorod នៅជាប់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន។
លោក Veniamin Kondratyev អភិបាលតំបន់ Krasnodar នៃប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនមួយគ្រឿងលើទីក្រុង Armavir។
ទាក់ទិននឹងរឿងដាច់ដោយឡែកមួយទៀត នៅថ្ងៃពុធនេះ ប្រទេសស៊ុយអែតបានប្រកាសផ្ដល់ជំនួយយោធាចំនួន ១,២ ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងយន្តហោះបញ្ជាការប្រើរ៉ាដាឈ្លបយកការណ៍ គ្រាប់កាំភ្លើងធំ និងរថពាសដែកផងដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់សារជាថ្មីកាលពីថ្ងៃអង្គារថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គួរតែចូលរួមនៅក្នុងកិច្ចប្រជុំអំពីសន្តិភាពនៅក្នុងប្រទេសស្វីសនៅខែក្រោយដើម្បីបញ្ជូនសារទៅប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំផ្សេងទៀតនៅលើពិភពលោក។
នៅក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយនឹងនាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Alexander De Croo នៅក្នុងប្រទេសបែលហ្ស៊ិក លោក Zelenskyy បាននិយាយថា កិច្ចប្រជុំសន្តិភាពដែលធ្វើឡើងពីថ្ងៃទី១៥ ដល់ទី១៦ ខែមិថុនាខាងមុខនេះនឹងត្រូវ «រៀបចំដោយពិភពលោកទាំងមូល» ហើយមេដឹកនាំនានានឹងសម្លឹងមើលលើការឆ្លើយតបរបស់សហរដ្ឋអាមេរិក៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AFP។
វេទិកាបញ្ចេញមតិ