ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចរចា​រវាង​អូតង់​និង​រុស្ស៊ី​ផ្តោត​លើ​ជម្លោះ​នៅ​បណ្តោយ​ព្រំដែន​ជាមួយ​អ៊ុយក្រែន


អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី Wendy Sherman ត្រូវ​បាន​ស្វាគមន៍​ដោយ​​លោក​ស្រី Delphine Pronk ប្រធាន​គណៈកម្មាធិការ​នយោបាយ​និង​សន្តិសុខ​អឺរ៉ុប​ មុន​ជំនួប​មួយ​នៅ​ក្រុមប្រឹក្សា​អឺរ៉ុប​ក្នុង​ក្រុង​ព្រុ​ចសែល កាល​ពី​ថ្ងទី​១១ ខែ​មករា ឆ្នាំ​២០២២។ (AP)
អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី Wendy Sherman ត្រូវ​បាន​ស្វាគមន៍​ដោយ​​លោក​ស្រី Delphine Pronk ប្រធាន​គណៈកម្មាធិការ​នយោបាយ​និង​សន្តិសុខ​អឺរ៉ុប​ មុន​ជំនួប​មួយ​នៅ​ក្រុមប្រឹក្សា​អឺរ៉ុប​ក្នុង​ក្រុង​ព្រុ​ចសែល កាល​ពី​ថ្ងទី​១១ ខែ​មករា ឆ្នាំ​២០២២។ (AP)

ប្រទេស​រុស្ស៊ី​និង​អង្គការ​អូតង់ កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​ទីក្រុង​ព្រុចសែល (Brussels) ដោយ​ផ្តោតលើ​ការ​កាត់បន្ថយ​ការ​តានតឹង​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែន។

អង្គការ​អូតង់ បាន​ប្រឆាំង​ជំទាស់​ការ​ដាក់ពង្រាយ​កងទ័ព​រុស្ស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​អ៊ុយក្រែន ដោយ​និយាយ​ថា ទង្វើ​នេះ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​នៅ​អឺរ៉ុប។ រុស្ស៊ី​កំពុង​ចង់​បាន​ការ​ធានា​ផ្នែក​សន្តិសុខ​ដូច​ជា​ការ​កម្រិត​ការពង្រីក​សម្ព័ន្ធភាព​នៃ​អង្គការ​អូតង់​ដែល​មាន​សមាជិក​៣០​ប្រទេស ដោយ​ជជែក​ឲ្យ​ហេតុផល​ថា ការ​ដាក់​បញ្ចូល​ប្រទេស​មួយ​ដូចជា​អ៊ុយក្រែន​ដែល​មាន​ព្រំដែន​ជាប់​នឹង​ខ្លួន​ជា​ការគំរាម​កំហែង​មួយ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​អូតង់​លោក​ស្រី Julianne Smith បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មានមុន​ការចរចា​នៅ​ថ្ងៃ​ពុធ​នេះ​ថា ភាគីអូតង់​តាំងចិត្ត​ចង់​ឃើញថា​វិស័យ​ការទូត​អាច​កាត់​បន្ថយ​ការ​តានតឹង ហើយ​ថា ការ​ពិភាក្សា​ទាំង​មូលគឺ​អំពី​«ការកាត់​បន្ថយ​ហានិភ័យ តម្លាភាព ការ​ត្រួតត្រា​អាវុធ​និង​វិធី​ទាក់ទង​គ្នាផ្សេងៗ​ទៀត»។

លោក​ស្រី Smith បាន​បញ្ជាក់​ពី​សាមគ្គីភាព​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​អ៊ុយក្រែន ដោយ​បាន​បន្ថែម​ថា៖ «សកម្មភាព​របស់​រុស្ស៊ី បាន​ធ្វើ​ឲ្យ​មាន​វិបត្តិ​នេះ» ហើយ​អង្គការ​អូតង់​បាន​ប្រុងប្រៀប​ជាស្រេច​ហើយ​ដើម្បី​រារាំង​ភាព​គគ្លើន​តទៅ​ទៀត​របស់​រុស្ស៊ី។

លោក​ស្រី Smith មាន​ប្រសាសន៍​ទៀត​ថា៖ «បើ​រុស្ស៊ី​ដើរ​តាម​មាគ៌ា​នៃ​ការប្រឈម​មុខ​ដាក់​គ្នា​និង​ចំណាត់ការ​ខាង​យោធា យើង​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ហើយ​ថា យើង​នឹង​ឆ្លើយតបយ៉ាង​ខ្លាំង រួម​ទាំង​ជាមួយ​ការ​ប្រើប្រាស់​វិធានការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​សំខាន់ៗ។ ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត យើង​បាន​ប្រុងប្រៀប​ពង្រឹង​ការការពារ​របស់​អង្គការ​អូតង់​នៅ​ព្រំដែន​ផ្នែក​ខាង​កើត ហើយ​យើង​បាន​ប្រុងប្រៀប​ដាក់​ទណ្ឌកម្ម​ដែល​ធ្វើ​ឲ្យ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​គគ្លើន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

ជំនួប​នៅ​ថ្ងៃ​ពុធ​នេះ គឺ​ជា​លើក​ទី២​នៃ​ឱកាស​៣​នៅ​សប្តាហ៍​នេះ​សម្រាប់​ពួក​អ្នក​ការទូត​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​ដើម្បី​និយាយ​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​មន្ត្រី​រុស្ស៊ី​អំពី​ស្ថានភាព​ជាមួយ​អ៊ុយក្រែន។ អង្គការ​សម្រាប់​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុង​វីយែន​ប្រទេស​អូទ្រីស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG