ការវាយប្រហារតាមអាកាសនៅពេលថ្មីៗនេះបានដៅលើរដ្ឋធានីកៀវក្នុងកាលពីប៉ុន្មានម៉ោងនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីការប្រារព្ធទិវាបុណ្យចូលឆ្នាំថ្មីដែលត្រូវបានកត់សម្គាល់ដោយការវាយប្រហាររាប់សិបដងរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៤នាក់នៅក្នុងរដ្ឋធានី និងទីក្រុងផ្សេងៗទៀតនៅក្នុងប្រទេសអ៊ុយក្រែននោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋធានីនៃប្រទេសអ៊ុយក្រែននិងទីក្រុងផ្សេងៗទៀតបានស្ថិតនៅក្រោមការវាយប្រហារពីកាំជ្រួចមីស៊ីល និងយន្តហោះដ្រូនគ្មានមនុស្សបើក ដែលធ្វើនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ដែលបានសម្លាប់មនុស្ស៣នាក់ ហើយការវាយប្រហារថ្មីមួយកាលពីថ្ងៃអាទិត្យម្សិលមិញ ក៏បានសម្លាប់មនុស្សម្នាក់នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងផងដែរ។
រដ្ឋធានីកៀវជាថ្មីម្តងទៀត បានញ័ររញ្ជួយដោយការវាយប្រហារតាមអាកាសនៅព្រឹកថ្ងៃចន្ទនេះ ដោយរដ្ឋបាលយោធារបស់ទីក្រុងនោះ បានបញ្ជាឱ្យពួកអ្នកស្រុករត់រកកន្លែងពួននៅកន្លែងការពារគ្រាប់បែកក្រោយម៉ោង១ទាបភ្លឺបន្តិច។
រដ្ឋបាលយោធាអ៊ុយក្រែនបានប្រកាសសារនៅតាមតេឡេក្រាមថា «ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនកំពុងដំណើរការចាប់សញ្ញានៃការវាយប្រហារ។ រហូតមកដល់ខណៈនេះ ការវាយប្រហារតាមអាកាសចំនួន ១៦ គោលដៅ ត្រូវបានបាញ់ទម្លាក់រួចហើយនៅលើរដ្ឋធានីកៀវ»។ ការប្រកាសអាសន្ននៃការវាយប្រហារតាមអាកាសក៏បានបន្តទៀតថា «សូមពលរដ្ឋស្ថិតនៅក្នុងកន្លែងមានសុវត្ថិភាព»។
លោកអភិបាលក្រុង Vitali Klitschko រាយការណ៍ពីការផ្ទុះនៅសង្កាត់ Desnyanskyi ភាគឥសាន្តរដ្ឋធានីកៀវ ហើយលោកបាននិយាយទៀតថា សេវាកម្មគ្រាអាសន្នត្រូវបានដាក់ពង្រាយ។
លោក Mykhailo Podolyak ជាទីប្រឹក្សាលោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីក្នុងឱកាសបុណ្យចូលឆ្នាំបានសំដៅលើតំបន់នានានៅកណ្តាលក្រុងក្នុងទីក្រុងធំៗ៕