ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ចង់​ឱ្យ​មាន​កិច្ច​ប្រជុំ​អំពី​សន្តិភាព​នៅ​ត្រឹម​ចុង​ខែ​កុម្ភៈ​ខាង​មុខ


រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Associated Press នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Associated Press នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​របស់​លោក​មាន​បំណង​ចង់​ឱ្យ​មាន​កិច្ច​ប្រជុំ​អំពី​សន្តិភាព​នៅ​ត្រឹម​ចុង​ខែ​កុម្ភៈ​ខាង​មុខ គឺ​អំឡុង​ខួប​ ១ ​ឆ្នាំ​នៃ​សង្គ្រាម​ឈ្លាន​ពានដោយ​រុស្ស៊ី​នេះ។ ហើយ​ប្រសិនបើ​អាច លោក​ចង់​ឱ្យ​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ឯ​អង្គការ​សហប្រជាជាតិ​ដោយ​មាន​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ធ្វើ​ជា​អ្នក​សម្របសម្រួល។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ប៉ុន្តែ លោក Kuleba បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP ថា ប្រទេស​រុស្ស៊ី​អាច​ត្រូវ​បាន​អញ្ជើញ​ឱ្យ​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អំពី​សន្តិភាព​នេះ​ តែ​ក្នុង​ករណី​ដែល​ប្រទេស​នេះ​ប្រឈម​នឹង​ការ​កាត់ទោស​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជា​មុន​សិន​តែ​ប៉ុណ្ណោះ។

លោក Kuleba ក៏​បាន​និយាយ​ផង​ដែរ​ថា៖ «លោក​ពេញចិត្ត​យ៉ាង​ខ្លាំង» ជាមួយ​នឹង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ទៅ​កាន់​សហរដ្ឋ​អាមេរិក​កាលពី​សប្ដាហ៍​មុន។ ហើយ​លោក​បាន​បង្ហាញ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​ផែនការ​ពិសេស​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​បាញ់​មីស៊ីល Patriot មាន​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​ដំណើរការ​បាន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​រយៈពេល​តិច​ជាង ៦ ខែ។ ជា​ទូទៅ ការ​បណ្ដុះបណ្ដាល​អំពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ចំណាយ​ពេល​រហូត​ដល់​ទៅ​មួយ​ឆ្នាំ។

លោក Kuleba បាន​លើកឡើង​នៅ​ក្នុង​អំឡុង​ពេល​កិច្ច​សម្ភាសន៍​នៅ​ឯ​ក្រសួង​ការបរទេស​អ៊ុយក្រែន​ថា ប្រទេស​អ៊ុយក្រែន​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​អាច​ធ្វើ​បាន​ដើម្បី​ឈ្នះ​សង្គ្រាម​នេះ​នៅ​ឆ្នាំ ២០២៣ ខាង​មុខ ហើយ​លោក​បាន​បន្ថែម​ថា ការទូត​តែងតែ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​រឿង​នេះ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «គ្រប់​សង្គ្រាម​ទាំង​អស់​បញ្ចប់​តាម​វិធី​ការទូត។ គ្រប់​សង្គ្រាម​ទាំង​អស់​បញ្ចប់​ដោយសារ​សកម្មភាព​ដែល​ធ្វើ​ឡើង​នៅ​សមរភូមិ​និង​នៅ​តុ​ចរចា»។

លោក Kuleba និយាយ​ថា រដ្ឋាភិបាល​អ៊ុយក្រែន​ចង់​ឱ្យ​មាន​កិច្ច​ប្រជុំ​អំពី​សន្តិភាព​នៅ​ត្រឹម​ចុង​ខែ​កុម្ភៈ​ខាង​មុខ។

កាលពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ លោក Zelenskyy បាន​និយាយ​ថា អ៊ុយក្រែន​មាន​ផែនការ​ផ្ដួចផ្ដើម​ឱ្យ​មាន​កិច្ច​ប្រជុំ​មួយ​ដើម្បី​អនុវត្ត​រូបមន្ត​សន្តិភាព​របស់​អ៊ុយក្រែន​នៅ​ឆ្នាំ ២០២៣ ខាង​មុខ។

នៅ​ក្នុង​សារ​មួយ​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​លើ​ទូរទស្សន៍​រដ្ឋ​របស់​រុស្ស៊ី ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​អះអាង​ថា ប្រទេស​របស់​លោក​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​បាន​បញ្ជាក់​ថា ​អ៊ុយក្រែន​គឺ​ជា​អ្នក​ដែល​បដិសេធ​មិន​ចង់​ដើរ​ជំហាន​នេះ។

បើ​ទោះបីជា​លោក Putin បាន​លើកឡើង​ដូច​នេះ​ក៏ដោយ ក៏​កងទ័ព​រុស្ស៊ី​បាន​រក្សា​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន​ដដែល ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ សន្តិភាព​គឺ​មិន​អាច​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទេ៕

XS
SM
MD
LG