ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្របានជំរុញសម្ព័ន្ធមិត្តលោកខាងលិចឱ្យអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធរយៈចម្ងាយឆ្ងាយសម្រាប់វាយប្រហារចូលទឹកដីរុស្ស៊ី ស្របពេលដែលសហរដ្ឋអាមេរិកប្តេជ្ញាផ្តល់ជំនួយសព្វាវុធបន្ថែមដែលមានទឹកប្រាក់ ២៥០ លានដុល្លារដល់អ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Zelenskyy បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការជួបជុំជាប្រចាំរបស់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនដែលរៀបចំដោយសហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ហើយបានព្យាយាមបង្ហាញថាជម្រើសវាយប្រហាររយៈចម្ងាយឆ្ងាយគឺជាវិធីមួយទៀតដើម្បីដាក់សម្ពាធឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមដែលអូសបន្លាយពេល ២ ឆ្នាំកន្លះមកហើយនេះ។
លោក Zelenskyy បានថ្លែងក្នុងគ្រាដែលមានហានិភ័យខ្ពស់សម្រាប់កងកម្លាំងអ៊ុយក្រែន ដែលបានវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលចូលក្នុងតំបន់ Kursk របស់រុស្ស៊ី នៅស្របពេលដែលកងកម្លាំងរុស្ស៊ីផ្តោតលើការដណ្ដើមកាន់កាប់ទីក្រុង Pokrovsk នៅប៉ែកខាងកើតអ៊ុយក្រែន ដែលជាកន្លែងស្តុកភស្តុភារនិងសម្ភារសឹករបស់អ៊ុយក្រែន។
លោក Zelenskyy បានថ្លែងថា៖ «យើងចាំបាច់ត្រូវមានសមត្ថភាពប្រើអាវុធរយៈចម្ងាយឆ្ងាយនេះមិនត្រឹមតែលើទឹកដីដែលរុស្ស៊ីត្រួតត្រាក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើទឹកដីរបស់រុស្ស៊ីទៀតផង ដើម្បីឱ្យរុស្ស៊ីស្វះស្វែងរកសន្តិភាព»។
លោក Zelenskyy បាននិយាយសំដៅដល់ប្រទេសសម្ព័ន្ធមិត្តដែលបានផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយជាយូរមកហើយ តែគេប្រាប់លោកថាអ៊ុយក្រែនមិនអាចប្រើអាវុធទាំងនេះចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីបានទេដោយសារខ្លាចឆ្លងផុត «បន្ទាត់ក្រហម» ដែលប្រធានាធិបតីរុស្សីលោក Vladimir Putin បានកំណត់៕