ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ប្រកាស​កាន់ទុក្ខ​មួយ​ថ្ងៃ​នៅ​តំបន់ Odesa បន្ទាប់ពី​រុស្ស៊ី​វាយ​ប្រហារ​ដ៏​ប្រល័យ


អគារមួយ​ត្រូវបាន​ឆេះ​នៅ​ក្នុង​ទីក្រុង​ Odessa ប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទិ​២៩ មេសា ឆ្នាំ២០២៤។(AP Photo/Victor Sajenko)
អគារមួយ​ត្រូវបាន​ឆេះ​នៅ​ក្នុង​ទីក្រុង​ Odessa ប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទិ​២៩ មេសា ឆ្នាំ២០២៤។(AP Photo/Victor Sajenko)

អភិបាល​តំបន់ Odesa នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​បាន​ប្រកាស​កាន់ទុក្ខ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​បាន​សម្លាប់​មនុស្ស ៤ នាក់​ស្លាប់ និង​បង្ក​របួសជាង ២០ នាក់​ទៀត​។

លោក​អភិបាល Oleh Kiper បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នេះ​បាន​ប៉ះ​ចំ​ផ្នែក​ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយ​នៃ​ទីក្រុង Odesa ដែល​នៅ​ទីនោះ​អ្នក​ស្រុក​និង​ទេសចរ​ដើរ​កម្សាន្ត​និង​លេង​កីឡា។ លោក Kiper បាន​បន្ថែម​ថា មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់​បន្ទាប់ពី​បាន​រងគ្រោះ​ដោយសារ​ការ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ដែល​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នេះ។

នៅ​ក្នុង​សុន្ទរកថា​ជា​វីដេអូ​កាលពី​យប់​ថ្ងៃ​ចន្ទ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ចូលរួម​រំលែកទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នក​ស្លាប់​និង​បាន​និយាយ​ថា​អ្នក​រងរបួស​កំពុង​ទទួល​បាន​ការ​ព្យាបាល។

អភិបាល​តំបន់ Kharkiv នៃ​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ទីរួម​តំបន់​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ម្នាក់​និង​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​នាក់​ទៀត​រង​របួស។

អភិបាល​តំបន់ Dnipropetrovsk បាន​និយាយ​ថា ផ្ទះ​ពីរ​ខ្នង​បាន​រង​ការ​ខូចខាត​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់ផ្លោង​និង​ដ្រូន​របស់​រុស្ស៊ី ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​រង​របួស​ទេ។

លោក Zelenskyy បាន​បញ្ជាក់​ជាថ្មី​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ​អំពី​ការ​អំពាវនាវ​របស់​លោក​ឱ្យ​សម្ព័ន្ធមិត្ត​ផ្ដល់​សព្វាវុធ​ឱ្យ​អ៊ុយក្រែន​ជា​បន្ទាន់។

លោក Zelenskyy បាន​បន្ថែម​ថា លោក​បាន​ពិភាក្សា​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​នឹង​អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg អំពី​សារៈសំខាន់​នៃ​ការ​ផ្ដល់​សព្វាវុធ​ទាន់​ពេល​វេលា​ដល់​អ៊ុយក្រែន។

ក្នុង​អំឡុង​ទស្សនកិច្ច​ក្នុង​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន លោក Stoltenberg បាន​និយាយ​ថា ជំនួយ​កំពុង​ត្រូវបាន​ផ្ដល់​ឱ្យ​អ៊ុយក្រែន​ដើម្បី​ជួយ​ដល់​ការ​ធ្វើ​សង្គ្រាម​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី និង​ថា​សម្ព័ន្ធមិត្ត «កំពុង​ធ្វើការ​ខ្លាំងក្លា​ដើម្បី​បំពេញ​តាម​តម្រូវការ​បន្ទាន់​របស់​អ៊ុយក្រែន»៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។



វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG