ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន បន្ទោស​រុស្ស៊ី​ចំពោះ​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ


អេក្រង់​កុំព្យូទ័រ​យួរដៃ បង្ហាញ​សារ​ព្រមាន​ជា​ភាសា​អ៊ុយក្រែន រុស្សី និង​ប៉ូឡូញ ដែល​បង្ហាញ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងកា​របរទេស​អ៊ុយក្រែន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បន្ទាប់ពី​ការវាយ​ប្រហារ​តាម​អ៊ីនធឺណិត​ដ៏ធំ។
អេក្រង់​កុំព្យូទ័រ​យួរដៃ បង្ហាញ​សារ​ព្រមាន​ជា​ភាសា​អ៊ុយក្រែន រុស្សី និង​ប៉ូឡូញ ដែល​បង្ហាញ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងកា​របរទេស​អ៊ុយក្រែន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បន្ទាប់ពី​ការវាយ​ប្រហារ​តាម​អ៊ីនធឺណិត​ដ៏ធំ។

ប្រទេស​អ៊ុយក្រែន ​កាលពី​ថ្ងៃ​អាទិត្យ បាន​ស្តីបន្ទោស​ប្រទេស​រុស្ស៊ី​ចំពោះ​ការ​វាយប្រហារ​លើ​គេហទំព័រ​ទាំងឡាយ​របស់​រដ្ឋាភិបាល ដោយ​បាន​អះអាង​ថា វា​ជា​ផ្នែក​មួយ​នៃ​«យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​តាម​ប្រព័ន្ធ​កុំព្យូទ័រ​»​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ប្រឆាំង​នឹង​អ៊ុយក្រែន​ដែល​ជាសមាជិកនៃអតីត​សាធារណ​រដ្ឋ​សូវៀត។

ដោយ​រុស្ស៊ី​បាន​ដាក់​ពង្រាយ​យោធា​ចំនួន១សែន​នាក់​រួច​ហើយ​នៅ​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាង​កើត​របស់​អ៊ុយក្រែន ក្រុម​មន្ត្រី​អ៊ុយក្រែន បាន​និយាយ​ថា «ភ័ស្តុតាង​ទាំង​អស់​បង្ហាញ​ថា រុស្ស៊ី ស្ថិត​នៅ​ខាង​ក្រោយ​នៃ​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នេះ»។

«រដ្ឋាភិបាល​ក្រុង​មូស្គូ បន្ត​ធ្វើ​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ ហើយ​កំពុង​បង្កើន​កម្លាំង​របស់​ខ្លួន​យ៉ាង​សកម្ម​នូវនៅ​ក្នុង​ផ្នែក​ព័ត៌មាន​ និង​ប្រព័ន្ធ​កុំព្យូទ័រ»។ នេះ​ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​រៀបចំ​ផែនការ​ឌីជីថល​នៃប្រទេស​អ៊ុយក្រែន បន្ទាប់ពី​ក្រុមហ៊ុន Microsoft បាន​និយាយ​ថា ប្រព័ន្ធ​កុំព្យូទ័រ​រាប់​សិប​របស់​ទីភ្នាក់ងារ​រដ្ឋាភិបាល​អ៊ុយក្រែន​ជាច្រើន បាន​រង​ផលប៉ះពាល់ដោយ​កម្មវិធី Malware ដែល​ក្លែង​បន្លំ​ជា​កម្មវិធី​ជម្រិត​ប្រាក់ Ransomware។

រុស្ស៊ី​ បាន​បដិសេធ​ម្តងហើយ​ម្តង​ទៀត​ពី​ការចោទប្រកាន់​របស់​អ៊ុយក្រែន​អំពី​ការលួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​នេះ។

ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ កើត​ឡើង​នៅពេល​មាន​ការគំរាម​កំហែង​នៃ​ការឈ្លាន​ពាន​របស់​រុស្ស៊ី ៨ឆ្នាំ​ ក្រោយពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​ បាន​កាន់កាប់​ឧបទ្វីប Crimea របស់​អ៊ុយក្រែន។

ការចរចា​ខាង​ការទូត​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​មុខ​ដាក់គ្នា​យ៉ាង​តានតឹង​នេះ​ ទំនង​ជា​ជាប់គាំង​បន្ទាប់ពី​ជំនួប​ជា​ច្រើន​លើក​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ព្រុចសែល និង​វីយែន​កាលពី​សប្តាហ៍​មុន​ដែល​មិន​បាន​នាំឲ្យ​មាន​ដំណោះស្រាយ​ណាមួយ​នោះ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan បាន​ប្រាប់​កម្មវិធី «Face the Nation» នៃ​បណ្តាញ​ទូរទស្សន៍ CBS ថា សហរដ្ឋ​អាមេរិក នៅតែ​ប្រុងប្រៀប​រៀបចំ​ខ្លួន​ដើម្បី​បន្ត​ការចរចា​ខាង​ការទូត​ជាមួយ​រុស្ស៊ី​អំពី​ការ​ដាក់ពង្រាយ​កងទ័ព​របស់​ខ្លួន ក៏ប៉ុន្តែ នឹង​ឆ្លើយតប​ដោយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ ប្រសិន​បើលោកប្រធានាធិបតី Vladimir Putin ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​នោះ។

ក្រុមហ៊ុន Microsoft បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា ខ្លួនបាន​រកឃើញ​កម្មវិធី Malware កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជួន​គ្នា​ជាមួយ​នឹង​ការវាយ​ប្រហារ​ដែល​បាន​កើត​មាន​ឡើង​ដំណាល​គ្នា​នៅលើ​ប្រព័ន្ធ​គេហទំព័រ​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​ប្រហែល ៧០៕

ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press Agenceនិង Reuters។

XS
SM
MD
LG